ប្រធានាធិបតីកូរ៉េខាងត្បូង បញ្ជាឱ្យចាត់វិធានការអស់ពីសមត្ថភាព ដើម្បីឆ្លើយតបនឹងបញ្ហារលកកម្តៅ (Video inside)

06-08-2026 15:58

(សេអ៊ូល)៖ រលកកម្ដៅក្នុងប្រទេសកូរ៉េខាងត្បូង អាចនឹងឡើងដល់កម្រិតខ្ពស់បំផុត សម្រាប់ទីក្រុងសេអ៊ូល នាថ្ងៃព្រហស្បតិ៍ ថ្ងៃទី៦ ខែសីហា ដោយសីតុណ្ហភាពត្រូវបានព្យាករថានឹងកើនដល់ ៣៩អង្សាសេ ស្របពេលអាកាសធាតុក្តៅខ្លាំង បណ្តាលឱ្យមនុស្សច្រើនជាង ២០នាក់បាត់បង់ជីវិតរួចទៅហើយ។ នេះបើយោងតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuter។

លោកប្រធានាធិបតី Lee Jae Myung បានបញ្ជាឱ្យក្រសួងនានា និងអាជ្ញាធរមូលដ្ឋាន ប្រមូលផ្តុំបុគ្គលិក និងធនធានផ្សេងៗដែលមានទាំងអស់ មកដោះស្រាយបញ្ហា រហូតទាល់តែរលកកម្ដៅថយចុះ ដោយសង្កត់ធ្ងន់លើការការពារអាយុជីវិត និងសុវត្ថិភាព ពង្រឹងវិធានការការពារពលរដ្ឋងាយរងគ្រោះ និងអនុវត្តឱ្យបានតឹងរ៉ឹងពាក់ព័ន្ធការឈប់សម្រាករបស់កម្មករ ដែលត្រូវធ្វើការនៅខាងក្រៅអគារ អំឡុងពេលថ្ងៃក្តៅខ្លាំង។

ប្រសិនបើដូចការព្យាករ ទីក្រុងសេអ៊ូល នឹងមានសីតុណ្ហភាពខ្ពស់បំផុត ដូចកម្រិតដែលធ្លាប់កត់ត្រាទុក គឺ ៣៩,៦អង្សាសេ កាលពីខែសីហា ឆ្នាំ២០១៨ អំឡុងពេលនៃរលកកម្ដៅជាប្រវត្តិសាស្ត្រ។ អ្នកជំនាញឧតុនិយមនិយាយថា ទោះជាព្យុះទីហ្វុង Dolphin មិនបង្កការគំរាមកំហែងផ្ទាល់ដល់កូរ៉េខាងត្បូង ប៉ុន្តែវាអាចជាកត្តាមួយដែលរួមចំណែក ធ្វើឱ្យអាកាសធាតុក្តៅខ្លាំង។

ទីភ្នាក់ងារឧតុនិយមកូរ៉េខាងត្បូង (KMA) បានឱ្យដឹងថា ព្យុះ Dolphin បានជួយពង្រឹងកម្លាំងខ្យល់បក់ពីទិសខាងកើត ដែលឆ្លងកាត់តំបន់ជួរភ្នំនៃឧបទ្វីបកូរ៉េ ហើយធ្លាក់ចុះមកកាន់តំបន់ភាគខាងលិច ក្នុងទម្រង់ជាខ្យល់ក្តៅហើយស្ងួត ដែលធ្វើឱ្យកម្តៅក្នុងទីក្រុងសេអ៊ូល និងតំបន់ផ្សេងទៀតកើនឡើងខ្លាំង៕