រដ្ឋមន្ត្រីការពារជាតិជប៉ុន៖ កិច្ចសហប្រតិបត្តិការជាមួយអាមេរិកនិងកូរ៉េខាងត្បូង មានសារសំខាន់ជាខ្លាំងសម្រាប់សន្តិសុខក្នុងតំបន់ (Video inside)

18-08-2026 15:40

(ស៊ីដនី)៖ រដ្ឋមន្ត្រីការពារជាតិជប៉ុន លោក Shinjiro Koizumi នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦ បាននិយាយថា កិច្ចសហប្រតិបត្តិការជាមួយកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក គឺមានសារសំខាន់ជាខ្លាំង សម្រាប់សន្តិសុខក្នុងតំបន់ បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានបង្កឱ្យមានមន្ទិលសង្ស័យនៅក្នុងតំបន់ប៉ាស៊ីហ្វិក ក្រោយលោកបញ្ជាឱ្យកាត់បន្ថយការធ្វើសមយុទ្ធយោធារួមគ្នា ជាមួយទីក្រុងសេអ៊ូល។ នេះបើតាមការចេញផ្សាយដោយ ទីភ្នាក់ងារព័ត៌មាន AFP។

ថ្លែងអំឡុងដំណើរទស្សនកិច្ចមកកាន់ប្រទេសអូស្ត្រាលី លោក Shinjiro Koizumi បានបង្ហាញការគាំទ្រយ៉ាងខ្លាំង ចំពោះកិច្ចសហប្រតិបត្តិការសន្តិសុខរួមគ្នា ជាមួយសហរដ្ឋអាមេរិក ដែលជាខ្នងបង្អែកការពារជាតិដ៏សំខាន់ ហើយនិងកូរ៉េខាងត្បូង ដែលជាប្រទេសជិតខាង។ លោក Koizumi បានប្រាប់ក្រុមអ្នកសារព័ត៌មានថា «ខណៈដែលជប៉ុនកំពុងប្រឈមមុខនឹង បរិយាកាសសន្តិសុខដ៏តានតឹងនិងស្មុគស្មាញបំផុត ក្នុងសម័យក្រោយសង្គ្រាមលោក កិច្ចសហប្រតិបត្តិការរវាងជប៉ុន សហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង គឺសំខាន់ខ្លាំងណាស់សម្រាប់សន្តិភាព និងស្ថិរភាពក្នុងតំបន់»

គួរបញ្ជាក់ថា កិច្ចប្រជុំជប៉ុន-អូស្ត្រាលី នៅទីក្រុងកង់បេរ៉ា កើតឡើងត្រឹមប៉ុន្មានម៉ោងប៉ុណ្ណោះ បន្ទាប់ពីលោក ត្រាំ បានលើកសរសើរទំនាក់ទំនងរបស់លោក ជាមួយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន ហើយបានរិះគន់កូរ៉េខាងត្បូង សម្រាប់ការមិនជួយទីក្រុងវ៉ាស៊ីនតោន ក្នុងសង្រ្គាមប្រឆាំងអ៉ីរ៉ង់។ ឆ្លើយតបនឹងការអត្ថាធិប្បាយរបស់លោក ត្រាំ រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលី លោក Richard Marles បាននិយាយថា ប្រទេសរបស់លោក មានការព្រួយបារម្ភយ៉ាងខ្លាំង ចំពោះកម្មវិធីនុយក្លេអ៊ែរនិងមីស៉ីលរបស់កូរ៉េខាងជើង ហើយទីក្រុងកង់បេរ៉ា បានបង្ហាញយ៉ាងច្បាស់ពីជំហរនេះជាបន្តបន្ទាប់៕