កាណាដា ត្រូវប្រឈមពន្ធគយ ៥០ភាគរយពីសហរដ្ឋអាមេរិក ចាប់ពីថ្ងៃពុធសប្តាហ៍នេះតទៅ (Video inside)
18-08-2026 16:56
(អូតាវ៉ា)៖ សប្តាហ៍នេះ កាណាដាត្រូវប្រឈមពន្ធគយថ្មីរបស់សហរដ្ឋអាមេរិក ក្នុងអត្រា ៥០ភាគរយ ដោយបើតាមអាជីវកម្មនានា ការងារក្នុងឧស្សាហកម្មមួយចំនួនដែលកំពុងជួបការលំបាកស្រាប់ អាចនឹងបាត់បង់ថែមទៀត ហើយបន្ថែមភាពស្មុគស្មាញដល់ កិច្ចចរចាលើអនាគតនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីតំបន់អាមេរិកខាងជើង។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន Reuters នាថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។
ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសពន្ធគយដែលនឹងចូលជាធរមាន ចាប់ពីថ្ងៃពុធតទៅ លើទំនិញនាំចូលជាច្រើ នរបស់កាណាដា រួមមានទាំងស្រាក្រហម គ្រឿងសង្ហារឹម ផលិតផលទឹកដោះគោ ស៊ីម៉ង់ សម្លៀកបំពាក់ ដងស្ទូចត្រី ឧបករណ៍កីឡាវាយកូនបាល់លើទឹកកក និងទំនិញមួយចំនួនទៀត។ ក្រោមមាត្រា ៣៣៩នៃច្បាប់អាមេរិក ក្នុងសម័យវិបត្តិសេដ្ឋកិច្ច ដែលគេហៅថា ច្បាប់ពន្ធគយឆ្នាំ១៩៣០ អនុញ្ញាតឱ្យប្រធានាធិបតីអាមេរិក ដាក់ពន្ធធ្ងន់រហូតដល់ ៥០ភាគរយ ប្រឆាំងដៃគូពាណិជ្ជកម្ម ដែលត្រូវបានចាត់ទុកថា រើសអើងចំពោះទំនិញអាមេរិក។
យោងតាមទិន្នន័យរបស់ការិយាល័យជំរឿនអាមេរិក ពន្ធគយនឹងគ្របដណ្តប់លើទំនិញកាណាដា ក្នុងតម្លៃជិត ២០ពាន់លានដុល្លារ ស្មើនឹងប្រហែល ៥,២ភាគរយនៃទំនិញតម្លៃ ៣៨៣ពាន់លានដុល្លារ ដែលសហរដ្ឋអាមេរិកនាំចូលពីកាណាដា ក្នុងឆ្នាំ២០២៥។ នៅពេលត្រូវបានសាកសួរអំពីអត្រាពន្ធគយថ្មី និងការរំពឹងទុកសម្រាប់កិច្ចព្រមព្រៀងមួយ លោកនាយករដ្ឋមន្ត្រី Mark Carney បាននិយាយថា លោករំពឹងថានឹងនិយាយជាមួយលោក ត្រាំ មុនថ្ងៃផុតកំណត់។
គួរបញ្ជាក់ថា វិស័យផលិតផលឈើ និងឧស្សាហកម្មស្រារបស់កាណាដា ដែលកំពុងជួបការលំបាក កើតចេញបញ្ហាភ្លើងឆេះព្រៃនៅភាគខាងលិចប្រទេស អាចរងផលប៉ះពាល់យ៉ាងខ្លាំងដោយពន្ធគយថ្មី៕







