លោក ឡាវរ៉ូវ អះអាងថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងប្រយុទ្ធដើម្បី «សណ្តាប់ធ្នាប់ពិភពលោកថ្មី» (Video inside)

18-08-2026 19:12

(សេអ៊ូល)៖ រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក សឺហ្គី ឡាវរ៉ូវ (Sergei Lavrov) បានប្រកាសថា រុស្ស៊ី និងកូរ៉េខាងជើង កំពុងធ្វើការរួមគ្នាដើម្បីបង្កើត «សណ្តាប់ធ្នាប់ពិភពលោកថ្មី និងយុត្តិធម៌» បន្ទាប់ពីទីក្រុងព្យុងយ៉ាងបានបញ្ជូនកងទ័ពជួយទីក្រុងមូស្គូ វាយបណ្តេញកងកម្លាំងអ៊ុយក្រែនចេញពីតំបន់ Kursk កាលពីឆ្នាំមុន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។

យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA លោក ឡាវរ៉ូវ បានផ្ញើសារទៅកាន់សមភាគីកូរ៉េខាងជើង ដោយកោតសរសើរការចូលរួមរបស់កងទ័ពកូរ៉េខាងជើង ថាជាភស្តុតាងនៃ «មិត្តភាពយោធាដ៏រឹងមាំ» ក្នុងការប្រយុទ្ធប្រឆាំងនឹងអ្វីដែលលោកហៅថា «ពួកណាស៊ីអ៊ុយក្រែន»។ គួររំលឹកថា កាលពីចុងឆ្នាំ២០២៤ កូរ៉េខាងជើងបានបញ្ជូនទាហានប្រមាណ ១៤,០០០នាក់ ទៅជួយរុស្ស៊ី ដែលធ្វើឱ្យលោក ពូទីន អាចប្រកាសជ័យជម្នះនៅតំបន់ Kursk ក្នុងខែឧសភា ឆ្នាំ២០២៥។

ការរឹតចំណងមិត្តភាពនេះ កំពុងបង្កក្តីបារម្ភយ៉ាងខ្លាំងដល់កូរ៉េខាងត្បូង និងលោកខាងលិច ដែលខ្លាចថាកូរ៉េខាងជើងនឹងទទួលបានបច្ចេកវិទ្យាអាវុធទំនើបពីរុស្ស៊ីជាការដោះដូរ។ ក្តីបារម្ភនេះកាន់តែធ្ងន់ធ្ងរ ក្រោយប្រធានាធិបតីអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡេនស្គី ទើបតែទម្លាយថា កូរ៉េខាងជើងគ្រោងបញ្ជូនទាហានរហូតដល់ ៥ម៉ឺននាក់បន្ថែមទៀតទៅរុស្ស៊ី ក្រៅពីការផ្គត់ផ្គង់គ្រាប់កាំភ្លើងធំ និងមីស៊ីលរាប់លានគ្រាប់ដែលកំពុងធ្វើរាល់ថ្ងៃនេះ៕