អ៉ីរ៉ង់៖ ច្រកសមុទ្រ Hormuz នឹងបន្តបិទ រហូតដល់សហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន (Video inside)
18-08-2026 20:03
(តេហេរ៉ង់)៖ ប្រទេសអ៉ីរ៉ង់បានប្រកាសថា ច្រកសមុទ្រ Hormuz នឹងនៅតែបន្តបិទ រហូតទាល់តែសហរដ្ឋអាមេរិកបំពេញតាមលក្ខខណ្ឌនៃកិច្ចព្រមព្រៀងបណ្តោះអាសន្ន ដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីខែមិថុនា។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។
ថ្លែងទៅកាន់សភា ប្រធានអ្នកចរចាកំពូលរបស់អ៉ីរ៉ង់ លោក Mohammad Baqer Qalibaf បានគូសបញ្ជាក់ថា លក្ខខណ្ឌទាំងនោះរួមមាន៖ ការដែលសហរដ្ឋអាមេរិកត្រូវដកការបិទខ្ទប់កំពង់ផែរបស់អ៉ីរ៉ង់, លុបចោលទណ្ឌកម្មប្រេង, ដោះលែងទ្រព្យសម្បត្តិដែលត្រូវបានបង្កករបស់ទីក្រុងតេហេរ៉ង់ ព្រមទាំងបញ្ឈប់ការគំរាមកំហែង និងប្រតិបត្តិការយោធានៅគ្រប់សមរភូមិទាំងអស់។
អនុស្សរណៈនៃការយោគយល់គ្នា (MoU) ដែលត្រូវបានសម្រេចកាលពីថ្ងៃទី១៧ ខែមិថុនា បានធ្លាក់ក្នុងភាពជាប់គាំងយ៉ាងឆាប់រហ័ស ជុំវិញជម្លោះលើការគ្រប់គ្រងច្រកសមុទ្រ Hormuz ដែលជាផ្លូវទឹកយុទ្ធសាស្ត្រដ៏ចង្អៀតមួយ ដែលធ្លាប់ជាផ្លូវដឹកជញ្ជូនប្រេង និងឧស្ម័នធម្មជាតិរាវប្រមាណ ១ភាគ៥ នៃទូទាំងពិភពលោកមុនពេលសង្រ្គាមផ្ទុះឡើង។
កាលពីថ្ងៃទី៧ ខែកក្កដា ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានលើកឡើងថាកិច្ចព្រមព្រៀងនេះត្រូវបាន «បញ្ចប់» ហើយមួយសប្តាហ៍ក្រោយមក ក្រសួងការបរទេសអ៉ីរ៉ង់ក៏បានប្រកាស «ព្យួរ» កិច្ចព្រមព្រៀងនេះផងដែរ។ នៅក្រោម MoU ខាងលើ អ៉ីរ៉ង់ និងសហរដ្ឋអាមេរិកបានប្តេជ្ញាចរចាលើកិច្ចព្រមព្រៀងចុងក្រោយមួយ ដែលគ្របដណ្តប់លើបញ្ហាទូលំទូលាយរួមទាំងកម្មវិធីនុយក្លេអ៊ែររបស់អ៉ីរ៉ង់ ក្នុងរយៈពេលយ៉ាងយូរ ៦០ថ្ងៃ។
គួរបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់អ៉ីរ៉ង់ម្នាក់បានប្រាប់ Reuters កាលពីថ្ងៃចន្ទថា អ៉ីរ៉ង់នឹងប្តូរទៅកាន់ជំហរ «វាយលុកពេញលេញ» ដោយសារតែកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតដើម្បីស្វែងរកការបញ្ចប់ជម្លោះជាអចិន្ត្រៃយ៍បានជាប់គាំង៕




