កម្មវិធី AI របស់យុវជនអេហ្ស៉ីបពិការភ្នែក ជួយឱ្យជនពិការភ្នែកដទៃទៀតអាច «មើលឃើញ» ពិភពលោកឡើងវិញ (Video inside)

18-08-2026 21:00

(គែរ)៖ ក្មេងស្រីសិស្សសាលាជនជាតិអេហ្ស៉ីបវ័យ ១៦ឆ្នាំម្នាក់ឈ្មោះ Karen Morad ដែលបានបាត់បង់គំហើញកាលពី ៥ឆ្នាំមុន បានមានអារម្មណ៍ថាខ្លួនអាចមើលឃើញពិភពលោកឡើងវិញ អំឡុងពេលវិស្សមកាលនៅប្រទេសកេនយ៉ាកាលពីខែមិថុនា ដោយសារតែកម្មវិធីបញ្ញាសិប្បនិម្មិត (AI) មួយដែលបង្កើតឡើងដោយបងប្រុសរបស់នាង ក្នុងការរៀបរាប់ទិដ្ឋភាពជុំវិញជាសំឡេងយ៉ាងក្បោះក្បាយ។ នេះបើតាមការចេញផ្សាយនៅថ្ងៃអង្គារ ទី១៨ ខែសីហា ឆ្នាំ២០២៦។

តាមរយៈការប្រើប្រាស់កម្មវិធីជំនួយដោយបច្ចេកវិទ្យា AI នេះដែលត្រូវបានភ្ជាប់ជាមួយវ៉ែនតា Meta យុវតី Karen អាចស្តាប់ឮការរៀបរាប់យ៉ាងលម្អិតអំពីសត្វព្រៃដែលនៅជុំវិញខ្លួន ចម្ងាយរវាងពួកវា និងសកម្មភាពដែលសត្វទាំងនោះកំពុងធ្វើ ដែលបានផ្តល់រូបភាពយ៉ាងពេញលេញឱ្យនាងអាចស្រមើស្រមៃឃើញទិដ្ឋភាព និងទទួលដឹងពីបរិយាកាសជុំវិញខ្លួនបានយ៉ាងច្បាស់។

យុវតី Karen បានគូសបញ្ជាក់ដូច្នេះថា «ខ្ញុំតែងតែគិតថារឿងនេះមិនអាចកើតឡើងនោះទេ ប៉ុន្តែវាបានកើតឡើងពិតមែន ហើយខ្ញុំពិតជាអាចមើលឃើញពិតប្រាកដ»។ កម្មវិធីនេះមានឈ្មោះថា ScribeMe ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ជនពិការភ្នែកទាំងស្រុង ហើយបច្ចុប្បន្នកំពុងត្រូវបានប្រើប្រាស់ដោយមនុស្សរាប់ពាន់នាក់នៅទូទាំង ១៤០ ប្រទេស។

គួរបញ្ជាក់ថា កម្មវិធី ScribeMe អាចទាញយក និងដំណើរការបាននៅលើទូរស័ព្ទ iPhone, ប្រព័ន្ធ Android ព្រមទាំងវ៉ែនតាឆ្លាតវៃ Meta ហើយត្រូវបានអភិវឌ្ឍឡើងដោយបងប្រុសរបស់នាង គឺយុវជន Mark វ័យ ២០ឆ្នាំ ដែលជាជនពិការភ្នែកម្នាក់ផងដែរ៕