ធនាគារជាតិនៃកម្ពុជា ប្រាប់ពលរដ្ឋឲ្យប្រុងប្រយ័ត្នខ្ពស់ ពីការឆបោកតាមកម្មវិធី PAI ឬ PaiPay
25-03-2026 17:24
(ភ្នំពេញ)៖ ធនាគារជាតិនៃកម្ពុជា បានប្រាប់ដល់ប្រជាពលរដ្ឋ ឲ្យមានការប្រុងប្រយ័ត្នខ្ពស់ អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្តាល ឱ្យប្រឈមនឹងហានិភ័យ ដោយប្រការណាមួយ តាមរយៈកម្មវិធី PAI ឬ PaiPay។
សេចក្តីប្រកាសព័ត៌មាន បានឲ្យដឹងថា នាពេលថ្មីៗនេះ ធនាគារជាតិនៃកម្ពុជា បានសង្កេតឃើញមានកម្មវិធី PAI ឬ PaiPay កំពុងដាក់ឱ្យដំណើរការ លើផ្លេតហ្វូមតេឡេក្រាម (Telegram) ដែលមានលក្ខណៈជា Chat Bot និងអាចទាញយកពី App Store និង Google Play Store ហើយកម្មវិធីនេះមានមុខងារបង្កើតគណនី (Wallet) ដាក់ប្រាក់ចូលគណនី ផ្ទេរប្រាក់ និង ទូទាត់សងប្រាក់ ដោយមិនមានការគ្រប់គ្រងត្រឹមត្រូវពីអាជ្ញាធរមានសមត្ថកិច្ច។
ទន្ទឹមនេះ ធនាគារជាតិ នៃកម្ពុជា ក៏បានសង្កេតឃើញអំពី ការផ្សព្វផ្សាយពាណិជ្ជកម្មកម្មវិធី PAI ឬ PaiPay តាមរយៈបណ្តាញ សង្គមតេឡេក្រាម និងនៅតាមទីតាំងមួយចំនួននៅក្នុងរាជធានីភ្នំពេញ និងខេត្តព្រះសីហនុផងដែរ។
ធនាគារជាតិនៃកម្ពុជា សូមបញ្ជាក់ថា កម្មវិធី PAI ឬ PaiPay ខាងលើនេះ ពុំមែនជាកម្មវិធីទូទាត់ចល័ត របស់គ្រឹះស្ថាន ដែលមានអាជ្ញាបណ្ណពីធនាគារជាតិនៃកម្ពុជានោះទេ។ អាស្រ័យហេតុនេះ សូមសាធារណជនមេត្តាជ្រាបជាព័ត៌មាន និងមានការប្រុងប្រយ័ត្នខ្ពស់ អំពីការឆបោកតាមប្រព័ន្ធអនឡាញ ដែលអាចបណ្តាល ឱ្យប្រឈមនឹងហានិភ័យ ដោយប្រការណាមួយ។
សម្រាប់ករណីនេះ ធនាគារជាតិនៃកម្ពុជា ក៏បាននិងកំពុងសហការ ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ដើម្បីចាត់វិធានការស្រាវជ្រាវ និងបង្ក្រាបការផ្សព្វផ្សាយ មិនស្របច្បាប់របស់កម្មវិធីមួយនេះផងដែរ៕





