អន្ទាក់មិនរើសមុខ៖ ពីក្មេងលេងហ្គេមដល់អ្នកមាន គ្មាននរណានៅក្រៅរង្វង់បោកប្រាស់ឡើយ បើស្មារតីយើងខ្សោយ!

25-03-2026 19:11

(ភ្នំពេញ)៖ លោក ផាន់ វណ្ណរ័ត្ន អគ្គព្រះរាជអាជ្ញារង នៃមហាអយ្យការអមតុលាការកំពូលកម្ពុជា បានបន្តបង្ហាញអត្ថបទរបស់លោកតាមរយៈអត្ថបទទី១៣ - វគ្គ ៣៖ ក្រោមប្រធានបទ «អន្ទាក់មិនរើសមុខ៖ ពីក្មេងលេងហ្គេមដល់អ្នកមាន គ្មាននរណានៅក្រៅរង្វង់បោកប្រាស់ឡើយ បើស្មារតីយើងខ្សោយ!»

ខាងក្រោមជា ខ្លឹមសារទាំងស្រុងរបស់លោក៖

បន្ទាប់ពីយើងបានលាតត្រដាងពីយុទ្ធសាស្ត្រ «ស្វាស៊ីបាយលាបមាត់ពពែ» របស់ភាគីថៃ រួចមក ថ្ងៃនេះយើងត្រូវត្រឡប់មកពង្រឹង «ខែលការពារ» ក្នុងផ្ទះយើងវិញ។ ក្នុងនាមខ្ញុំជាអ្នកច្បាប់ដែលធ្លាប់ឆ្លងកាត់ការងារស៊ើបអង្កេត និងតាមដានបទល្មើសបច្ចេកវិទ្យា ខ្ញុំចង់ជម្រាបថា៖ «ឧក្រិដ្ឋជនមិនដែលរើសមុខមាត់ ឋានៈ ឬអាយុឡើយ ដរាបណាពួកគេមើលឃើញឱកាស»

១. មេរៀនពីប្រទេសចិន៖ ក្មេងៗជាមុខសញ្ញា «នុយ» ងាយរងគ្រោះ នៅប្រទេសចិន មានករណីឆបោកដ៏ច្រើនលើសលប់បានកើតឡើងលើកុមារដែលចូលចិត្តលេងហ្គេមអនឡាញ៖

- ល្បិចបោក៖ ក្រុមឧក្រិដ្ឋជនបង្កើតតំណភ្ជាប់ (Link) ក្លែងក្លាយ សន្យាផ្តល់ «របស់របរក្នុងហ្គេម (Skins/Items)» ឬ «ពេជ្រ» ដោយឥតគិតថ្លៃ។ នៅពេលក្មេងៗចុចតំណភ្ជាប់នោះ ពួកគេនឹងត្រូវបានបញ្ជាឱ្យប្រើទូរស័ព្ទឪពុកម្តាយ ដើម្បីស្កេន QR Code ឬបញ្ចូលលេខសម្ងាត់ធនាគារ។
- មេរៀនសម្រាប់កម្ពុជា៖ កុំបណ្តោយឱ្យកូនតូចៗលេងទូរស័ព្ទដែលភ្ជាប់ជាមួយ App ធនាគារដោយគ្មានការត្រួតពិនិត្យ។ ការអប់រំក្មេងៗឱ្យស្គាល់ពី «តំណភ្ជាប់គ្រោះថ្នាក់» គឺជាកិច្ចការចម្បងរបស់អាណាព្យាបាលគ្រប់រូប។

២. យុទ្ធសាស្ត្របោកបញ្ឆោតគ្រប់ស្រទាប់វណ្ណៈ (Psychological Traps)
ផ្អែកលើបទពិសោធន៍ការងាររបស់ខ្ញុំ ឧក្រិដ្ឋជនប្រើចិត្តសាស្ត្រខុសៗគ្នាសម្រាប់មនុស្សម្នាក់ៗ៖
- អ្នកធំ និងអ្នកមាន៖ ប្រើល្បិច «គម្រោងវិនិយោគសម្ងាត់» ឬប្រើ AI Deepfake ក្លែងមុខមាត់ថ្នាក់ដឹកនាំជាន់ខ្ពស់តាមវីដេអូខល ដើម្បីបញ្ជាឱ្យផ្ទេរប្រាក់ក្នុងកិច្ចការបន្ទាន់។
- យុវជនរកការងារធ្វើ៖ ប្រើល្បិច «ការងារប្រាក់ខែខ្ពស់នៅថៃ/តាមព្រំដែន» ដែលចុងក្រោយក្លាយជាការជួញដូរមនុស្ស និងការបង្ខាំងធ្វើការខុសច្បាប់។
- មនុស្សចាស់៖ ប្រើល្បិច «បំភ័យ»។ អះអាងថាខ្លួនជាប៉ូលិស ឬតុលាការ ខលមកប្រាប់ថាមានកូនចៅជាប់គុក ឬមានគ្រោះថ្នាក់ ដើម្បីជម្រិតទារប្រាក់។

៣. សារដាស់តឿន៖ ឈប់ដៀលជនរងគ្រោះ តែត្រូវរួមគ្នាពង្រឹង «ខួរក្បាល»
មានមតិខ្លះនិយាយថា «មកពីយើងខួរខ្សោយ ទើបគេចោទបាន»។ ការពិត ជនរងគ្រោះមិនមែនខ្សោយទេ ប៉ុន្តែឧក្រិដ្ឋជនប្រើល្បិច «ខ្ពស់» និងមានបណ្តាញពុករលួយអន្តរជាតិនៅពីក្រោយ។ ប៉ុន្តែដើម្បីកុំឱ្យ «ស្វា» យកបាយមកលាបមាត់ «ពពែ» បានទៀតយើងត្រូវ៖
- ពង្រឹងចំណេះដឹងឌីជីថល៖ ស្វែងយល់ពីរបៀបឆែក Link ក្លែងក្លាយ និងការប្រើប្រាស់ App ធនាគារឱ្យមានសុវត្ថិភាព។
- សាមគ្គីភាពព័ត៌មាន៖ ចែករំលែកបទពិសោធន៍ឆបោកឱ្យគ្នាទៅវិញទៅមក ដើម្បីបង្កើតជារបាំងការពារសហគមន៍។