ផ្ទុះធុងហ្គាសបណ្ដាលឲ្យមនុស្ស៥នាក់រងរបួសធ្ងន់-ស្រាល នៅស្រុកអង្គស្នួល ខេត្តកណ្ដាល
25-05-2026 15:15
(កណ្ដាល)៖ ករណីផ្ទុះធុងហ្គាសបានបណ្ដាលឲ្យមនុស្សមួយគ្រួសារ ៥នាក់រងរបួសធ្ងន់ស្រាល នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ ក្នុងផ្ទះល្វែងមួយកន្លែងផ្ទះលេខ១០៤ ផ្លូវលេខ០៩A បូរីពិភពថ្មីកំបូល៣ ភូមិត្រពាំងសុក្រំ ឃុំបែកចាន ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះដែលរបួសធ្ងន់ឈ្មោះ ចន្ធី ភេទប្រុស អាយុប្រហែល៥៥ឆ្នាំ មុខរបររត់ម៉ូតូកង់បីរងរបួសធ្ងន់ ចំណែកអ្នករបួសស្រាលរួមមាន ១៖ឈ្មោះ សុខា ភេទស្រី អាយុ៥៣ឆ្នាំ ត្រូវជាប្រពន្ធរបស់គាត់ មុខរបរមេផ្ទះ, ២៖ឈ្មោះ ព្រលិត ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរកម្មកររោងចក្រ ត្រូវជាក្មួយ, ៣៖ឈ្មោះ នីសា ភេទស្រី អាយុ៨ឆ្នាំ ត្រូវជាចៅ, ៤៖ឈ្មោះ ជីង ចាំង ភេទប្រុស អាយុ៤ឆ្នាំ ត្រូវជាចៅ, ៥៖ឈ្មោះ សិទ្ធ លាង ភេទប្រុស អាយុ៤៣ឆ្នាំ មុខរបរជាសន្តិសុខបុរី ពិភពថ្មីកំបូល២ ស្នាក់នៅក្នុងបុរីនោះ។
លោកវរសេនីយ៍ឯក មាន សំណាង អធិការនគរបាលស្រុកអង្គស្នួល បានឲ្យដឹងថា ការផ្ទុះធុងហ្គាសនោះបង្កឲ្យមានការឆាបឆេះបណ្ដាលឲ្យផ្ទះទំហំ ៤ គុណ១២ម៉ែត្រ សង់ពីថ្ម ប្លង់សេ១សន្លឹក រងការខូចខាតប្រហែល៥០ភាគរយ រួមទាំងខោអាវ និងសម្ភារប្រើប្រាស់មួយចំនួន និងទ្វារកញ្ចក់ទ្វារផងដែរ។
លោកអះអាងថា តាមការបំភ្លឺពីសន្តិសុខបុរីពិភពថ្មី ឈ្មោះ កឹម ប៉ង់ អាយុ២៨ឆ្នាំ ស្នាក់នៅក្នុងផ្សារបូរីពិភពថ្មីកំបូល២ថា នៅមុនពេលកើតហេតុ ស្រ្តីឈ្មោះ សុខា ដែលជាប្រពន្ធម្ចាស់ផ្ទះ បានទៅហៅលោក សិទ្ធ លាង ដែលជាសន្តិសុខបុរីពិភពថ្មីនោះឲ្យទៅជួយជួសជុលចង្ក្រានហ្គាស ដែលលេចធ្លាយហ្គាស។ លុះក្រោយពេលជួសជុលរួចរាល់បុរសឈ្មោះ ចន្ធី ដែលជាម្ចាស់ផ្ទះក៏បានមួលបេីកធុងហ្គាស និងកាច់ចង្រ្កានបញ្ឆេះ ក៏ស្រាប់តែផ្ទុះឆេះបណ្ដាលឲ្យរងរបួសតែម្ដង។
លោកអធិការបន្តទៀតថា ខណៈនោះបានបណ្ដាលឲ្យបុរសជាម្ចាស់ផ្ទះខាងលើ ត្រូវភ្លើងឆាបឆេះរលាករលួយខ្លួនប្រាណ ដៃ ជើងធ្ងន់ធ្ងរ រីឯស្រ្តីជាប្រពន្ធរបស់គាត់ និងសន្តិសុខ ឈ្មោះ សិទ្ធ លាង ព្រមទាំងក្មួយ និងចៅៗរបស់គាត់រងរបួសស្រាល។ ក្រោយពេលកេីតហេតុ ជនរងគ្រោះទាំងអស់នោះត្រូវបានក្រុមគ្រួសារ និងអ្នកជិតខាង ដឹកតាមរថយន្តយកទៅសង្រ្គោះ បន្ទាន់នៅមន្ទីរពហុព្យាបាល និងសម្ភពសុខាកំបូល៕









