អង្គភាពព័ត៌មាន និងប្រតិកម្មរហ័ស បញ្ចេញផ្សាយវីដេអូក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» (Video inside)
25-05-2026 16:19
(ភ្នំពេញ)៖ អង្គភាពព័ត៌មាន និងប្រតិម្មរហ័ស ដែលជាសេនាធិការរបស់គណៈកម្មាធិការជាតិសម្របសម្រួលកិច្ចការព័ត៌មាន និងសាធាណមតិ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានផលិត និងបញ្ចេញផ្សាយ វីដេអូ ផ្លូវការក្រោមចំណងជើងថា «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី»។
គួរកត់សម្គាល់ថាក្នុងបរិបទដែលបញ្ហាព្រំដែនរវាងកម្ពុជា-ថៃ នៅពុំទាន់ដោះស្រាយចប់សព្វគ្រប់នៅឡើយ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ធ្លាប់បានប្រកាសហើយថានឹងប្តេជ្ញារក្សាសន្តិភាព តែក៏មិនធ្វើសម្បទានដែនអធិបតេយ្យភាពជាមួយប្រទេសជិតខាងឡើយ។ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញនូវគោលជំហរយ៉ាងច្បាស់លាស់ថា កម្ពុជាបាននិងកំពុងដើរលើផ្លូវត្រូវមួយដែលមានទាំង «ភាពម៉ឺងម៉ាត់« ក្នុងការការពារអធិបតេយ្យភាពជាតិ និង «ភាពចាស់ទុំ» ក្នុងការរក្សាសន្តិភាពយូរអង្វែង។
គោលជំហរដ៏ម៉ឺងម៉ាត់របស់កម្ពុជានៅពេលនេះ និងក្នុងដំណើរឆ្ពោះទៅមុខ គឺភាពប្ដូរផ្ដាច់ និងច្បាស់លាស់ ក្នុងការការពារបូរណភាពទឹកដី ដោយមិនបោះបង់មធ្យោបាយសន្តិភាពឡើយ។ ទោះក្នុងតម្លៃណាក៏ដោយ កម្ពុជាមិនទទួលស្គាល់ដាច់ខាតខ្សែព្រំដែនដែលកើតឡើងដោយការប្រើប្រាស់កម្លាំង ឬការបង្កើតអង្គហេតុលើទីតាំងជាក់ស្ដែងដើម្បីផ្លាស់ប្ដូរខ្សែបន្ទាត់ព្រំដែន (Faits Accomplis) និងប្ដេជ្ញាការការពារនូវអធិបតេយ្យ បូរណភាពទឹកដី និងអាយុជីវិតរបស់ប្រជាជន ដោយមិនជ្រើសរើសផ្លូវដែលនាំឱ្យមានសង្គ្រាម និងការបង្ហូរឈាមឡើយ។ នេះជាទំនួលខុសត្រូវប្រកបដោយចក្ខុវិស័យវែងឆ្ងាយ របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត សម្រាប់អនាគតជាតិ និងប្រជាជនខ្មែរ៕
សូមទស្សនាវីដេអូ «គោលជំហរដ៏ម៉ឺងម៉ាត់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ក្នុងការការពារអធិបតេយ្យ និងបូរណភាពទឹកដី» ដូចតទៅ៖




