និយ័តករបរធនបាលកិច្ច និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា ផ្សព្វផ្សាយគោលការណ៍ណែនាំ ពីវិធានការចំនួន២ ដល់បរធនបាល និងបុគ្គលពាក់ព័ន្ធ ដែលផ្តល់សេវា ក្នុងវិស័យបរធនបាលកិច្ច

25-05-2026 16:26

(ភ្នំពេញ)៖ និយ័តករបរធនបាលកិច្ច (ន.ប.ធ.) និងអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា (ស.ហ.ក) នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានសហការរៀបចំសិក្ខាសាលា ផ្សព្វផ្សាយអំពី «គោលការណ៍ណែនាំ ស្តីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន ក្នុងវិស័យបរធនបាលកិច្ច និងសេចក្តីណែនាំស្តីពីវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន ក្នុងក្របខ័ណ្ឌប្រឆាំង ការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម» ដល់បរធនបាល និងបុគ្គលពាក់ព័ន្ធដែលផ្តល់សេវាក្នុងវិស័យបរធនបាលកិច្ច ក្រោមអធិបតីភាពរបស់លោក សុខ ដារ៉ា អគ្គនាយកនៃ ន.ប.ធ. និងលោក ហេង បូមករា ប្រធានអង្គភាពស៊ើបការណ៍ហិរញ្ញវត្ថុកម្ពុជា នៅអាគារមជ្ឈមណ្ឌលអភិវឌ្ឍធុរកិច្ច។

សិក្ខាសាលានេះ រៀបចំឡើងក្នុងគោលបំណង ក្នុងការលើកកម្ពស់ការយល់ដឹង និងបង្កភាពងាយស្រួលដល់ការអនុវត្តមុខងាររបស់ប្រតិបត្តិករក្នុងវិស័យបរធនបាលកិច្ច និងជាបុគ្គលរាយការណ៍ ដែលត្រូវប្រតិបត្តិតាមវិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន ក្នុងវិស័យបរធនបាលកិច្ច (KYC) និង វិធានការយកចិត្តទុកដាក់ស្គាល់អតិថិជន (CDD) ក្នុងក្របខ័ណ្ឌប្រឆាំងការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ព្រមទាំងដើម្បីត្រៀមខ្លួន និងបន្តរក្សាបាននូវលទ្ធផលវាយតម្លៃ វិស័យបរធនបាលកិច្ចថា ជាវិស័យដែលមាន ហានិភ័យកម្រិតទាប ដូចមានក្នុងរបាយការណ៍ ស្ដីពីការវាយតម្លៃហានិភ័យថ្នាក់ជាតិ ស្ដីពីការសម្អាតប្រាក់និងហិរញ្ញប្បទានភេរវកម្មលើកទី២ (NRA II) កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៦។

ការរៀបចំសិក្ខាសាលានេះ អនុលោមតាមអនុសាសន៍ និងស្ដង់ដាអន្តរជាតិរបស់ ក្រុមការងារហិរញ្ញវត្ថុ (FAFT), ក្រុមត្រួតពិនិត្យនិងវាយតម្លៃ នៃវេទិកាសកលស្ដីពីតម្លាភាព និងការផ្លាស់ប្ដូរព័ត៌មានដើម្បីគោលបំណងពន្ធ (Global Forum នៃ OECD) ក្រុមការងារពាក់ព័ន្ធនឹងការរៀបចំស្ថិរភាពហិរញ្ញវត្ថុ (Financial Stability)៕