សប្បុរសជន រួមគ្នារៀបចំអាហារសាមគ្គីជូនវីរកងទ័ព វីរនគរបាលព្រំដែន និងវីរកងរាជអាវុធហត្ថ នៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ

25-05-2026 16:52

(ព្រំដែន)៖ លោក សឿង សុធានី (fb: Soeung Sotheany) ជំនួយការសម្ដេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានសមាគមប្រជាពលរដ្ឋខ្មែរក្រោមនៅកម្ពុជា និងលោក ហ៊ុន បូរាណ បានចូលរួមកម្មវិធីអាហារសាមគ្គីជាមួយវីរកងទ័ព វីរនគរបាលព្រំដែន និងវីរកងរាជអាវុធហត្ថ ១ ០០០នាក់ នៅតំបន់អន្លង់វែង ខេត្តឧត្តរមានជ័យ។

កម្មវិធីអាហារសាមគ្គីនេះរៀបចំដោយក្រុមការងារ Hok Nave ដែលមានលោក គីម ភិរម្យ ជាប្រធាន, កញ្ញា កុយ សុផាវតី (fb: Srey Noun Digital) ជាអនុប្រធានទី១ លោក ខេង ចាន់ថា (fb: Chantha Kheng) ជាអនុប្រធានទី២ លោក ផន សុវណ្ណច័ន្ទសុទ្ធា (fb: Sothea Phon) និងភរិយា ប្រធានដឹកនាំបេសកកម្ម និងលោក ណន សំណាង (fb: Samnang Norn) ជាសមាជិក រួមទាំងក្រុមសាមគ្គីសហប្រតិបត្តិការរួមមួយចំនួនទៀតមានដូចជា៖ ព្រះតេជគុណ ព្រះកេតុមាលា វិជ្ជាធរ (ព្រះតេជគុណ វិសាល) អ្នកស្រី ហោ ចាន់លក្ខិណា (fb: Leakhena លក្ខិណា) លោក លៀន ប៉ង់ (fb: Lein Porng) និងលោក ឃីម ចំរើនកូរ៉ា (fb: កងទ័ព ជ័យវរ្ម័ន កម្ពុជា) ជានាយរងសេនាធិការនៃកងពលលេខ៤១។

កម្មវិធីទាំងមូលចំណាយថវិកាសរុបប្រមាណ ១៨លានរៀល។ កម្មវិធីត្រូវបានរៀបចំតាមលំដាប់លំដោយដូចជា ការប្រជុំជួរគោរពភ្លេងជាតិ គោរព​វិញ្ញាណក្ខន្ធ​វីរកងទ័ពពលី​ ការថ្លែងសុន្ទរកថារួម ពិធីកិច្ចប្រោសព្រំ ប្រសិទ្ធិពរដល់វីរកងទ័ព ការជូនថវិកាចាក់សាំងដល់វីរកងទ័ព ៩៥នាក់ (១នាក់ទទួលបាន ២០ ០០០រៀល) ការប្រគល់ជូនស្បៀង និងសម្ភារកងទ័ព និងចុងក្រោយជាកម្មវិធីពិសារភោជនីយអាហារសាមគ្គី ចំនួន ១០តុ ក្នុងនោះមាន (បាយ និងម្ហូប៥មុខដូចជា៖ មាន់បំពង ត្រីបំពង ឆាក្ដៅ ភ្លាត្រីរ៉ស់ និងសាច់ជ្រូកគ្រឿងក្នុង)។ ក្នុងនោះក៏មានការរៀបចំវេចខ្ចប់ជាឈុតៗ អាចពិសារបាន លើសពី ១០នាក់ ផ្ញើជូនកងកម្លាំងកំពុងតែប្រចាំការ តាមរយៈបងប្អូនដែលបានអញ្ជើញមកពិសារផ្ទាល់ជាច្រើនកន្លែងផ្សេងៗគ្នា។

កម្មវិធីទាំងមូលបានបញ្ជប់ទៅដោយភាពរីករាយ ភាពកក់ក្តៅ ស្មាមញញឹម ភាតរភាព គ្រប់គ្នាបាន ពិសារឆ្អែត មានសុវត្ថិភាពគ្រប់ៗគ្នា។ វីរកងទ័ព វីរនគរបាល និងវីររាជអាវុធហត្ថគ្រប់ៗរូប បានទទួលស្គាល់ថាថ្នាក់ដឹកនាំតែងតែយកចិត្តទុកដាក់ នឹករលឹក គិតគូរ ផ្គត់ផ្គង់ពួកគាត់ជានិច្ច តែបេះដូងសាមគ្គីរបស់ប្រជាពលរដ្ឋបូកបន្ថែមមួយកម្រិតទៀតរិតតែធ្វើឱ្យពួកគាត់មានកម្លាំងចិត្តឡើងទ្វេដង៕