អគ្គិសនីកម្ពុជា និងអគ្គិសនីឡាវ ចុះហត្ថលេខាលើក្របខ័ណ្ឌសិក្សារួមស្តីពីការតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិស​​នី

25-05-2026 17:14

(ភ្នំពេញ)៖ អគ្គិសនីក​​ម្ពុ​​ជា (EDC) និងអគ្គិសនីឡាវ (EDL )- ASEAN Center for Energy (ACE) នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦នេះ បានរៀបចំចុះហត្ថលេខាលើក្រ​​​​បខ័ណ្ឌសិក្សារួមស្តីពីការសិក្សាលទ្ធភាពតភ្ជាប់ប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី និងកិច្ចប្រជុំពាក់ព័ន្ធ។

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក វិចទ័រ ហ្សូនា ឧត្តមមន្ត្រីថាមពលអាស៊ាន (Senior Official on Energy-SOE) និងជាអនុរដ្ឋលេ​​​ខាធិ​​​ការ នៃក្រសួងរ៉ែ និងថាមពល និងតំណាងអាជ្ញាធរអគ្គិសនីកម្ពុជា តំណាងក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្ម ប្រទេសឡាវ និងធនាគារពិភពលោក (World Bank)។

គម្រោងសិក្សារួមនេះ ទទួលបានជំនួយហិរញ្ញប្បទានពីធនាគារពិភពលោក (World Bank) ដែលមាន ACE ជាលេខាធិការដ្ឋានសម្របសម្រួល។

ការសិក្សានេះនឹងក្លាយជាមូលដ្ឋានដើម្បីគាំទ្រ និ​​ងអ​​​ភិវឌ្ឍន៍ ការធ្វើពាណិជ្ជកម្មថាមពលក្នុងដំណាក់កាលដំបូង រវាងប្រទេសទាំងពីរ និងឈានដល់ការធ្វើពាណិជ្ជកម្មទូលាយក្នុងវិស័យថាមពលក្នុងតំបន់ ដែលក្នុងនោះការធ្វើទំនើបកម្មលើប្រព័ន្ធគ្រប់គ្រង និងដំ​ណើរការប្រព័ន្ធខ្សែបណ្តាញបញ្ជូនអគ្គិសនី ជាផ្នែកមួយដ៏សំខាន់សម្រាប់ការសិក្សានេះ។

លើសពីនេះ លទ្ធផលនៃការសិក្សា នឹងជំរុញដល់ការអភិវឌ្ឍគម្រោងថាមពលបៃតងជាគោល ដែ​​លជា​​សក្តានុពលក្នុងប្រទេសទាំងពីរ ដើម្បីពង្រឹងសន្តិសុខថាមពល កាត់បន្ថយលើការនាំប្រេងឥន្ធនៈម​​​កផលិត​អគ្គិសនី និងជំរុញកិច្ចសហប្រតិបត្តិការជាមួយដៃគូអភិវឌ្ឍន៍ក្នុងតំបន់ និងពិភពលោក៕