រដ្ឋបាលរាជធានីភ្នំពេញ ដាក់ឱ្យអនុវត្តជាផ្លូវការ នូវការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នៅអង្គភាពច្រកចេញចូលតែមួយ
25-05-2026 17:31
(ភ្នំពេញ)៖ រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹង ស្តីពីការដាក់ឱ្យអនុវត្តជាផ្លូវការ នូវការផ្តល់សេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online)
នៅអង្គភាពច្រកចេញចូលតែមួយរាជធានីភ្នំពេញ។
ដើម្បីវិវដ្តទៅតាមយុគសម័យឌីជីថល និងសម្រេចបាននូវការផ្តល់សេវាសាធារណៈ ឱ្យបានឆាប់រហ័ស សន្សំសំចៃកម្រៃ និងពេលវេលាធ្វើដំណើររបស់ប្រជាពលរដ្ឋ ក្នុងការមកដាក់ពាក្យ ស្នើសុំផ្ទាល់ នៅសាលារាជធានីភ្នំពេញនោះ រដ្ឋបាលរាជធានីភ្នំពេញ ប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ នូវការទទួលពាក្យស្នើសុំ និងផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) លើវិស័យចំនួន៩ រួមមាន៖
១៖ ការងារនីត្យានុកូលកម្ម (ការបញ្ជាក់លើឯកសារថតចម្លង)
២៖ ការងាររដ្ឋបាល
៣៖ វិស័យទេសចរណ៍
៤៖ វិស័យសាធារណការ និងដឹកជញ្ជូន
៥៖ វិស័យវប្បធម៌ និងវិចិត្រសិល្បៈ
៦៖ វិស័យឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍
៧៖ វិស័យរ៉ែ និងថាមពល
៨៖ វិស័យរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី
៩៖ វិស័យកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ
រដ្ឋបាលរាជធានីភ្នំពេញ សូមបញ្ជាក់ជូនបងប្អូនប្រជាពលរដ្ឋថា ការស្នើសុំ និងទូទាត់កម្រៃសេវារដ្ឋបាល តាមប្រព័ន្ធអនឡាញ (Online) នេះ គឺមានតម្លៃសេវារដ្ឋបាលដូចគ្នា ទៅនឹងការមកស្នើសុំបង់កម្រៃសេវាជា សាច់ប្រាក់ដោយផ្ទាល់នៅសាលារាជធានីភ្នំពេញ ដោយពុំមានការបន្ថែមកម្រៃលើសេវាទូទាត់នោះទេ។
ទន្ទឹមនឹងការផ្តល់សេវារដ្ឋបាលតាមប្រព័ន្ធអនឡាញ (Online) បងប្អូនប្រជាពលរដ្ឋទាំងអស់នៅតែ អាចបន្តអញ្ជើញមកទំនាក់ទំនងស្នើសុំសេវា ដោយផ្ទាល់នៅអង្គភាពច្រកចេញចូលតែមួយ រាជធានីភ្នំពេញ ដែលមានទីតាំងនៅក្នុងបរិវេណសាលារាជធានីភ្នំពេញ ស្ថិតនៅអាសយដ្ឋានលេខ៦៩ មហាវិថីព្រះមុនីវង្ស សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញដូចមុនដដែល៕







