ក្រសួងការពារជាតិកម្ពុជា បដិសេធរបស់ថៃដែលមួលបង្កាច់ថា ទាហានកម្ពុជាបាញ់រះ២លើកនៅតំបន់ភ្នំទ្រព្យ (Video inside)

25-05-2026 17:34

(ភ្នំពេញ)៖ ក្រុមការងារទំនាក់ទំនងរបស់យោធភូមិភាគទី៤ នៃកងយោធពលខេមរភូមិន្ទ នៅថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានធ្វើការទំនាក់ទំនងទៅកាន់កងទ័ពភូមិភាគទី២ របស់ថៃ សួរនាំ និងបញ្ជាក់ចំពោះករណីឮសំឡេងបាញ់កាំភ្លើងឡើង លើសរុបចំនួន៨គ្រាប់ កាលពីយប់ថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៦ ដែលសង្ស័យបង្កឡើងពីខាងភាគីថៃ។

ដោយក្នុងនោះនៅវេលាម៉ោង១៩៖៥៧នាទី បាញ់ចំនួន៥គ្រាប់ ក្នុងភូមិសាស្ត្រភ្នំទ្រព្យ និងនៅវេលាម៉ោង ២០៖០៨នាទី បាញ់ចំនួន៣គ្រាប់ ក្នុងភូមិសាស្ត្រភ្នំសំបុកឃ្មុំ ខេត្តព្រះវិហារ ដើម្បីឱ្យភាគីថៃធ្វើការផ្ទៀងផ្ទាត់ និងរឹតបន្តឹងវិធានការគ្រប់គ្រងវិន័យកងទ័ពរបស់ខ្លួនឱ្យបានតឹងរឹង និងគោរពឱ្យបានហ្មត់ចត់ពេញលេញ នូវសេចក្តីប្រកាសរួម របស់គណៈកម្មាធិការព្រំដែនទូទៅកម្ពុជា-ថៃ (GBC) នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥។

ជាមួយគ្នានេះ ក្រសួងការពារជាតិ ក៏សូមបដិសេធ ចំពោះការមួលបង្កាច់ដោយគ្មានភស្តុតាងថា ទាហានកម្ពុជា បង្កការរំខានកាលពីក្បាលព្រលប់ម្សិលមិញ ដោយបាញ់រះ ២លើក នៅតំបន់ភ្នំទ្រព្យដោយចាត់ទុកថា ជាព័ត៌មានមិនពិត ហើយកងទ័ពកម្ពុជាបានប្រកាន់ខ្ជាប់នូវវិន័យរបស់ខ្លួន៕