សិស្សនគរបាលជាង ១០០នាក់ ទទួលបានចំណេះដឹង និងបទពិសោធន៍ស្តីពី «គោលនយោបាយភូមិ ឃុំ សង្កាត់មានសុវត្ថិភាព» ពីអភិបាលខេត្តឧត្តរមានជ័យ

25-05-2026 17:57

(ឧត្តរមានជ័យ)៖ លោក មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ នៅព្រឹកថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាវាគ្មិនកិត្តិយស ក្នុងកម្មវិធីធ្វើបាឋកថាចែករំលែកបទពិសោធន៍ ពាក់ព័ន្ធការដឹកនាំ និងការគ្រប់គ្រងការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ដល់សិស្សនគរបាលចំនួន១៦៨នាក់ ដែលកំពុងសិក្សាបណ្តុះបណ្តាលកម្រិតបឋមវិជ្ជាជីវៈនគរបាល ជំនាន់ទី២០ លើកទី១ នៅសាលានគរបាលជាតិភូមិភាគ៤ ខេត្តសៀមរាប។

ក្នុងឱកាសនោះ លោក មាន ចាន់យ៉ាដា បានថ្លែងសង្កត់ធ្ងន់ថា ការអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព» ទាមទារឱ្យមានការចូលរួម សហការ និងការទទួលខុសត្រូវខ្ពស់ពីគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសកងកម្លាំងនគរបាលជាតិ ដែលជាកម្លាំងស្នូលក្នុងការថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងជាបង្អែកដ៏រឹងមាំរបស់ប្រជាពលរដ្ឋ។

លោកអភិបាលខេត្ត បានលើកឡើងបន្ថែមថា មន្ត្រីនគរបាលមានតួនាទីយ៉ាងសំខាន់ ក្នុងការតាមដានសភាពការណ៍នៅមូលដ្ឋាន សហការជាមួយអាជ្ញាធរពាក់ព័ន្ធ និងកសាងទំនុកចិត្តជាមួយប្រជាពលរដ្ឋ ដើម្បីរួមគ្នាបង្ការ និងបង្ក្រាបបទល្មើសនានា ដូចជា បញ្ហាគ្រឿងញៀន ល្បែងស៊ីសង និងអំពើចោរកម្មផ្សេងៗ។

ជាមួយគ្នានេះ លោក មាន ចាន់យ៉ាដា ក៏បានផ្តល់ការលើកទឹកចិត្តដល់សិក្ខាកាមទាំងអស់ ឱ្យខិតខំប្រឹងប្រែងសិក្សារៀនសូត្រ ទាំងផ្នែកទ្រឹស្តី ជំនាញវិជ្ជាជីវៈ និងវិន័យការងារ ដើម្បីក្លាយជាមន្ត្រីនគរបាលជាតិដែលមានសមត្ថភាព គុណធម៌ និងទទួលបានការជឿទុកចិត្តពីប្រជាពលរដ្ឋ។

គួរបញ្ជាក់ថា បាឋកថានេះ មិនត្រឹមតែផ្តល់នូវចំណេះដឹងផ្នែកទ្រឹស្តីប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចែករំលែកបទពិសោធន៍ និងទស្សនវិស័យជាក់ស្តែងយ៉ាងទូលំទូលាយ ដល់សិស្សនគរបាលជំនាន់ក្រោយ ក្នុងការត្រៀមខ្លួនចេញទៅបំពេញភារកិច្ចការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងបម្រើប្រជាពលរដ្ឋនៅតាមមូលដ្ឋាននានា ប្រកបដោយប្រសិទ្ធភាពខ្ពស់ ក្រោយបញ្ចប់វគ្គសិក្សា៕