រដ្ឋមន្ដ្រីសុខាភិបាល ចែករំលែកបទពិសោធន៍ និងអត្ថប្រយោជន៍ដែលកម្ពុជាទទួលបាន ពីការចូលរួមមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស (Video inside)
25-05-2026 18:13
(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានដឹកនាំប្រតិភូសុខាភិបាល ចូលរួមកិច្ចប្រជុំនៃមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ ក្រោមប្រធានបទ «ការកែទម្រង់សុខភាពសកល៖ ការទទួលខុសត្រូវរួមគ្នា Reshaping Global Health: A Shared Responsibility» ដែលលមានការចូលរួមពីតំណាងប្រទេសជាសមាជិកចំនួន ១៨៥ ដែលប្រព្រឹត្ដទៅនៅទីក្រុងហ្សឺណែវ ប្រទេសស្វីស មានរយៈពេល ៦ថ្ងៃ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៦។
តាមរយៈកិច្ចសម្ភាសជាង២៤នាទីជាមួយអ្នកសារព័ត៌មាន លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រី បានថ្លែងឱ្យដឹងថា ក្នុងមហាសន្និបាតសុខភាពពិភពលោក លើកទី៧៩ កម្ពុជាបានចូលរួមពិភាក្សាយ៉ាងផុសផុលអំពីអនាគតសុខភាពសកល ខណៈដែលពិភពលោកកំពុងប្រឈមនឹងវិបត្តិធំៗដូចជា ជំងឺរាតត្បាត និងមិនរាតត្បាត, បញ្ហាស៊ាំនឹងថ្នាំផ្សះ, សម្ពាធហិរញ្ញវត្ថុក្នុងវិស័យសុខាភិបាល និងវិបត្តិទំនាស់នានា។
ក្នុងនោះកម្ពុជាក៏បានបង្ហាញពីភាពជោគជ័យក្នុងការលុបបំបាត់ជំងឺគ្រុនចាញ់ និងការគ្រប់គ្រងជំងឺរបេងបានយ៉ាងល្អ។ មួយវិញទៀតកម្ពុជាកំពុងធ្វើការបំប្លែងប្រព័ន្ធសុខាភិបាលទៅជា ប្រព័ន្ធសុខាភិបាលឌីជីថល (Digital Health Transformation) ដើម្បីបង្កើននវានុវត្តន៍ និងពង្រឹងភាពធន់នៃប្រព័ន្ធសុខាភិបាល។
ជាងនេះទៅទៀតកម្ពុជាបានពង្រឹងទំនាក់ទំនងទ្វេភាគី និងពហុភាគីជាមួយអង្គការសុខភាពពិភពលោក (WHO) ព្រមទាំងដៃគូអភិវឌ្ឍន៍នានា ដើម្បីស្វែងរកការគាំទ្រជាអាទិភាព ក្នុងការបម្រើដល់ផលប្រយោជន៍សុខភាពរបស់ប្រជាពលរដ្ឋកម្ពុជា ក្នុងរយៈពេលយូរអង្វែង។
រដ្ឋមន្ដ្រី ឈាង រ៉ា បានបន្តថាកម្ពុជាគូសបញ្ជាក់ អំពីការធ្វើកំណែទម្រង់សុខាភិបាលសកល ដែលគួរហើយនឹងត្រូវតែចាប់ផ្ដើមគិតគូរឲ្យមានការគិតគូរឡើងវិញបន្ថែមទៀត អំពីការប្ដូរទិសដៅនៃការគិតគូរតែទៅលើការព្យាបាល។ ដោយគិតគូរលើការព្យាបាលផង និងសង្កត់ឲ្យកាន់តែខ្លាំងទៅលើការបង្ការផងដែរ។ បង្កើននូវការវិនិយោគទៅលើការបង្ការ ដែលទទួលបានផលចំណេញច្រើនជាងនៃការដែលគ្រាន់តែចាំព្យាបាល។
ជាមួយគ្នានេះកម្ពុជាក៏បានសង្កត់ធ្ងន់ថា សុខាភិបាលក៏ដូចជាសុខភាពសកលនេះ គឺជាការទទួលខុសត្រូវរួមគ្នា។ ឧទាហរណ៍ដូចជាជំងឺ Ebola ជំងឺដែលបង្កដោយវីរុស Hantavirus ជាដើម គឺជារឿងដែលទទួលខុសត្រូវរួមគ្នាមិនមែនជាកាតព្វកិច្ចរបស់ប្រទេសណាមួយដាច់ដោយឡែកនោះទេ គឺទាមទារឲ្យមានកិច្ចសហប្រតិបត្តិការអន្តរជាតិរួមគ្នាឲ្យកាន់តែរឹងមាំ ប៉ុន្តែដោយគោរពនូវអធិបតេយ្យភាព និងអាទិភាពរបស់ប្រទេសនីមួយៗ៕
ដើម្បីជ្រាបច្បាស់សូមអញ្ជើញទស្សនាប្រសាសន៍ទាំងស្រុងរបស់លោកសាស្ដ្រាចារ្យរដ្ឋមន្ដ្រីសុខាភិបាលដូចតទៅ៖


















