សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ផ្ញើសារលិខិតជូនពរ សម្តេចពញាចក្រី ហេង សំរិន ក្នុងឱកាសចម្រើនជន្មាយុ
25-05-2026 19:07
(ភ្នំពេញ)៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជា បានផ្ញើសារលិខិតជូនពរ សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានកិត្តិយស នៃក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ក្នុងឱកាសចម្រើនជន្មាយុ។
ក្នុងសារលិខិតជូនពរ បានសរសេរថា «ខ្ញុំ ព្រមទាំងថ្នាក់ដឹកនាំ សមាជិក សមាជិកាព្រឹទ្ធសភា ក៏ដូចជាថ្នាក់ដឹកនាំ និងមន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា សូមសម្តែងនូវមនោសញ្ចេត នាសប្បាយរីករាយ ចូលរួមអបអរសាទរ ដោយសេចក្តីគោរពដ៏ជ្រាលជ្រៅ ក្នុងឱកាសចម្រើនជន្មាយុ ប្រកបដោយពរជ័យសិរីមង្គលមហាប្រសើររបស់ សម្តេចអគ្គមហាពញាចក្រី នាថ្ងៃចន្ទ ៩កើត ខែជេស្ឋ ឆ្នាំមមី អដ្ឋស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២៥ ខែឧសភា ឆ្នាំ២០២៦។
សម្តេចអគ្គមហាពញាចក្រី ជាឥស្សរជនជាន់ខ្ពស់ដ៏ឆ្នើមមួយរូប ដែលកន្លងមកបានខិតខំប្រឹង ប្រែងលះបង់អស់កម្លាំងកាយចិត្ត ប្រាជ្ញាស្មារតី និងបទពិសោធ ប្រកបដោយឆន្ទៈ មោះមុតខ្លាំងក្លាបំផុត ក្នុងការចូលរួមចំណែករំដោះ កសាង អភិវឌ្ឍជាតិ មាតុភូមិ ពង្រឹងនីតិរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្ស ដើម្បីជាកិច្ចអភិវឌ្ឍព្រះរាជាណាចក្រកម្ពុជា ឱ្យកាន់តែរីកចម្រើនជឿនលឿន រុងរឿង ប្រកបដោយកិត្យានុភាពនិងកិត្តិសព្ទល្បីល្បាញលើឆាកតំបន់ និងអន្តរជាតិ។
នាឱកាសដ៏ប្រសើរថ្លៃថ្លានេះ ខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ គុណកែវទាំងបី ឫទ្ធិបារមីខ្លាំងក្លានៃវត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាថែរក្សាទឹកដី នៃព្រះរាជាណាចក្រកម្ពុជា សូមព្រះអង្គតាមជួយបីបាច់ថែរក្សាប្រទានពរជ័យ សិរីសួស្តី ជ័យមង្គលគ្រប់ប្រការជូនសម្តេចអគ្គមហា ពញាចក្រី និងសម្តេចធម្មវិសុទ្ធវង្សា ព្រមទាំងបុត្រាបុត្រី ចៅប្រុសចៅស្រី សូមបានប្រកបដោយពុទ្ធពរ ដ៏ប្រពៃថ្លៃថ្លាទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ»៕





