ក្រុមសង្គ្រោះហ្វីលីពីនប្រជែងនឹងពេលវេលាដើម្បីរុករកជនរងគ្រោះ ខណៈអ្នកស្លាប់កើនដល់ ៤នាក់
25-05-2026 19:12
(អានហ្សេឡេស)៖ ក្រុមសង្គ្រោះហ្វីលីពីនកំពុងធ្វើការងារប្រណាំងប្រជែងជាមួយនឹងពេលវេលា ដើម្បីរុករកសញ្ញានៃជីវិត ក្រោយរយៈពេលជាង ២៤ម៉ោង បន្ទាប់ពីអគារកំពុងសាងសង់មួយកន្លែងបានបាក់ស្រុតនៅក្នុងទីក្រុងអានហ្សេឡេស (Angeles)។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters។
ប្រតិបត្តិការនេះជួបការលំបាកយ៉ាងខ្លាំង ដោយក្រុមសង្គ្រោះត្រូវបង្ខំចិត្តយកថ្ម និងកម្ទេចកម្ទីចេញដោយដៃទទេ ក្រោមអាកាសធាតុដ៏ក្តៅហែង ព្រោះអាជ្ញាធរមិនហ៊ានប្រើគ្រឿងចក្រធុនធ្ងន់ ដោយបារម្ភថាអាចធ្វើឱ្យអគារបាក់ស្រុតបន្ថែម និងកប់ជនរងគ្រោះកាន់តែជ្រៅ។ ទោះជាយ៉ាងណា ក្រុមសង្គ្រោះបានប្រើប្រាស់ឆ្កែហិតក្លិន និងឧបករណ៍ស្កេនកម្ដៅ ដែលអាចចាប់បានចង្វាក់បេះដូង និងការដកដង្ហើមនៅក្រោមគំនរបាក់បែក ហើយពួកគេក៏បានដាក់បំពង់ដើម្បីបញ្ជូនខ្យល់អុកស៊ីហ្សែនចូលទៅខាងក្រោមផងដែរ។ ស្របពេលដែលប្រតិបត្តិការអូសបន្លាយចូលដល់ថ្ងៃទីពីរ ក្រុមគ្រួសារជនរងគ្រោះកំពុងបង្ហាញក្តីអស់សង្ឃឹម និងខកចិត្តយ៉ាងខ្លាំង។
គិតត្រឹមពេលនេះ ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៤នាក់ និង ១៧នាក់ផ្សេងទៀតកំពុងបាត់ខ្លួន បន្ទាប់ពីសាកសពទីបីត្រូវបានទាញចេញពីគំនរបាក់បែក។ ក្នុងចំណោមអ្នកស្លាប់ ក៏មានជនជាតិម៉ាឡេស៊ីអាយុ ៦៥ឆ្នាំម្នាក់ ដែលសាកសពត្រូវបានរកឃើញនៅសណ្ឋាគារក្បែរខាងផងដែរ។
ទន្ទឹមនឹងនេះ អាជ្ញាធរកំពុងបើកការស៊ើបអង្កេតដើម្បីស្វែងរកមូលហេតុនៃការបាក់ស្រុត និងកំពុងតាមស្វែងរកម្ចាស់អគារ។ កំណត់ត្រាបានបង្ហាញថា អគារនេះត្រូវបានអនុញ្ញាតឱ្យសាងសង់ជាខុនដូ-សណ្ឋាគារកម្ពស់ត្រឹម ៩ជាន់ប៉ុណ្ណោះ ប៉ុន្តែបែរជាមានការលួចសាងសង់អាងហែលទឹកនៅលើជាន់ទី១០ ទៅវិញ។ បន្ថែមពីនេះ មន្ត្រីក្រសួងការងារបានបញ្ជាក់ថា កាលពីខែកញ្ញា ឆ្នាំ២០២៥ កន្លងទៅ ការដ្ឋានសាងសង់នេះធ្លាប់ត្រូវបានបញ្ជាឱ្យផ្អាកការងារម្តងរួចមកហើយ ដោយសារការរំលោភបំពានស្តង់ដារសុវត្ថិភាព ប៉ុន្តែត្រូវបានអនុញ្ញាតឱ្យបន្តការងារវិញនៅមួយខែក្រោយមក ក្រោយមានការកែតម្រូវ៕






