* អាល់បានី៖ ប៉ូលិសប្រើឧស្ម័នបង្ហូរទឹកភ្នែក ខណៈការតវ៉ារបស់ក្រុមបាតុករផ្ទុះទៅជាអំពើហិង្សា
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ចុះពិនិត្យគម្រោងផ្តល់ដី និងផ្ទះជូនប្រជាពលរដ្ឋនៅខេត្តឧត្តរមានជ័យ
* ការប៉ះទង្គិចគ្នាអង្រួនបារាំងសាជាថ្មី ខណៈមនុស្សជិត ១០០០នាក់ត្រូវបានចាប់ខ្លួនអំឡុងបាតុកម្ម
* វិភាគអន្តរជាតិ៖ ការបោះឆ្នោតរបស់អ៉ីស្រាអែល, ៤សេណារីយ៉ូអាចទៅរួច
* ចលនាបាតុកម្មនៅបារាំងចាប់ផ្តើមឡើងវិញ ចំពោះមុខលក្ខខណ្ឌការពារសន្តិសុខតឹងរ៉ឹង
* Youtuber ជនជាតិអាមេរិកម្នាក់ ត្រូវគេវាយទាត់ធាក់និងប្លន់ នៅទីក្រុង Pattaya ប្រទេសថៃ
* កងទ័ពថៃ ឈូសឆាយសង់ផ្លូវបំពានលើដីកម្ពុជា នៅតំបន់តាទុំ, កម្ពុជា បន្តតវ៉ា និងមិនទទួលស្គាល់ទង្វើបំពានច្បាប់នេះដាច់ខាត
* គ.ជ.ប៖ រយៈពេល ១៧ថ្ងៃ មានពលរដ្ឋជាង ២៤ម៉ឺននាក់ ទៅពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោតថ្មីឆ្នាំ២០២៦
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ កិច្ចព្រមព្រៀង កិច្ចសហប្រតិបត្តិការ យោធាកម្ពុជា-តួកគីយ៉េ គិតគូរតាំងពីឆ្នាំ២០២០, នេះជានយោបាយ «ពង្រឹងចាស់ ពង្រីកថ្មី»
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បង្ហាញមោទនភាពដែលទង់ជាតិកម្ពុជា បន្តបក់រវិកជាមួយទង់ជាតិប្រទេសដទៃ ក្នុងបេសកកម្មរក្សាសន្តិភាពក្រោមឆ័ត្រ UN
* សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ កម្ពុជាបញ្ជូនកងកម្លាំង ជាង១ម៉ឺននាក់ ទៅចូលរួមបំពេញបេសកកម្ម រក្សាសន្តិភាពរបស់អង្គការសហប្រជាជាតិ
* សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ណែនាំដល់កងកម្លាំងរក្សាសន្តិភាព ត្រូវបន្តទំនាក់ទំនងល្អជាមួយសហការីបរទេស និងប្រជាជននៅកន្លែងដែលខ្លួនបំពេញប្រតិបត្តិការ
* សម្តេចធិបតី ហ៊ុន ម៉ាណែត៖ ២០ឆ្នាំនៃបេសកកម្មរក្សាសន្តិភាពរបស់កម្ពុជា ក្រោមទង់ UN បានផ្លាស់ប្តូរពីអតីតកាលធ្លាប់តែហួងហែងដោយសង្គ្រាម និងល្បីថាជាវាលពិឃាត ប្រែឈ្មោះជាអ្នករួមចំណែករក្សាសន្តិភាពសកល
* ព្រឹកថ្ងៃនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត អញ្ជើញជាអធិបតីអបអរសាទរខួប២០ឆ្នាំ នៃការបញ្ជូនកងកម្លាំង ចូលរួមបំពេញបេសកកម្មរក្សាសន្តិភាព និងសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលនានា នៅសាលាហ្វឹកហ្វឺនកងកម្លាំងរក្សាសន្តិភាពពហុជាតិ
* សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សូមថ្លែងអំណរព្រះរាជគុណ ព្រះករុណា ព្រះមហាក្សត្រកម្ពុជា ប្រោសព្រះរាជូបត្ថម្ភព្រះរាជទ្រព្យ ១ពាន់ដុល្លារ ដល់កាកបាទក្រហមកម្ពុជា សម្រាប់ខែតុលានេះ
* ⁨CoolApp របស់កម្ពុជាមានមុខងារ «Reel» ថ្មី ផ្តល់បទពិសោធន៍ថ្មីចុចអូសមើលវីដេអូខ្លីៗដូចបណ្តាញសង្គម TikTok

វិចារណកថា៖ ការបំពុលទឹក កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម និងការកើនឡើងនៃហានិភ័យជំងឺមហារីក

04-06-2026 09:10

(ភ្នំពេញ)៖ ទឹក គឺជាជីវិត។ ទឹកគ្រប់កែវដែលយើងពិសា ត្រីគ្រប់ក្បាលដែលយើងបរិភោគ និងដំណាំគ្រប់ប្រភេទដែលយើងប្រមូលផល សុទ្ធតែពឹងផ្អែកលើប្រភពទឹកស្អាត និងមានសុវត្ថិភាព។

ទោះជាយ៉ាងណាក៏ដោយ នៅទូទាំងសកលលោក ការគំរាមកំហែងដ៏ធ្ងន់ធ្ងរបំផុតមួយចំពោះសុខភាពសាធារណៈ បែរជាយើងមើលមិនឃើញទៅវិញ នោះគឺកាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម (មិនបានចម្រោះ) ដែលត្រូវបានបង្ហូរចូលទៅក្នុងទន្លេ ស្ទឹង បឹងបួរ និងប្រភពទឹកក្រោមដី។

ខណៈដែលទឹកដែលរងការបំពុលអាចមើលទៅមានសភាពល្អក់កខ្វក់ ឬមានក្លិនមិនល្អ គ្រោះថ្នាក់ពិតប្រាកដជារឿយៗស្ថិតនៅក្រោមផ្ទៃទឹក។ ទឹកកខ្វក់ដែលមិនបានធ្វើប្រព្រឹត្តិកម្ម អាចផ្ទុកទៅដោយសារធាតុគីមីពុល សារធាតុលោហៈធ្ងន់ សារធាតុរលាយក្នុងឧស្សាហកម្ម ថ្នាំសម្លាប់សត្វល្អិត និងសារធាតុគ្រោះថ្នាក់ផ្សេងៗទៀត ដែលអាចសម្ងំរស់នៅក្នុងបរិស្ថានបានរាប់ឆ្នាំ។ នៅពេលដែលសារធាតុបំពុលទាំងនេះជ្រាបចូលទៅក្នុងប្រភពទឹក ពួកវានឹងអាចលួចជ្រៀតចូលទៅក្នុងរាងកាយរបស់មនុស្សយើងនៅទីបំផុត។​ ផលវិបាករយៈពេលវែងដែលគួរឱ្យព្រួយបារម្ភបំផុតមួយ គឺការកើនឡើងនៃហានិភ័យនៃជំងឺមហារីក។

ការស្រាវជ្រាវផ្នែកវិទ្យាសាស្ត្របានបង្ហាញថា ការប៉ះពាល់ក្នុងរយៈពេលយូរទៅនឹងសារធាតុបំពុលមួយចំនួនដែលមាននៅក្នុងទឹកកខ្វក់ អាចរួមចំណែកដល់ការកកើតនៃជំងឺមហារីក។ សារធាតុលោហៈធ្ងន់ ដូចជា អាសេនិក (Arsenic) កាត់មីញ៉ូម (Cadmium) ក្រូមីញ៉ូម (Chromium) និងសំណ (Lead) ព្រមទាំងសារធាតុគីមីឧស្សាហកម្ម និងថ្នាំសម្លាប់សត្វល្អិតមួយចំនួន ត្រូវបានរកឃើញថាមានការទាក់ទងទៅនឹងទម្រង់ផ្សេងៗនៃជំងឺមហារីក។ មនុស្សអាចប្រឈមនឹងសារធាតុទាំងនេះតាមរយៈការពិសាទឹកដែលរងការបំពុល ការបរិភោគត្រីនិងជីវៈចម្រុះដទៃទៀតដែលចាប់បានពីប្រភពទឹកកខ្វក់ ឬការបរិភោគផលដំណាំដែលស្រោចស្រពដោយទឹកដែលមានផ្ទុកសារធាតុពុល។

គ្រោះថ្នាក់នេះជារឿយៗកើតឡើងយឺតៗបន្តិចម្តងៗ ខុសពីជំងឺឆ្លងដែលចេញរោគសញ្ញាភ្លាមៗ សារធាតុបំពុលដែលបង្កជាជំងឺមហារីកអាចសន្សំក្នុងរាងកាយក្នុងរយៈពេលជាច្រើនឆ្នាំ។ បុគ្គលម្នាក់ៗអាចនឹងមិនដឹងខ្លួនថាខ្លួនកំពុងប៉ះពាល់នឹងសារធាតុទាំងនោះឡើយ រហូតទាល់តែបញ្ហាសុខភាពធ្ងន់ធ្ងរលេចឡើងក្នុងរយៈពេលរាប់ទសវត្សរ៍ក្រោយមក។

សហគមន៍ដែលរស់នៅជិតទន្លេដែលរងការបំពុល និងតំបន់ឧស្សាហកម្ម ជារឿយៗជាអ្នកប្រឈមមុខនឹងហានិភ័យខ្ពស់បំផុត។ អ្នកនេសាទដែលទីពឹងលើប្រភពទឹកក្នុងតំបន់ កសិករដែលពឹងផ្អែកលើទឹកទន្លេសម្រាប់ស្រោចស្រពដំណាំ និងក្រុមគ្រួសារដែលប្រើប្រាស់ទឹកក្រោមដីដែលមិនបានចម្រោះ សុទ្ធតែអាចរងគ្រោះដូចគ្នា ប្រសិនបើការបំពុលមិនត្រូវបានគ្រប់គ្រងឱ្យបានត្រឹមត្រូវ។

ផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចក៏មានទំហំធំធេងដូចគ្នា។ ការព្យាបាលជំងឺមហារីកបានដាក់បន្ទុកហិរញ្ញវត្ថុ និងផ្លូវចិត្តយ៉ាងធ្ងន់ធ្ងរលើក្រុមគ្រួសារអ្នកជំងឺ។ ប្រព័ន្ធសុខាភិបាលត្រូវប្រឈមនឹងការកើនឡើងនៃថ្លៃដើមព្យាបាល ស្របពេលដែលផលិតភាពការងារត្រូវធ្លាក់ចុះនៅពេលប្រជាពលរដ្ឋធ្លាក់ខ្លួនឈឺ។ ការបាត់បង់កម្លាំងពលកម្មដែលមានសុខភាពល្អ មិនត្រឹមតែជះឥទ្ធិពលដល់សហគមន៍ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងប៉ះពាល់ដល់ការអភិវឌ្ឍជាតិទាំងមូលផងដែរ។

ហេតុផលនេះហើយ ទើបការទប់ស្កាត់ការបំពុលទឹកមិនមែនគ្រាន់តែជាបញ្ហាបរិស្ថានសាមញ្ញមួយមុខនោះទេ ប៉ុន្តែវាជាអាទិភាពចម្បងនៃសុខភាពសាធារណៈ។

រដ្ឋាភិបាល វិស័យឧស្សាហកម្ម និងសហគមន៍ សុទ្ធតែមានតួនាទីត្រូវចូលរួម។ ផ្នែកឧស្សាហកម្មត្រូវតែធានាថា ទឹកកខ្វក់ត្រូវបានធ្វើប្រព្រឹត្តិកម្មយ៉ាងត្រឹមត្រូវមុននឹងបង្ហូរចេញ។ អាជ្ញាធរមានសមត្ថកិច្ចត្រូវតែរឹតបន្តឹងការអនុវត្តបទប្បញ្ញត្តិបរិស្ថាន និងធ្វើការតាមដានត្រួតពិនិត្យគុណភាពទឹកជាប្រចាំ។ ដោយឡែក សហគមន៍ត្រូវតែគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងនានាដើម្បីរក្សាទន្លេស្ទឹងឱ្យស្អាត និងរាយការណ៍ពីករណីបំពុលនានានៅពេលដែលបានជួបប្រទះ។

ការធ្វើតេស្តគុណភាពទឹក ជលផល និងផលិតផលកសិកម្មជាប្រចាំ ក៏ជាកត្តាចាំបាច់មិនអាចខ្វះបានផងដែរ។ ការតាមដានត្រួតពិនិត្យនេះ ជួយឱ្យយើងកំណត់ដឹងពីហានិភ័យដែលអាចកើតមានបានទាន់ពេលវេលា និងអនុញ្ញាតឱ្យអាជ្ញាធរចាត់វិធានការកែតម្រូវ មុនពេលដែលការបំពុលនោះជះឥទ្ធិពលដល់សុខភាពមនុស្ស។

នៅក្នុងប្រទេសកម្ពុជា ក៏ដូចជាប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនទៀត ការការពារប្រភពធនធានទឹកកំពុងមានសារៈសំខាន់កាន់តែខ្លាំងឡើង ស្របពេលដែលសេដ្ឋកិច្ចមានការរីកចម្រើន ហើយសកម្មភាពឧស្សាហកម្មមានការរីកសាយភាយ។ ការអភិវឌ្ឍសេដ្ឋកិច្ចមិនគួរដោះដូរមកវិញដោយការបំផ្លាញសុខភាពសាធារណៈនោះឡើយ។ ការអភិវឌ្ឍប្រកបដោយចីរភាព មានន័យថាត្រូវធានាឱ្យបានថា កំណើនសេដ្ឋកិច្ច ការការពារបរិស្ថាន និងសុខុមាលភាពរបស់មនុស្សជាតិ ត្រូវដើរទន្ទឹមគ្នាទៅមុខ។

មេរៀននេះមានភាពសាមញ្ញ ប៉ុន្តែមានអត្ថន័យជ្រាលជ្រៅ៖ រាល់ការបង្ហូរកាកសំណល់ដោយគ្មានការចម្រោះចូលទៅក្នុងប្រភពទឹក សុទ្ធតែបន្សល់ទុកនូវផលវិបាកដែលហួសពីប្រភពទឹកនោះទៅទៀត។ វាអាចប៉ះពាល់ដល់ត្រីដែលយើងបរិភោគ ដំណាំដែលយើងដាំដុះ ទឹកដែលយើងពិសា និងចុងក្រោយគឺសុខភាពគ្រួសាររបស់យើងផ្ទាល់។

ទឹកស្អាត គឺជាទ្រព្យសម្បត្តិដ៏មានតម្លៃបំផុតមួយរបស់មនុស្សជាតិ។ តាមរយៈការទប់ស្កាត់កាកសំណល់រាវដែលមិនបានធ្វើប្រព្រឹត្តិកម្ម មិនឱ្យហូរចូលទៅក្នុងប្រភពទឹករបស់យើងនៅថ្ងៃនេះ គឺយើងកំពុងតែកាត់បន្ថយហានិភ័យនៃជំងឺដង្កាត់នៅថ្ងៃស្អែក ជួយការពារមនុស្សជំនាន់ក្រោយ និងកសាងសង្គមមួយដែលមានសុខភាពល្អ និងវិបុលភាពជាងមុនសម្រាប់ទាំងអស់គ្នា។ ដូច្នេះ ការប្រយុទ្ធប្រឆាំងនឹងការបំពុលទឹក មិនមែនគ្រាន់តែជាការតស៊ូដើម្បីបរិស្ថានតែមួយមុខនោះទេ ប៉ុន្តែវាគឺជាការតស៊ូដើម្បីការពារជីវិតមនុស្សជាតិទាំងមូល៕⁩