ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ ចុះត្រួតពិនិត្យទីតាំងស្នាក់នៅក្នុងក្រុងប៉ោយប៉ែត រកឃើញជនជាតិឥណ្ឌូនេស៊ី១៦នាក់
09-07-2026 19:27
(បន្ទាយមានជ័យ)៖ នៅថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារចម្រុះខេត្តបន្ទាយមានជ័យ បានចុះត្រួតពិនិត្យទីតាំងស្នាក់នៅចំនួន២កន្លែង ស្ថិតនៅក្នុងក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយមានការសម្របសម្រួលនីតិវិធីពីលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត។
ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញជនបរទេសស្នាក់នៅប្រមូលផ្ដុំចំនួន១៦នាក់ ក្នុងនោះមានស្រី៣នាក់ ដែលសុទ្ធសឹងជាជនជាតិឥណ្ឌូនេស៊ី។
ប្រតិបត្តិការនេះធ្វើឡើងក្រោមការបញ្ជាផ្ទាល់ពីលោក អ៊ុំ រាត្រី ប្រធានគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ និងមានការក្រោមការសម្របសម្រួលពីលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។
ទីតាំងទី១ ដែលត្រូវបានត្រួតពិនិត្យ គឺជាផ្ទះល្វែងមួយកម្ពស់៣ជាន់ មាន៧បន្ទប់ ស្ថិតនៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ដែលមានម្ចាស់ឈ្មោះ ភេង ធី។
នៅទីនោះ ក្រុមការងារបានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន១២នាក់ ក្នុងនោះមានស្រី៣នាក់ ដែលធ្លាប់បម្រើការងារនៅក្រុមហ៊ុនស្ដារហ្គោល។
ក្នុងអំឡុងពេលត្រួតពិនិត្យ ក្រុមការងារពុំបានរកឃើញសម្ភារគួរឱ្យសង្ស័យណាមួយឡើយ។ ក្រោយពីការរកឃើញ ម្ចាស់ទីតាំងត្រូវបានអប់រំ និងផាកពិន័យតាមនីតិវិធីច្បាប់។
ចំណែកឯទីតាំងទី២ គឺជាអគារកម្ពស់៤ជាន់ មាន២២បន្ទប់ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ដែលមានម្ចាស់ឈ្មោះ ហូ ហុកធី។ នៅទីនេះ ក្រុមការងារបានរកឃើញជនជាតិឥណ្ឌូនេស៊ីចំនួន៤នាក់ សុទ្ធតែជាបុរស។ ដូចទៅនឹងទីតាំងទី១ដែរ ក្រុមការងារពុំបានរកឃើញសម្ភារគួរឱ្យសង្ស័យណាមួយឡើយ។
ម្ចាស់ទីតាំងទី២ ក៏ត្រូវបានអប់រំ និងធ្វើកិច្ចសន្យា ដើម្បីធានាថា នឹងមិនមានការបំពានច្បាប់ស្ដីពីការស្នាក់នៅរបស់ជនបរទេសទៀតឡើយ។













