SDF ចុះកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគមឧស្សាហកម្មធំៗ ៤ ដើម្បីជំរុញការអភិវឌ្ឍជំនាញឱ្យត្រូវតម្រូវការឧស្សាហកម្ម
09-07-2026 20:29
(ភ្នំពេញ)៖ មូលនិធិអភិវឌ្ឍជំនាញ (SDF) នាថ្ងៃទី០៩ ខែកក្កដា ឆ្នាំ២០២៦នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រជាមួយសមាគម-ឧស្សាហកម្មធំៗចំនួន ៤ រួមមាន៖ សមាគមភស្តុភារកម្មកម្ពុជា (CLA), សហព័ន្ធឧស្សាហកម្មយានយន្តកម្ពុជា (CAIF), សមាគមស្វាយចន្ទីកម្ពុជា (CAC) និង សមាគមអេឡិចត្រូនិក និងបច្ចេកវិទ្យាកម្ពុជា (CETA) ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការរវាងរដ្ឋ និងឯកជន ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបចំតម្រូវការជាក់ស្តែងរបស់ទីផ្សារការងារ និងវិស័យឧស្សាហកម្ម។
ពិធីដ៏មានសារៈសំខាន់នេះបានរៀបចំឡើងក្រោមអធិបតីភាពលោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាបរធនបាល SDF, និងលោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ និងជាអនុប្រធានក្រុមប្រឹក្សាបរធនបាល SDF, ព្រមទាំងមានការចូលរួមពីតំណាងធនាគារអភិវឌ្ឍន៍អាស៊ី (ADB) , និងទីភ្នាក់ងារបារាំងសម្រាប់ការអភិវឌ្ឍ (AFD) និងភ្ញៀវកិត្តិយសសរុបប្រមាណ ១២០ នាក់។
នាឱកាសនោះលោក គី សុខគីម នាយកប្រតិបត្តិ SDF បានគូសបញ្ជាក់ថា ភាពជាដៃគូនេះនឹងផ្ដោតលើកិច្ចការគន្លឹះចំនួន ៣ រួមមាន៖ (១) ការកំណត់តម្រូវការ៖ សិក្សាតម្រូវការជំនាញតាមវិស័យជាក់ស្តែង ដើម្បីបង្កើនផលិតភាព។ (២) គំរូប្រតិបត្តិការ SDF៖ រួមគ្នារៀបចំ រួមគ្នាវិនិយោគ និងរួមគ្នាទទួលខុសត្រូវ (Co-Design, Co-Invest & Co-Own) លើការអភិវឌ្ឍជំនាញ។ (៣) ភាពជាដៃគូរដ្ឋ-ឯកជន (PPP)៖ ជំរុញការវិនិយោគ ផ្ទេរបច្ចេកវិទ្យា និងបង្កើតការងារប្រកបដោយជំនាញ។
លោក សុខ គីម បានបន្ថែមថា SDF នឹងធ្វើការយ៉ាងជិតស្និទ្ធជាមួយសមាគម និងឧស្សាហកម្មនានា ដើម្បីបង្កើតក្របខ័ណ្ឌជំនាញ និងគម្រោងបណ្តុះបណ្តាលសម្រាប់វិស័យនីមួយៗ។
ថ្លែងនៅក្នុងពិធីនោះដែរលោកបណ្ឌិតសភាចារ្យ ផាន់ ផល្លា បានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថា កិច្ចព្រមព្រៀងភាពជាដៃគូយុទ្ធសាស្ត្រនេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំក្នុងការអភិវឌ្ឍកម្លាំងពលកម្មជំនាញ ដើម្បីបង្កើតឧត្តមភាពប្រកួតប្រជែងសម្រាប់វិស័យឯកជន និងសង្គមជាតិ ស្របតាមយុទ្ធសាស្ត្របញ្ចកោណរបស់រាជរដ្ឋាភិបាល។
គិតមកដល់បច្ចុប្បន្ន SDF បានគាំទ្រការបណ្ដុះបណ្ដាលជំនាញដល់សិក្ខាកាមសរុបប្រមាណ ៩៣ ០០០ នាក់។ ជាលទ្ធផលអត្រាបញ្ចប់ការសិក្សាសម្រេចបាន ៩៦%, អត្រាមានការងារធ្វើ ៨៨%, ការពេញចិត្តពីនិយោជក ៨៥% និង ៨៩% នៃសហគ្រាសបានរាយការណ៍ពីការកើនឡើងផលិតភាពការងារ។
ភាពជាដៃគូថ្មីនេះគឺជាសក្ខីភាពនៃការបោះជំហានទៅមុខរួមគ្នា ប្រកបដោយស្មារតីបុរេសកម្ម និងទំនួលខុសត្រូវខ្ពស់ ដើម្បីធានាបាននូវការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ និងឆ្លើយតបចំតម្រូវការឧស្សាហកម្មជាក់ស្តែង៕








































