ពិធីបុណ្យ Tanabata ២០២៦ ជំរុញការផ្លាស់ប្តូរវប្បធម៌ និងពង្រឹងមិត្តភាពកម្ពុជា-ជប៉ុន

11-07-2026 11:09

(ភ្នំពេញ)៖ ពិធីបុណ្យផ្កាយ ឬហៅថា Tanabata Festival ២០២៦ បានរៀបចំឡើងដោយស្ថានទូតជប៉ុន ប្រចាំនៅកម្ពុជា និងមជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន រយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៦ ដោយមានអ្នកចូលរួមទស្សនាច្រើនកុះករ។

ពិធីនេះដែរ មានការចូលរួមពី លោកបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ព្រមទាំងភ្ញៀវកិត្តិយសជាតិ និងអន្ដរជាតិជាច្រើនរូប។

ក្នុងឱកាសនេះ លោកបណ្ឌិតសភាចារ្យឧបនាយករដ្ឋមន្ត្រី បានកោតសរសើរ និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះស្ថានទូតជប៉ុន មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន (CJCC) និងការិយាល័យទំនាក់ទំនងមូលនិធិជប៉ុនប្រចាំភ្នំពេញ ដែលបានខិតខំប្រឹងប្រែងរៀបចំពិធីបុណ្យប្រចាំឆ្នាំដ៏មានសារៈសំខាន់នេះឡើង ដើម្បីដើរតួជាវេទិកាដ៏មានតម្លៃក្នុងការជំរុញការផ្លាស់ប្ដូរវប្បធម៌ ការអប់រំ និងការប្រាស្រ័យទាក់ទងរវាងប្រជាជន និងប្រជាជន ជាពិសេសការបើកឱកាសឱ្យយុវជននៃប្រទេសទាំងពីរបានស្វែងយល់ពីប្រពៃណី និងកសាងចំណងមិត្តភាពឆ្លងដែនប្រកបដោយសាមគ្គីភាព។ លោកបណ្ឌិតសភាចារ្យ បានគូសបញ្ជាក់ថា កម្ពុជា និងជប៉ុនមានចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការជាប្រវត្តិសាស្ត្រដ៏យូរលង់មកហើយ ដែលត្រូវបានពង្រឹងកាន់តែរឹងមាំតាមរយៈភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ។

លោកបណ្ឌិតសភាចារ្យ បានលើកឡើងថា ចំណងមិត្តភាពរវាងប្រជាជាតិទាំងពីរ គឺមិនត្រឹមតែស្ដែងចេញតាមរយៈកិច្ចព្រមព្រៀងផ្លូវការ ឬកិច្ចសហប្រតិបត្តិការរវាងស្ថាប័នប៉ុណ្ណោះទេ ថែមទាំងកើតចេញពីការប្រាស្រ័យទាក់ទង ការស្វែងយល់ពីគ្នាទៅវិញទៅមក និងការផ្សារភ្ជាប់យ៉ាងជិតស្និទ្ធរវាងប្រជាជន និងប្រជាជន ជាពិសេសគឺយុវជនជំនាន់ក្រោយ ដែលជាអ្នកបន្តវេនថែរក្សា និងពូនជ្រំមិត្តភាពនេះទៅអនាគត។

ក្នុងន័យនេះ លោកបណ្ឌិតសភាចារ្យ បានជឿជាក់ថា ពិធីបុណ្យផ្កាយប្រចាំឆ្នាំនេះនឹងបន្តដើរតួជាស្ពានចម្លងវប្បធម៌ដ៏រស់រវើក ក្នុងការបង្កើតផលជះជាវិជ្ជមាន និងពង្រឹងការយល់ដឹងពីគ្នាទៅវិញទៅមកឱ្យកាន់តែស៊ីជម្រៅ ព្រមទាំងជាកម្លាំងចលករក្នុងការបណ្ដុះស្មារតីសាមគ្គីភាព និងភាពជាដៃគូក្នុងចំណោមយុវជននៃប្រជាជាតិទាំងពីរ ដើម្បីរួមគ្នាសម្រេចបាននូវសមិទ្ធផលថ្មីៗ ឆ្ពោះទៅរកការអភិវឌ្ឍប្រកបដោយចីរភាព និងវិបុលភាពរួមគ្នានាថ្ងៃអនាគត។

ជាមួយគ្នានេះ លោក អ៊ូអិណុ អាត់ស៊ូស៊ី (UENO Atsushi) ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា បានបញ្ជាក់ថា ការប្រឡងចម្រៀង ណូដូជីម៉ាន់ លើកទី១៤ មិនត្រឹមតែជាវេទិកាបង្ហាញសមត្ថភាពច្រៀងបទជប៉ុនប៉ុណ្ណោះទេ ប៉ុន្តែក៏ជាមធ្យោបាយជំរុញឱ្យយុវជនសិក្សាភាសាជប៉ុន និងពង្រឹងការផ្លាស់ប្តូរវប្បធម៌រវាងកម្ពុជា និងជប៉ុនផងដែរ។

លោកបានឱ្យដឹងថា ឆ្នាំនេះមានបេក្ខជនដាក់ពាក្យចូលរួមសរុបចំនួន ៥៧ក្រុម ហើយក្រោយវគ្គជម្រុះ គណៈកម្មការបានជ្រើសរើស ១៤ក្រុម ស្មើនឹង ១៦នាក់ ឡើងប្រកួតក្នុងវគ្គផ្តាច់ព្រ័ត្រ។ លោកបានកត់សម្គាល់ថា កម្រិតសមត្ថភាពរបស់បេក្ខជនឆ្នាំនេះ មានភាពលេចធ្លោ និងគួរឱ្យចាប់អារម្មណ៍ ដែលធ្វើឱ្យលោកទន្ទឹងរង់ចាំស្តាប់ការបកស្រាយបទចម្រៀងរបស់បេក្ខជនគ្រប់រូប។ លោក ណាហ្គាសិ កេនស៊ូកិ ក៏បានថ្លែងអំណរគុណដល់ស្ថាប័នដៃគូ និងអ្នកពាក់ព័ន្ធទាំងអស់ ដែលបានរួមចំណែកធ្វើឱ្យការប្រឡងនេះ អាចប្រព្រឹត្តទៅដោយជោគជ័យ៕