លោក ចាន់ យុត្ថា៖ ជំនន់ទឹកភ្លៀងដែលកើតឡើងនាពេលនេះ ជាផលវិជ្ជមានសម្រាប់វិស័យកសិកម្ម, ក្រសួងកំពុងបង្វែរជំនន់ទឹកភ្លៀងពីតំបន់រងគ្រោះ ទៅតំបន់ដែលកំពុងត្រូវការទឹកសម្រាប់បង្កបង្កើនផលស្រូវ (Video inside)
13-07-2026 16:15
(ភ្នំពេញ)៖ លោក ចាន់ យុត្ថា រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម បានលើកឡើងថា ជំនន់ទឹកភ្លៀងដែលកើតឡើងប៉ុន្មានថ្ងៃចុងក្រោយនេះ គឺជាកត្តាវិជ្ជមាន និងផ្តល់ប្រយោជន៍សម្រាប់ វិស័យកសិកម្មនៅកម្ពុជា ខណៈបច្ចុប្បន្ននេះ ក្រសួងកំពុងបង្វែរទឹកជំនន់ពីតំបន់រងគ្រោះ ទៅកាន់តំបន់ដែលកំពុងត្រូវការទឹកសម្រាប់បង្កបង្កើនផលស្រូវ។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោកបានឱ្យដឹងថា ភ្លៀងបានចាប់ផ្តើមធ្លាក់ខ្លាំងតាំងពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០២៦ ដោយធ្លាក់ជាប់ៗគ្នានៅតំបន់ជួរភ្នំក្រវាញ ក្នុងភូមិសាស្ត្រខេត្តបាត់ដំបង ពោធិ៍សាត់ កំពង់ស្ពឺ កោះកុង និងផ្នែកខ្លះនៃខេត្តប៉ៃលិន រួមទាំងតំបន់មាត់សមុទ្រ ដូចជានៅខេត្តកំពត និងខេត្តព្រះសីហនុ ដែលធ្វើឱ្យខេត្តទាំងនេះ កំពុងរងនូវជំនន់ទឹកភ្លៀង។ ចំណែកនៅតំបន់ទំនាបវិញមិនមានបញ្ហាអ្វីនោះទេ។
លោកបានបញ្ជាក់ថា បើទោះបីជានៅខេត្តខ្លះ កំពុងរងនូវជំនន់ទឹកភ្លៀងក្តី ប៉ុន្តែស្ថានភាពពេលនេះគឺមិនអីទេ គឺអាចគ្រប់គ្រងបានទាំងស្រុង ហើយផ្ទុយមកវិញ ភ្លៀងធ្លាក់ជាប់ៗគ្នានេះ បានផលវិជ្ជមានសម្រាប់វិស័យកសិកម្មទៅវិញនោះទេ។
ជាក់ស្តែង នៅខេត្តបាត់ដំបង ភ្លៀងធ្លាក់ខ្លាំងនៅស្រុកសំឡូត បានធ្វើឱ្យទឹកហូរចូលទៅក្នុងអាងទឹកសេកសកយ៉ាងច្រើន។ ក្រសួងបានបើកទ្វារទឹកសេកសក ក្នុងស្រុករតនមណ្ឌល រំដោះទឹកចេញ តាមស្ទឹងសង្កែ និងបានបែងចែកតាមប្រឡាយមេ និងប្រឡាយរង ចូលទៅក្នុងផ្ទៃដីស្រែជាច្រើនម៉ឺនហិកតា ដែលកំពុងត្រូវការទឹកយ៉ាងខ្លាំង ជាពិសេសនៅស្រុកបាណន់ និងតំបន់ជុំវិញ។
លោកបានបញ្ជាក់ថា «កន្លងមកយើងបានជំនន់មួយសារដែរ ប៉ុន្តែការបែងចែកទឹកនឹងមិនគ្រប់គ្រាន់ទេ នៅមានការខ្វះខាតច្រើន ព្រោះអីផ្ទៃដីក្រហត់នេះរហូតដល់៦ម៉ឺនហិកតា។ អ៊ីចឹងទេនេះគឺជាកត្តាវិជ្ជមានវិញទេសម្រាប់ ជំនន់ស្ទឹងសង្កែ»។
ដោយឡែក សម្រាប់ស្ទឹងមង្គលបុរីវិញ នៅផ្នែកខាងលើ ក្នុងស្រុកបវេល និងស្រុកកំរៀងកម្រិតទឹកក៏ចាប់ផ្តើមឡើងដែរ។ លោកបានឱ្យដឹងថា កន្លងមកស្ទឹងនេះ ក៏មានជំនន់ម្តងដែរ ប៉ុន្តែមិនទាន់បានបែងចែកបានគ្រប់គ្រាន់នោះទេ ខណៈដីស្រែមួយចំនួនធំ នៅក្នុងស្រុកបវេល ស្រុកមង្គលបុរី កំពុងត្រូវការទឹក។ ការហក់ឡើងនូវទឹកជំនន់នេះ គឺជារឿងមួយដែលល្អ ក្នុងការបែងចែកទឹកទៅកាន់ប្រព័នស្រោចស្រពផ្សេងៗ៕




