កម្លាំង​កងរាជអាវុធហត្ថ​ស្រុក​ឱរ៉ាល់​ ចុះជួយ​សង្គ្រោះ​ប្រជាពលរដ្ឋ​ជាប់គាំង​ដោយ​ទឹកជំនន់​នៅ​ខ្នងផ្សារ (Video inside)

13-07-2026 16:21

(កំពង់ស្ពឺ)៖ ក្រោម​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​របស់​លោកឧត្តម​សេនីយ៍​ត្រី​ ម៉េ​ង ស្រ៊ុន មេបញ្ជាការកងរាជអាវុធហត្ថខេត្តកំពង់ស្ពឺ នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦ កម្លាំង​ជំនាញ​មូលដ្ឋាន​កងរាជអាវុធហត្ថស្រុក​ឱរ៉ាល់​ បាន​ចុះសហការជាមួយកម្លាំងជំនាញពាក់ព័ន្ធ​នានា​ ដើម្បី​អន្តរាគមន៍​ជួយចម្លងប្រជាពលរដ្ឋដែលជាប់គាំងនៅតំបន់ទឹកជន់លិច ក្នុងតំបន់ទេសចរណ៍ខ្នងផ្សារ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ឲ្យមកកាន់ទីទួលមានសុវត្ថិភាព។

សកម្មភាពជួយអន្តរាគមន៍​នេះ​បាន​ធ្វើឡើង​ភ្លាមៗ​ បន្ទាប់ពី​មាន​ភ្លៀងធ្លាក់​ជាប់ៗ​គ្នា​បណ្តាល​ឲ្យ​កម្ពស់​ទឹក​នៅ​តំបន់​មួយចំនួន​ក្នុង​តំបន់​ទេសចរណ៍​ខ្នងផ្សារ​បាន​ហក់​ឡើង​ខ្ពស់​ រហូត​បង្ក​ឲ្យ​ប្រជាពលរដ្ឋ​មួយចំនួន​ដែល​កំពុង​ធ្វើដំណើរ​ ឬ​ស្នាក់នៅ​ទីនោះ​ត្រូវ​ជាប់គាំង​មិនអាច​បន្តដំណើរ​បាន​។ កម្លាំង​ចម្រុះ​បាន​ប្រើប្រាស់​មធ្យោបាយ​ចាំបាច់​ ដើម្បី​ជម្លៀស​ប្រជាពលរដ្ឋ​ដោយ​សុវត្ថិភាព​ និង​បាន​ផ្តល់​ការណែនាំ​ពី​វិធានការ​ការពារ​ខ្លួន​ពី​គ្រោះថ្នាក់​ផ្សេងៗ​។

លោកឧត្តមសេនីយ៍​ត្រី ម៉េង ស្រ៊ុន ក៏​បាន​អំពាវនាវ​បងប្អូន​ប្រជាពលរដ្ឋ​ ក៏ដូចជា​ភ្ញៀវ​ទេសចរណ៍​ជាតិ​-អន្តរជាតិ​ ដែល​និយម​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​តាម​តំបន់​ព្រៃភ្នំ​ ជាពិសេស​នៅ​តាម​ភ្នំ​ក្នុងស្រុក​ឱរ៉ាល់​ សូម​មេត្តា​បង្កើន​ការប្រុងប្រយ័ត្ន​ឲ្យបាន​ខ្ពស់បំផុត​។

ការ​អំពាវនាវ​នេះ​ធ្វើឡើង​ ខណៈពេល​មេឃ​កំពុងតែ​មាន​ភ្លៀង​ធ្លាក់​ជា​បន្តបន្ទាប់​ ដែល​អាច​បណ្តាល​ឲ្យ​កម្ពស់​ទឹក​ហក់​ឡើង​ខ្ពស់​ជាយថាហេតុ​ និង​អាច​បង្ក​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​។ ការ​យកចិត្ត​ទុកដាក់​របស់​អាជ្ញាធរ​ និង​កម្លាំង​មាន​សមត្ថកិច្ច​ គឺ​ដើម្បី​ធានា​បាន​នូវ​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​ និង​ភ្ញៀវ​ទេសចរណ៍​គ្រប់រូប​៕