វិចារណកថា! ពិព័រណ៍ «ពន្លកបៃតង»៖ ការដាំគ្រាប់ពូជនៃអនាគតបៃតងរបស់កម្ពុជា

13-07-2026 16:24

(ភ្នំពេញ)៖ ដើមឈើមួយដើម តែងចាប់ផ្តើមចេញពីពន្លកដ៏តូចមួយ។ ចលនាជាតិមួយ ក៏ចាប់ផ្តើមចេញពីសកម្មភាពដ៏តូចមួយដូចគ្នា។ ពិព័រណ៍ «ពន្លកបៃតង» មានតម្លៃលើសពីការដាក់តាំងបង្ហាញកូនឈើធម្មតា។

ព្រឹត្តិការណ៍នេះ គឺជានិម្មិតរូបនៃចក្ខុវិស័យវែងឆ្ងាយរបស់ប្រទេសកម្ពុជា ដែលជាចក្ខុវិស័យមួយបំផុសឱ្យប្រជាពលរដ្ឋគ្រប់រូបក្លាយជាអ្នកការពារធម្មជាតិ គ្រប់សហគមន៍ចូលរួមចំណែកការពារធនធានធម្មជាតិ និងមនុស្សគ្រប់ជំនាន់រួមគ្នាផ្ទេរមរតកប្រទេសជាតិដែលមានភាពបៃតងជាងមុន ពីជំនាន់មួយទៅជំនាន់មួយ។

ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១៣ ខែកក្កដា ក្រសួងបរិស្ថានសូមអញ្ជើញប្រជាពលរដ្ឋខ្មែរគ្រប់រូប មកកម្សាន្តក្នុងពិព័រណ៍ «ពន្លកបៃតង» ទទួលយកកូនឈើដោយឥតគិតថ្លៃ និងក្លាយជាចំណែកមួយនៃចលនាជាតិដ៏ធំធេង ដែលនឹងបន្តរីកសាយភាយទៅមុខជាដរាប បើទោះបីជាពិព័រណ៍នេះបញ្ចប់ទៅក្នុងរយៈពេល ៤ថ្ងៃនេះក៏ដោយ។

ពិព័រណ៍នេះ មិនមែនផ្តោតសំខាន់តែលើការដាំដើមឈើប៉ុណ្ណោះទេ ប៉ុន្តែ គឺផ្តោតលើការដាំបណ្តុះនូវតម្លៃគំនិត។ នេះជាការបណ្តុះវប្បធម៌នៃការស្រឡាញ់ធម្មជាតិ ការគោរពធនធានធម្មជាតិ និងការយល់ដឹងច្បាស់ថា កិច្ចគាំពារបរិស្ថាន គឺជាការវិនិយោគដ៏អស្ចារ្យបំផុតមួយសម្រាប់អនាគតនៃប្រទេសជាតិរបស់យើង។

អស់រយៈពេលជាច្រើនឆ្នាំកន្លងមក ការអភិវឌ្ឍច្រើនតែត្រូវបានគេវាស់វែងទៅលើអ្វីដែលយើងបានសាងសង់ឡើង។ ប៉ុន្តែនាពេលបច្ចុប្បន្ននេះ យើងបានយល់ច្បាស់ហើយថា ការអភិវឌ្ឍដ៏ពិតប្រាកដ ក៏ត្រូវវាស់វែងទៅលើអ្វីដែលយើងបានចូលរួមការពារផងដែរ។

ព្រៃឈើដែលមានសុខភាពល្អ ជួយផ្តល់ខ្យល់អាកាសបរិសុទ្ធ ទឹកស្អាត ដីមានជីជាតិ ជីវៈចម្រុះ សន្តិសុខស្បៀង និងកាលានុវត្តភាពសម្រាប់វិស័យទេសចរណ៍ប្រកបដោយចីរភាព។ ព្រៃឈើជួយកាត់បន្ថយផលប៉ះពាល់ពីគ្រោះទឹកជំនន់ គ្រោះរាំងស្ងួត និងកម្តៅខ្លាំង។ ព្រៃឈើក៏ជួយលើកកម្ពស់សុខភាពសាធារណៈ និងពង្រឹងសេដ្ឋកិច្ចជាតិផងដែរ។

រាល់ធនធានធម្មជាតិដែលយើងអភិរក្សបាននៅថ្ងៃនេះ នឹងក្លាយជាទ្រព្យសម្បត្តិដ៏មានតម្លៃ បន្តបម្រើផលប្រយោជន៍ដល់កូនចៅ និងចៅទួតរបស់យើងតទៅថ្ងៃមុខ។ ហេតុដូឆ្នេះហើយ សេចក្តីស្រឡាញ់ចំពោះធម្មជាតិ មិនមែនត្រឹមតែជាការទទួលខុសត្រូវលើផ្នែកបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែ វាគឺជាសកម្មភាពដែស្តែងចេញពីស្នេហាជាតិ ជាការវិនិយោគដើម្បីភាពរុងរឿងរបស់ជាតិ និងជាការប្តេជ្ញាចិត្តខ្ពស់សម្រាប់មនុស្សជំនាន់ក្រោយ។

ក្រសួងបរិស្ថាន បានត្រៀមកូនឈើចំនួន ៥លានដើម ដើម្បីចែកជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅក្នុងឆ្នាំនេះ ដែលនេះជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងក្នុងការបង្កើនគម្របព្រៃឈើរបស់កម្ពុជា តាមរយៈការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន។ ប៉ុន្តែ បំណងប្រាថ្នាដ៏ធំបំផុតរបស់ក្រសួង មិនមែនវាស់វែងត្រឹមតែចំនួនកូនឈើដែលបានចែកចាយនោះឡើយ។

បំណងប្រាថ្នាដ៏ធំបំផុតនោះ គឺការបណ្តុះស្មារតីប្រជាពលរដ្ឋរាប់លាននាក់ ឱ្យមានចិត្តស្រឡាញ់ និងថែទាំដើមឈើដែលពួកគេបានដាំដោយផ្ទាល់ដៃ។ កូនឈើមួយដើមដែលដាក់ទៅក្នុងដៃរបស់កុមារ អាចលូតលាស់ទៅជាដើមឈើដ៏ធំមួយ ហើយអ្វីដែលសំខាន់ជាងនេះទៅទៀត វានឹងដុះដាលទៅជាសេចក្តីស្រឡាញ់ធម្មជាតិជាប់ក្នុងចិត្តពេញមួយជីវិត។

នេះជាវិធីដែលការផ្លាស់ប្តូរប្រកបដោយចីរភាពកើតមានឡើង គឺមិនមែនតាមរយៈយុទ្ធនាការតែមួយលើកនោះទេ ប៉ុន្តែតាមរយៈវប្បធម៌ជាតិមួយ ដែលការការពារព្រៃឈើ ការអភិរក្សប្រភពទឹក ការគោរពសត្វព្រៃ ការកាត់បន្ថយការបំពុល និងការដាំដើមឈើ បានក្លាយជាទម្លាប់ប្រចាំថ្ងៃរបស់មនុស្សគ្រប់រូប។

ចលនានេះ ក៏ចូលរួមគាំទ្រដល់ចក្ខុវិស័យរយៈពេលវែងរបស់កម្ពុជា ក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងការសម្រេចបាននូវអព្យាក្រឹតកាបូន។ ដើមឈើនីមួយៗដែលបានដាំ ជួយស្រូបយកឧស្ម័នកាបូនិច ភាយចេញនូវឧស្ម័នអុកស៊ីសែន ធ្វើឱ្យបរិស្ថានជុំវិញត្រជាក់ត្រជុំ ការពារជីវៈចម្រុះ និងពង្រឹងប្រភពស្រូបកាបូនធម្មជាតិរបស់ប្រទេសជាតិ។

ទោះបីជាការសម្រេចបាននូវអព្យាក្រឹតកាបូន ទាមទារឱ្យមានសកម្មភាពលើគ្រប់វិស័យ រួមមាន ថាមពល ដឹកជញ្ជូន កសិកម្ម ឧស្សាហកម្ម និងការគ្រប់គ្រងកាកសំណល់ក៏ដោយ ក៏ព្រៃឈើដែលមានសុខភាពល្អ នៅតែជាចំណុចខ្លាំងផ្នែកធម្មជាតិដ៏អស្ចារ្យបំផុតមួយរបស់កម្ពុជា នៅក្នុងដំណើរឆ្ពោះទៅមុខនេះ។ ពិព័រណ៍ «ពន្លកបៃតង» បានរំលឹកយើងថា ប្រជាពលរដ្ឋខ្មែរគ្រប់រូប សុទ្ធតែមានតួនាទីរៀងៗខ្លួន។

សិស្សានុសិស្ស អាចដាំដើមឈើនៅសាលារៀន។
ក្រុមគ្រួសារ អាចធ្វើឱ្យផ្ទះសម្បែងរបស់ខ្លួនមានភាពបៃតង។
កសិករ អាចស្តារគម្របដើមឈើឡើងវិញនៅជុំវិញចម្ការ និងប្រភពទឹក។

ក្រុមហ៊ុនអាជីវកម្ម អាចពង្រីកលំហបៃតងនៅកន្លែងធ្វើការ។
សហគមន៍ អាចរួមគ្នាការពារព្រៃឈើ និងសួនច្បារសាធារណៈ។ នៅពេលសកម្មភាពតូចៗរាប់លានត្រូវបានរួមបញ្ចូលគ្នា វានឹងក្លាយជាសមិទ្ធផលជាតិដ៏ធំធេងតែមួយ។
ដើមឈើមួយដើម អាចមើលទៅហាក់ដូចជាគ្មានឥទ្ធិពលអ្វីឡើយ។ ប៉ុន្តែដើមឈើមួយលានដើម អាចផ្លាស់ប្តូរភូមិសាស្ត្រនៃទឹកដីបាន។

ដើមឈើប្រាំលានដើម នឹងជួយពង្រឹងភាពរឹងមាំរបស់ប្រជាជាតិ ហើយប្រជាពលរដ្ឋរាប់លាននាក់ ដែលមានចិត្តស្រឡាញ់ធម្មជាតិ នឹងអាចផ្លាស់ប្តូរអនាគតរបស់ប្រទេសកម្ពុជា។

ថ្វីត្បិតពិព័រណ៍ «ពន្លកបៃតង» នេះមានរយៈពេលតែ ៤ថ្ងៃ ប៉ុន្តែចលនាស្មារតីដែលព្រឹត្តិការណ៍នេះតំណាង គួរតែស្ថិតស្ថេរជារៀងរហូត។

ចូរយើងរួមគ្នាមកជួបជុំគ្នា មិនមែនគ្រាន់តែដើម្បីទទួលយកកូនឈើមួយដើមនោះទេ ប៉ុន្តែគឺដើម្បីរួមគ្នាធ្វើការសន្យា។

សន្យាថានឹងស្រឡាញ់ធម្មជាតិ សន្យាថានឹងការពារធនធានធម្មជាតិរបស់យើង សន្យាថានឹងថែរក្សាដើមឈរគ្រប់ដើមដែលយើងបានដាំ និងសន្យាថានឹងបន្សល់ទុកនូវប្រទេសកម្ពុជាមួយ ដែលកាន់តែស្អាត កាន់តែបៃតង មានសុខភាពល្អ និងមានភាពធន់ជាងមុន ពីព្រោះមរតកដ៏អស្ចារ្យបំផុតដែលយើងអាចបន្សល់ទុកឱ្យកូនចៅរបស់យើង មិនមែនមានត្រឹមតែសេដ្ឋកិច្ចដ៏រឹងមាំ ឬហេដ្ឋារចនាសម្ព័ន្ធដ៏ល្អប្រសើរប៉ុណ្ណោះទេ ប៉ុន្តែគឺជាប្រទេសកម្ពុជាមួយដែលមានជីវិត មានព្រៃឈើដ៏សំបូរបែប ជីវៈចម្រុះដ៏ច្រើន ធនធានធម្មជាតិប្រកបដោយសុវត្ថិភាព មានភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងកំពុងឈានជើងទៅមុខប្រកបដោយទំនុកចិត្ត ឆ្ពោះទៅរកអនាគតប្រកបដោយចីរភាព និងមានកម្រិតកាបូនទាប។

ពិព័រណ៍ «ពន្លកបៃតង» ចាប់ផ្តើមចេញពីកូនរុក្ខជាតិតូចមួយ ប៉ុន្តែ គោលដៅដ៏ពិតប្រាកដរបស់វា គឺបេះដូងរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប៕