ក្រសួងសាធារណការឃាត់ត្រួតពិនិត្យរថយន្តជាង ១លានគ្រឿង រកឃើញរថយន្តផ្ទុកលើសទម្ងន់ជាង ៣២ម៉ឺនគ្រឿង នៅរយៈពេល ៦ខែដើមឆ្នាំនេះ
13-07-2026 16:32
(ភ្នំពេញ)៖ លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ឱ្យដឹងថា ក្រសួងសាធារណការ បានបន្តចុះបង្ក្រាបរថយន្តដឹកលើសទម្ងន់ជាបន្តបន្ទាប់ តាមរយៈទីតាំងស្ថានីយជញ្ជីង និងក្រុមការងារចល័តរបស់ក្រសួង ដែលក្នុងនោះរយៈពេល ៦ខែ ដើម្បីឆ្នាំ២០២៦នេះ ក្រសួងបានឃាត់រថយន្តត្រួតពិនិត្យសរុបចំនួន ១,១៤៤,៦២៣គ្រឿង រកឃើញរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១គ្រឿង, រថយន្តត្រូវពិន័យសរុបចំនួន ៨៥៧គ្រឿង។
ថ្លែងប្រាប់បណ្តាញព័ត៌មាន Fresh News នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦នេះ លោក ផន រឹម បានបញ្ជាក់ឱ្យដឹងថា រយៈពេល ៦ខែ ដើមឆ្នាំ២០២៦នេះ ក្រសួងសាធារណការ បានត្រួតពិនិត្យរថយន្តសរុបចំនួន ១,១៤៤,៦២៣ គ្រឿង, រថយន្តផ្ទុកមិនលើសទម្ងន់ចំនួន ៨២២,៨៦២គ្រឿង និងរកឃើញមានរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១ គ្រឿង ស្មើនឹង ២៨.១១% ។
លោក ផន រឹម បានបន្ថែមថា ក្នុងចំណោមរថយន្តផ្ទុកលើសទម្ងន់ចំនួន ៣២១,៧៦១គ្រឿង ស្មើនឹង ២៨.១១% ក្នុងនេះមាន៖ រថយន្តផ្ទុកលើសទម្ងន់ក្រោម ៥% ចំនួន ៣២០,៩០៤គ្រឿង ស្មើនឹង ២៨.០៤%, រថយន្តផ្ទុកលើសទម្ងន់ពី ៥%ទៅ ១០% ចំនួន ១៩៣គ្រឿង ស្មើនឹង ០.០២% រថយន្តផ្ទុកលើសទម្ងន់ ពី ១០%ទៅ ២០% ចំនួន ២៣១ គ្រឿង ស្មើនឹង ០.០២% រថយន្តផ្ទុកលើសទម្ងន់ លើសពី២០% ចំនួន ៤៣៣ គ្រឿង ស្មើនឹង ០.០៤%, រថយន្តត្រូវពិន័យសរុបចំនួន ៨៥៧គ្រឿង៕

















