ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក៖ បច្ចុប្បន្នយោធិនបើកបៀវត្ស តាមប្រព័ន្ធធនាគារកើនជិត៦,៣០០នាក់

13-07-2026 18:43

(ភ្នំពេញ)៖ លោកឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក អគ្គនាយក អគ្គនាយកដ្ឋានភស្តុភារហិរញ្ញវត្ថុ ក្រសួងការពារជាតិ បានបញ្ជាក់ឲ្យដឹងថា បច្ចុប្បន្ន យោធិនបើកបៀវត្ស តាមប្រព័ន្ធធនាគារ កើនជិត៦,៣០០នាក់ ខណៈក្រសួងការពារជាតិ ចាប់អនុវត្តបើកបៀវត្ស តាមប្រព័ន្ធធនាគារ ក្នុងខែមេសា ឆ្នាំ២០១៤។

ការបញ្ជាក់ឲ្យដឹងបែបនេះ របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក ធ្វើឡើងក្នុងកិច្ចប្រជុំផ្សព្វផ្សាយ និងយកធាតុចូលពីអង្គភាពនីមួយៗ ពាក់ព័ន្ធការបើកផ្តល់បៀវត្ស តាមប្រព័ន្ធធនាគារ ជូនយោធិន ក្នុងកងយោធពលខេមរភូមិន្ទ ក្រោមអធិបតីភាព នាយឧត្តមសេនីយ៍ ចាយ សាំងយុន រដ្ឋលេខាធិការប្រចាំការ ក្រសួងការពារជាតិ នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៦។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានបញ្ជាក់ថា «ក្នុងខែមេសា ឆ្នាំ២០១៤ ក្រសួងការពារជាតិ ចាប់អនុវត្តបើកបៀវត្សតាមប្រព័ន្ធធនាគារ បានចំនួន៤៣១នាក់យោធិន បើកផ្តល់បៀវត្ស តាមប្រព័ន្ធធនាគារ បានកើនឡើងជាបន្តបន្ទាប់ រហូតដល់ឆ្នាំ២០១៧ យោធិនបើកបៀវត្សតាម ATM កើនឡើងដល់ជិត ៣ ០០០នាក់ និងបន្តកើនរហូតមកទល់បច្ចុប្បន្ន មានចំនួន ៦,២៩៧នាក់»។

ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក បានឲ្យដឹងថា ទិសដៅអនុវត្តបន្ត នាយកដ្ឋាននឹងត្រៀមបញ្ជីឈ្មោះ (បញ្ជីគម្រោងបើកប្រាក់បៀវត្សប្រចាំខែ តាមទម្រង់តែមួយដែលបាន កំណត់) គ្រប់បណ្តាអង្គភាពទាំង១០៩ សម្រាប់ត្រៀមបញ្ចូលក្នុងប្រព័ន្ធ។

លើសពីនោះទៀត បន្តពង្រឹងនីតិវិធីអនុវត្តប្រចាំខែ ក្នុងការផ្តល់ទិន្នន័យជូនធនគារជាដៃគូរ សម្រាប់យោធិន បើកបៀវត្សតាមប្រព័ន្ធធនាគារ (ពង្រឹងការរក្សាការ សម្ងាត់កងទ័ព ឱ្យបានខ្ពស់)។ ត្រៀមក្រុមការងារជំនាញ ដើម្បីអនុវត្ត ដោយបណ្តុះបណ្តាល និងពង្រឹងសមត្ថភាពបន្ថែម ទាំងថ្នាក់លើ តាមបណ្តាភូមិភាគ កងពល និងអង្គភាពចំណុះទាំងអស់ ឱ្យចេះប្រើប្រាស់ កម្មវិធីធនាគារឌីជីថល និងប្រព័ន្ធគ្រប់គ្រងការបើកលុយតាមអ៊ុនធឺណិត។

បន្តសហការល្អជាមួយធនាគារដៃគូរ១ និងស្ថាប័នពាក់ព័ន្ធ។ ត្រៀមលក្ខណៈក្នុងការអនុវត្តបើកផ្តល់បៀវត្សតាមប្រព័ន្ធធនាគារជូនយោធិនទូទាំងកងយោធលខេមរភូមិន្ទ តាមការសម្រេចរបស់រាជរដ្ឋាភិបាល។ នេះជាការបញ្ជាក់បន្ថែម របស់ឧត្តមសេនីយ៍ឯក ម៉ឹង ពន្លក៕