កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយគ្រូពេទ្យធ្មេញ ពិនិត្យសុខភាពមាត់ធ្មេញ និងចែកសម្ភារៈសិក្សាដល់សិស្សានុសិស្ស

13-07-2026 18:39

(សៀមរាប)៖ កាលពីថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦ កងរាជអាវុធហត្ថខេត្តសៀមរាប បានសហការយ៉ាងជិតស្និទ្ធជាមួយក្រុមគ្រូពេទ្យធ្មេញ គីម សាន រៀបចំកម្មវិធីពិនិត្យសុខភាពមាត់ធ្មេញ និងចែកសម្ភារៈសិក្សាជូនសិស្សានុសិស្ស នៅសាលាបឋមសិក្សាកំពង់ភ្លុក ស្ថិតនៅភូមិគោកក្តុល ឃុំកំពង់ភ្លុក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

កម្មវិធីមនុស្សធម៌នេះ ត្រូវបានដឹកនាំដោយផ្ទាល់ពីសំណាក់លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ដែលបានចាត់តាំងក្រុមកាងារចូលរួមការពារសន្តិសុខ សុវត្ថិភាព រក្សាសណ្តាប់ធ្នាប់ និងសម្របសម្រួលកម្មវិធីទាំងមូលប្រកបដោយភាពរលូន។ គោលបំណងសំខាន់នៃកម្មវិធីនេះ គឺដើម្បីអប់រំ ផ្សព្វផ្សាយពីសារៈសំខាន់នៃការថែទាំសុខភាពមាត់ធ្មេញ ក៏ដូចជាផ្តល់ឱកាសឱ្យប្អូនៗសិស្សានុសិស្សបានពិនិត្យសុខភាពមាត់ធ្មេញដោយផ្ទាល់ពីក្រុមគ្រូពេទ្យជំនាញ។

ក្រៅពីការពិនិត្យសុខភាពមាត់ធ្មេញ កងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមគ្រូពេទ្យធ្មេញ គីម សាន ក៏បានចែកជូនសម្ភារៈសិក្សាមួយចំនួនដល់ប្អូនៗសិស្សានុសិស្សផងដែរ ដើម្បីជាការលើកទឹកចិត្ត និងជួយសម្រួលដល់ការសិក្សារបស់ពួកគេ។ សកម្មភាពនេះបានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់របស់កងកម្លាំងប្រដាប់អាវុធ ចំពោះសុខុមាលភាព និងអនាគតរបស់កុមារ ដែលជាទំពាំងស្នងឫស្សីរបស់ប្រទេសជាតិ។

កម្មវិធីនេះមិនត្រឹមតែបានផ្តល់អត្ថប្រយោជន៍ផ្នែកសុខភាព និងសម្ភារៈសិក្សាដល់សិស្សានុសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានពង្រឹងចំណងសាមគ្គីភាពរវាងកងកម្លាំងប្រដាប់អាវុធ អាជ្ញាធរមូលដ្ឋាន និងសហគមន៍ ក្នុងការរួមចំណែកអភិវឌ្ឍធនធានមនុស្ស និងលើកកម្ពស់សុខភាពសាធារណៈ។ កងរាជអាវុធហត្ថខេត្តសៀមរាប ប្តេជ្ញាបន្តចូលរួមក្នុងសកម្មភាពសង្គម និងមនុស្សធម៌ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋគ្រប់រូប។