កងរាជអាវុធហត្ថខេត្តសៀមរាប និងក្រុមហ៊ុន TEMPLE GROUP រៀបចំអាហារថ្ងៃត្រង់ជូនសិស្សានុសិស្សសាលាបឋមសិក្សាកំពង់ភ្លុក
13-07-2026 18:42
(សៀមរាប)៖ កងរាជអាវុធហត្ថខេត្តសៀមរាប សហការជាមួយក្រុមហ៊ុន TEMPLE GROUP បានរៀបចំកម្មវិធីអាហារថ្ងៃត្រង់មួយពេលយ៉ាងរីករាយជូនដល់ប្អូនៗសិស្សានុសិស្ស លោកនាយក លោកគ្រូ អ្នកគ្រូ នៃសាលាបឋមសិក្សាកំពង់ភ្លុក នារសៀលថ្ងៃចន្ទ ទី១៣ ខែកក្កដា ឆ្នាំ២០២៦។ ពិធីនេះបានប្រព្រឹត្តទៅក្រោមបរិយាកាសស្និទ្ធស្នាល និងពោរពេញដោយស្នាមញញឹមពីសំណាក់អ្នកចូលរួមទាំងអស់។
ក្នុងឱកាសដ៏វិសេសវិសាលនេះ លោកឧត្តមសេនីយ៍ សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប បានអញ្ជើញចូលរួមដោយផ្ទាល់ រួមជាមួយលោក លី ម៉េង និងលោកស្រី លី គឹមមុី នាយកក្រុមហ៊ុន TEMPLE GROUP ព្រមទាំងក្រុមការងារ។ វត្តមានរបស់ថ្នាក់ដឹកនាំទាំងអស់បានបង្ហាញពីការយកចិត្តទុកដាក់ខ្ពស់ចំពោះសុខុមាលភាព និងការអប់រំរបស់កុមារនៅតាមសហគមន៍។ ក្រៅពីនេះ ក្រុមការងារគ្រូពេទ្យធ្មេញ គីម សាន ក៏បានចូលរួមផងដែរ ដែលបានបន្ថែមភាពសប្បាយរីករាយ និងការយកចិត្តទុកដាក់ដល់សុខភាពមាត់ធ្មេញរបស់ប្អូនៗសិស្សានុសិស្ស។
កម្មវិធីអាហារថ្ងៃត្រង់នេះ មិនត្រឹមតែផ្តល់នូវអាហារូបត្ថម្ភមួយពេលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានបង្កើតនូវអនុស្សាវរីយ៍ល្អៗ និងពង្រឹងចំណងសាមគ្គីភាពរវាងស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន និងសហគមន៍មូលដ្ឋាន។ ការរៀបចំកម្មវិធីបែបនេះ គឺជាផ្នែកមួយនៃការចូលរួមចំណែកក្នុងការលើកកម្ពស់គុណភាពជីវិត និងផ្តល់កម្លាំងចិត្តដល់ប្អូនៗសិស្សានុសិស្សឱ្យខិតខំរៀនសូត្រក្លាយជាទំពាំងស្នងឫស្សីដ៏ល្អសម្រាប់ប្រទេសជាតិ។ ភាពសប្បាយរីករាយដែលបានបង្ហាញឡើងតាមរយៈទឹកមុខញញឹមរបស់ប្អូនៗសិស្សានុសិស្ស គឺជាភស្តុតាងបញ្ជាក់ពីភាពជោគជ័យនៃកម្មវិធីមនុស្សធម៌នេះ។







































