ប្រតិភូក្រសួងព័ត៌មានកម្ពុជា ចូលរួមកិច្ចប្រជុំសារព័ត៌មានតំបន់ និងព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ នៅខេត្តយូណាន ប្រទេសចិន
13-07-2026 20:18
(ភ្នំពេញ)៖ ប្រតិភូក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជើញចូលរួមកិច្ចប្រជុំប្រចាំឆ្នាំ២០២៦ នៃបណ្តាញសារព័ត៌មានអាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍ រួមជាមួយព្រឹត្តិការណ៍ផ្លាស់ប្តូរវប្បធម៌ ដែលប្រព្រឹត្តទៅពីថ្ងៃទី១៣ ដល់ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦ នៅខេត្តយូណាន សាធារណរដ្ឋប្រជាមានិតចិន។
កិច្ចប្រជុំនេះធ្វើឡើងក្រោមប្រធានបទ «សម្លឹងឆ្ពោះទៅទិសខាងត្បូងតាមរយៈទស្សនៈនៃទីក្រុង»។
ប្រតិភូកម្ពុជា ដឹកនាំដោយលោក ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន បានចូលរួមក្នុងកម្មវិធីសំខាន់ៗជាច្រើន រួមមាន ពិធីបើកកិច្ចប្រជុំ កិច្ចពិភាក្សាអំពីការប្រាប់រឿងរ៉ាវជាតិ កិច្ចប្រជុំតុមូលស្តីពីប្រព័ន្ធផ្សព្វផ្សាយ កិច្ចប្រជុំស្តីពីកិច្ចសហប្រតិបត្តិការសារព័ត៌មានយូណាន-កម្ពុជា ព្រមទាំងកម្មវិធីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការទំនាក់ទំនងរវាងប្រជាជន។ កិច្ចប្រជុំនេះមិនត្រឹមតែជាវេទិកាវិជ្ជាជីវៈសារព័ត៌មានប៉ុណ្ណោះទេ ប៉ុន្តែក៏ជាវេទិកាសំខាន់សម្រាប់ការសន្ទនា ការទូតវប្បធម៌ ការយល់ដឹងទៅវិញទៅមក និងការពង្រឹងមិត្តភាពក្នុងតំបន់ផងដែរ។
ក្នុងឱកាសនេះ ប្រតិភូកម្ពុជាក៏បានចូលរួមកិច្ចប្រជុំទ្វេភាគីស្តីពីការលើកកម្ពស់កិច្ចសហប្រតិបត្តិការយូណាន-កម្ពុជា តាមរយៈការបណ្តុះបណ្តាល ការផ្លាស់ប្តូរមាតិកា ការផលិតរឿងរ៉ាវរួម ការកសាងសមត្ថភាពឌីជីថល និងការពង្រឹងបណ្តាញវិជ្ជាជីវៈសារព័ត៌មាន។ លើសពីនេះគណៈប្រតិភូបានចូលរួមកម្មវិធីផ្លាស់ប្តូរវប្បធម៌ ទេសចរណ៍ និងការសន្ទនារវាងទីក្រុង រួមទាំងកិច្ចសន្ទនាអភិបាលក្រុងពិភពលោកឆ្នាំ២០២៦ នៅស៊ីស្វាងប៉ាន់ណា ដែលផ្តោតលើការរួមបញ្ចូលគ្នារវាងការអភិរក្សធម្មជាតិ ការអភិវឌ្ឍទីក្រុង និងការរស់នៅដោយសុខដុមរមនាជាមួយបរិស្ថាន។
ការចូលរួមរបស់ប្រតិភូក្រសួងព័ត៌មានកម្ពុជាក្នុងកម្មវិធីនេះ បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការបន្តពង្រឹងកិច្ចសហប្រតិបត្តិការសារព័ត៌មាន និងវប្បធម៌ជាមួយប្រទេសចិន និងបណ្តាប្រទេសក្នុងតំបន់អាស៊ីខាងត្បូង និងអាស៊ីអាគ្នេយ៍។ នេះក៏ជាឱកាសដ៏សំខាន់សម្រាប់កម្ពុជាក្នុងការចែករំលែករឿងរ៉ាវជាតិរបស់ខ្លួន ដែលជារឿងរ៉ាវនៃសន្តិភាព ការអភិវឌ្ឍ ការរក្សាបេតិកភណ្ឌវប្បធម៌ និងការធ្វើទំនើបកម្មវិស័យព័ត៌មានក្នុងយុគសម័យឌីជីថល។
តាមរយៈកិច្ចប្រជុំ និងកម្មវិធីផ្លាស់ប្តូរនានា ក្រសួងព័ត៌មានកម្ពុជាបានបញ្ជាក់ពីការត្រៀមខ្លួនក្នុងការបន្តពង្រឹងភាពជាដៃគូ ដើម្បីជំរុញការផ្លាស់ប្តូរមាតិកា ការបណ្តុះបណ្តាលអ្នកសារព័ត៌មាន ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលប្រកបដោយសីលធម៌ ការប្រយុទ្ធប្រឆាំងព័ត៌មានក្លែងក្លាយ និងការលើកកម្ពស់សារព័ត៌មានដែលមានវិជ្ជាជីវៈ សុចរិតភាព និងការទទួលខុសត្រូវចំពោះសាធារណជន៕






