សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រគេនទានព្រះវស្សា ទេយ្យទាន និងបច្ច័យដល់វត្តចំនួន៧នៅខេត្តត្បូងឃ្មុំ និងក្រចេះ
26-07-2026 11:38
(ត្បូងឃ្មុំ)៖ ទៀនព្រះវស្សាចំនួន៧គូ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈជាច្រើនមុខ ប្រេងកាត និងបច្ច័យ ដែលជាអំណោយកើតចេញពីទឹកចិត្តដ៏សប្បុរសធម៌បំផុតរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសម្បរសជននានា ត្រូវបានឧត្តមសេនីយ៍ឯក ស៊ិន ស៊ន និងលោកស្រី ឈួន សុខលាង រួមទាំងនាយទាហាន នាយទាហានរង នៃបញ្ជាការដ្ឋានកងឯកភាពអង្គរក្សសម្តេចតេជោ នាំយកទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សាអស់កាលត្រីមាស ក្នុងទីអារាមចំនួន៧ ក្នុងខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ កាលពីព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥៦។
ទៀនព្រះវស្សា រួមទាំងទ័យទាន និងបច្ច័យដ៏សប្បរសធម៌ទាំងអស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងសប្បុរសជននានា បានប្រារព្វធ្វើឡើងរួមគ្នានៅទីអារាមវត្តតេជសុវណ្ណភូមិ ដែលជាទីអារាមកកើតថ្មី ស្ថិតក្នុងភូមិនិគមលើ ឃុំស្រឡប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។ ទីអារាមទាំង៧ ដែលទទួលបានទៀនព្រះវស្សា គ្រឿងឧបភោគ បរិភោគ បច្ច័យ ភេសជ្ជៈ និងប្រេងកាត ដែលជាអំណោយដ៏សប្បុរសធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត នៅពេលនោះរួមមាន វត្តព្រៃអង្គរក្នុង ហៅហ្លូងព្រះស្តេចកន វត្តពន្លៃ អង្គរក្រៅ វត្តទួលសាលា ហៅវត្តខ្នារ វត្តតេជសុវណ្ណភូមិ ខេត្តត្បូងឃ្មុំ វត្តឬស្សីកែវ និងវត្តប្រម៉ា ខេត្តក្រចេះ ក្នុងមួយវត្តៗទទួលបានទៀនព្រះវស្សាមួយគូ បច្ច័យមួយចំនួន រួមទាំងគ្រឿងឧបភោគ បរិភោគ ប្រេងកាត និងភេសជ្ជៈជាច្រើនមុខ។
លោកឧត្តមសេនីយ៍ឯក ស៊ិន ស៊ន បានលើកឡើងថា ជារៀងរាល់ឆ្នាំសម្តេច តេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត តែងតែចាត់តាំងឱ្យរូបលោក និងសហការីទាំងអស់ នៃបញ្ជាការដ្ឋានអង្គរក្សនាំយកទៀនព្រះវស្សា បច្ច័យ រួមទាំងគ្រឿងឧបភោគ បរិភោគ ភេសជ្ជៈ និងប្រេងកាត យកមកវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា ក្នុងទីអារាមទាំងប្រាំពីរនេះ មិនដែលអាក់ខានម្តងណាឡើយ ដោយសាទីអារាមទាំងនេះ មានការលំបាកខ្វះខាត និងស្ថិតនៅតំបន់ជនបទឆ្ងាយដាច់ស្រយាល។
លោកឧត្តមសេនីយ៍ឯក ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតប្រគេន និងជូនចំពោះព្រះសង្ឃ ពុទ្ធបរិស័ទ និងប្រជាពលរដ្ឋចំណុះជើងវត្តទាំង៧ ដែលបានខិតខំថែរក្សាការពារ និងកសាងសមិទ្ធផលនានា ក្នុងទីអារាមនីមួយៗ មានការរីកចំរើនយ៉ាងឆាប់រហ័សពីមួយឆ្នាំទៅមួយឆ្នាំ ដែលបង្ហាញពីការគោរពស្រឡាញ់ប្រតិបត្តិយ៉ាងខ្ជាប់ខ្ជួន រវាងព្រះសង្ឃ និងពុទ្ធបរិស័ទក្នុងការលើកស្ទួយវិស័យព្រះពុទ្ធសាសនាឱ្យកាន់តែរឹងមាំ និងដើម្បីជាសក្ខីភាព នៃការគោរពប្រតិបត្តិរបស់ព្រះសង្ឃ ពុទ្ធបរិស័ទជាយូរអង្វែងតរៀងទៅ។
ជាមួយមនុញ្ញផលកើតចេញពីសទ្ធាចិត្តជ្រះថ្លានោះ ព្រះសង្ឃ និងពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ បានលើកឧទ្ទិសបួងសួងដល់វត្ថុសក្តិសិទ្ធទេវតាថែរក្សាក្នុងលោក តាមអភិបាលប្រោសព្រំបីបាច់ថែរក្សាការពារ សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន រួមទាំងបុត្រា បុត្រី និងចៅៗទាំងអស់របស់សម្តេចទាំងទ្វេ សូមមានសុខភាពល្អបរិបូរ កម្លាំងពលំ មាំមួន អាយុយឺនយូរ មានប្រាជ្ញាស្មារតីភ្លឺថ្លា ដើម្បីបន្តដឹកនាំស្ថាប័នព្រឹទ្ធសភា និងស្ថាប័នមនុស្សធម៌កាកបាទក្រហមកកម្ពុជា ឱ្យកាន់តែរីកចំរើនរឹងមាំជានិច្ចនិរន្តតរៀងទៅ។ ម៉្យាងវិញទៀត សូមឧទ្ទិសមនុញ្ញផលជូនដល់សន្ធិវិញ្ញាណបុព្វការីជន មានមាតាបិតាញ្ញាតិការទាំងពីរសណ្តានរបស់សម្តេចតេជោ និងសម្តេចកិត្តព្រឹទ្ធបណ្ឌិត រួមទាំងវិញ្ញាណក្ខន្ធមហាឧបាសិកា លីន គ្រី អ្នកឧកញ៉ាមហាឧបាសិកាធម្មញ្ញាណវិវឌ្ឍនា ប៊ុន ស៊ាងលី ត្រូវជាមាតាបិតាបង្កើតសម្តេចកិត្តិព្រឹទ្ធបណ្ឌិត លោកស្រីមហាសទ្ធាភិរក្ខធម្មសិរីរតន៍ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៏ ប៊ុន សុថា អ្នកឧកញ៉ាមហាភក្តីសប្បុរសភោគាធិបតី ហ៊ុន នាង និងមហាឧបាសិកា ឌី ប៉ុក ត្រូវជាមាតាបិតាបង្កើតសម្តេចតេជោ កូនប្រុស ហ៊ុន កំសត់ ដែលបានចែកឋានទៅកាន់លោកខាងមុខនោះ ហើយ សូមបានយោងយិតទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតដោយប្រការណាមួយឡើយ។
ក្នុងពិធីតាមបែបសាសនានោះដែរ លោក លោកស្រី ជាពុទ្ធបរិស័ទទាំងអស់ អញ្ជើញសិតទៀនព្រះវស្សា និងបិទមាសព្រះពុទ្ធរូបអង្គធំ ក្នុងទីអារាមវត្តតេជសុវណ្ណភូមិ តាមទំនៀមទំលាប់ប្រពៃណីសាសនា។
សូមបញ្ជាក់ថា ក្នុងពិធីនោះ លោក ស៊ិន ស៊ន និងលោកស្រី រួមទាំងសប្បរសជន និងពុទ្ធបរិស័ទទាំងអស់ បានបរិច្ចាគបច្ច័យ ដើម្បីកសាងព្រះវិហាថ្មីវត្តតេជសុវណ្ណភូមិ ដែលព្រះសង្ឍ និងពុទ្ធបរិស័ទចំណុះជើងវត្តទើបកសាងថ្មី ជាង២០ភាគរយ។ លោក ស៊ិន ស៊ន និងលោកស្រី នាំយកអំណោយចែកជូនពុទ្ធបរិស័ទចំណុះជើងវត្តទាំង៧ ជាង ១ពាន់នាក់ ដោយម្នាក់ៗទទួលបានក្រណាត់ស១ដុំ ឬសារ៉ុង១ អមដោយថវិកា២ម៉ឺនរៀល។
លោកឧត្តមសេនីយ៍ និងលោកស្រី ក៏បានឧបត្ថម្ភថវិកាមួយចំនួនចែកជូនសិស្សានុសិស្ស និងកុមារក្រីក្រតាមបណ្តាវត្តទាំង៧។ ក្នុងពិធីនោះ លោកឧត្តមសេនីយ៍ និងលោកស្រី និងថ្នាក់ដឹកនាំទាំងអស់ បានមូលមតិគ្នាជាឯកច្ឆ័ន្ទបរិច្ចាគថវិកាមួយចំនួន ក្នុងការកសាងសមិទ្ធផលសង្គមបម្រើឱ្យវិស័យព្រះពុទ្ធសាសនាក្នុងទីអារាមនៃវត្តចំនួន៦ផ្សេងទៀ៕












