រដ្ឋបាលស្រុកអង្គរបូរី ប្រជុំពិភាក្សា លើការអនុវត្តគម្រោងកាត់បន្ថយការបំភាយឧស្ម័នមេតាន ក្នុងវិស័យកសិកម្ម
26-07-2026 12:25
(តាកែវ)៖ ដើម្បីចូលរួមចំណែកកាត់បន្ថយផលប៉ះពាល់បរិស្ថាន និងលើកកម្ពស់បច្ចេកទេសកសិកម្មទំនើប នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៦ លោក ឈឹម ធី អភិបាលរង តំណាងអភិបាលស្រុកអង្គរបូរី បានអញ្ជើញជួបសំណេះសំណាល និងពិភាក្សាការងារជាមួយក្រុមការងារគម្រោង BRIC នៃអង្គការ GIZ, អង្គការ VCAO, អង្គការសម្ព័ន្ធភាពដៃគូ ដើម្បីការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ (CPDD) និងតំណាងក្រុមហ៊ុន ThanksCarbon។
កិច្ចប្រជុំពិភាក្សានេះ ធ្វើឡើងក្នុងគោលបំណងពង្រឹងកិច្ចសហការ និងសិក្សាឈ្វេងយល់ ព្រមទាំងផ្លាស់ប្តូរបទពិសោធន៍ជាក់ស្តែង អំពីការអនុវត្តគម្រោង «ការកាត់បន្ថយការបំភាយឧស្ម័នមេតាន តាមរយៈការអនុវត្តបច្ចេកទេសស្រោចស្រពសើម-ស្ងួត (Alternate Wetting and Drying - AWD)» នៅក្នុងដែនដីស្រុកអង្គរបូរី ខេត្តតាកែវ។
នៅក្នុងឱកាសនោះ លោក ឈឹម ធី បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅ និងវាយតម្លៃខ្ពស់ចំពោះគំនិតផ្តួចផ្តើមនៃគម្រោង AWD នេះ ដោយលោកបានបញ្ជាក់ថា ការអនុវត្តបច្ចេកទេសសើម-ស្ងួត (AWD) ក្នុងការធ្វើកសិកម្មស្រូវ មិនត្រឹមតែជួយកាត់បន្ថយការបំភាយឧស្ម័នផ្ទះកញ្ចក់ (ឧស្ម័នមេតាន) ចូលទៅក្នុងបរិយាកាសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយសន្សំសំចៃប្រភពទឹក បន្ថយថ្លៃដើមផលិតកម្ម និងបង្កើនទិន្នផលស្រូវប្រកបដោយចីរភាពជូនប្រជាកសិករក្នុងមូលដ្ឋានផងដែរ។
តំណាងក្រុមការងារចម្រុះនៃគម្រោង ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋបាលស្រុកអង្គរបូរី ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរ និងបានប្តេជ្ញាចិត្តថា នឹងបន្តធ្វើការយ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងប្រជាកសិករ ដើម្បីជំរុញឱ្យការអនុវត្តគម្រោង AWD នេះទទួលបានជោគជ័យ និងបង្កើតផលវិជ្ជមានពិតប្រាកដដល់បរិស្ថាន និងសេដ្ឋកិច្ចគ្រួសារកសិករក្នុងស្រុកអង្គរបូរី៕














