គ្រួសារកូនភ្លោះបីទី៤៣៩ ជាកូនកម្មការិនី ទទួលបានអំណោយពី​សម្តេច​តេជោ, សម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត, សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត

26-07-2026 12:31

(ភ្នំពេញ)៖ គ្រួសារសម្រាលបានកូនភ្លោះបីមួយគ្រួសារទៀតហើយ ទទួលបាន​អំណោយ​ពី​សម្តេច​​តេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន, សម្តេចមហា​បវរ​ធិបតី ហ៊ុន ម៉ា​ណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទ​មុន្នី ហ៊ុនម៉ាណែត។ នេះជា​គ្រួសារ​សម្រាលកូន​ភ្លោះ៣ ទី៤៣៩ហើយ ដែល​ទទួល​បានអំណោយពីថ្នាក់ដឹក​នាំ​ជាតិ សម្រាលការលំបាកក្នុង​ជីវភាព។

អំណោយសប្បុរសធម៌របស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរ​ធិប​តី និង​លោកជំទាវបណ្ឌិត ត្រូវបានលោក សេង ទៀង ​នាយករងខុទ្ទកាល័យ​សម្តេចមហាបវរធិបតី នាំយកទៅប្រគល់ជូន​ដល់​ដៃ​គ្រួសារកូនភ្លោះបីនៅភូមិគោក ឃុំរំចេក ស្រុកព្រះស្តេច ខេត្តព្រៃវែង នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦នេះ។ អំណោយរួមមានថវិកា ១០លាន​រៀល អង្ករ ៥០គីឡូក្រាម ទឹកដោះគោ ២កេសធំ ស្កសរ ៥គីឡូក្រាម សារុង២ និង​ក្រម៉ា​២។

ទារកភ្លោះបីដែលទទួលបានអំណោយដ៏សម្បុរសរបស់ថ្នាក់ដឹកនាំជាតិនេះ គឺ​ជា​កូនលើក​ទី​២ក្នុងគ្រួសារ មានឪពុកឈ្មោះ យោន ឆៃ អាយុ ៣០ឆ្នាំ មុខរបរ​លក់ដូរ ម្តាយឈ្មោះ ស៊ុន ស្រីណែត អាយុ ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ។ ទារកភ្លោះទាំងបីនាក់នេះ សម្រាលនៅថ្ងៃទី៧ ខែ​មិថុនា ឆ្នាំ២០២៦ នៅមន្ទីរ​ពេទ្យកាល់ម៉ែត រាជធានីភ្នំពេញ។

នៅចំពោះមុខគ្រួសារកូនភ្លោះ៣នាក់នេះ លោក សេង ទៀង មាន​ប្រ​​សា​​សន៍​នាំយក​នូវ​ការ​​​ផ្តាំ​​ផ្ញើ​សាក​សួរ​សុខ​ទុក្ខ ដោយ​​​សេច​​​ក្តី​នឹក​រលឹក​យ៉ាង​​ជ្រាល​ជ្រៅ​​បំផុត ពី​សម្តេច​​តេ​​​ជោ និង​សម្តេច​​​កិត្តិ​​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាប​វ​រធិបតី​នា​យក​រដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលជា​និច្ច​កាល​សម្តេច និងលោកជំទាវ​បណ្ឌិត ​តែង​តែ​​នឹក​រលឹក​សណ្តោ​សប្រណី ចំពោះ​​ប្រ​ជា​​ពល​​រដ្ឋនៅ​គ្រប់​​ទីកន្លែង​​​ទាំង​អស់ក្នុង​ប្រទេស​កម្ពុជា។

​នាយករងខុទ្ទកាល័យសម្តេចនាយករដ្ឋមន្ត្រី ​បាន​ឱ្យ​ដឹង​​ដែរ​ថា ការជួយដល់​គ្រួសារ​មានកូន​ភ្លោះ​៣ ឬ៤នាក់​នេះ ជាការ​ទឹកចិត្តសណ្តោសប្រណី និងគិតគូរ​ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ​បណ្ឌិត តាំងពីឆ្នាំ​១៩៩៩មកម្ល៉េះ។ ​មក​ដល់​បច្ចុ​​ប្បន្ន​​នេះ មាន​រយៈ​ពេល​ជាង ២៧​ឆ្នាំ​ហើយ។ ២៧ឆ្នាំកន្លងមកនេះ មាន​គ្រួសារ​សម្រាលកូន​ភ្លោះបី​នាក់ ឬ​​បួន​នាក់ ​ចំនួន ​​៤៣៨គ្រួ​សារ​​​​​ហើយ បាន​ទទួល​​​អំ​ណោយ​ឧបត្ថម្ភ​ដ៏សប្បុរស​ធម៌ពី​សម្តេច​តេ​ជោ ​និង​សម្តេច​កិត្តិ​ព្រឹទ្ធ​​បណ្ឌិត ជួយ​ទំនុក​បម្រុង ដោះស្រាយ​​ការ​លំ​បាក​ខ្វះ​ខាត​ក្នុង​ជីវភាព​ ជាពិ​សេស​ការ​​ចិញ្ចឹម​បីបាច់កូន​ភ្លោះ​បី​នាក់។

លោក សេង ទៀង បានគូសបញ្ជាក់ផងដែរថា ការឧបត្ថម្ភ​ទាំង​អស់​នេះ មិន​​មែន​ជា​អំ​ណោយ​របស់​រាជរដ្ឋា​ភិបាល អំណោយ​របស់​​កាក​បាទ​ក្រ​ហម​កម្ពុជា ឬអំ​ណោយ​របស់​គណបក្ស​បម្រើឱ្យ​សកម្ម​ភាព​នយោ​បាយ​នោះទេ។ ​អំណោយ​ទាំង​អស់​នេះ គឺ​ជា​អំណោយ​ទាន​កើតចេញ​ពីទឹក​ចិត្ត​ប្រកប​ដោយ​​​​​ការ​គិត​គួរ​ខ្ពស់របស់​សម្តេច​តេជោ​ សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត សម្តេចមហាបវរ​ធិបតី​នាយករដ្ឋមន្ត្រី និងលោកជំទាវបណ្ឌិត ដែលបាន​ឈ្វេង​យល់​​ពីការ​លំបាក​ពិត​ប្រាកដ ចំ​ពោះ​ប្រជាពលរដ្ឋ​សម្រាលកូន​ភ្លោះបី ឬ​បួន​នាក់ មិនថាមាន ឬក្រ ជាតិសាសន៍អ្វីទាំងអស់ ឱ្យតែ​សម្រាលនៅកម្ពុជា។

សូមបញ្ជាក់ថា ការឧបត្ថម្ភនេះ កាលពីដើមឡើយ គឺមានតែអំណោយ​របស់សម្តេច​តេ​ជោ និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៉ុណ្ណោះ។ មរតកទឹកចិត្តមនុស្សធម៌ សេចក្តីអាណិត​អាសូររបស់​សម្តេច​តេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានបង្ហូរបន្តដល់សម្តេចមហា​បវរ​ធិប​តី និងលោកជំទាវ​បណ្ឌិតផងដែរ។

បន្ទាប់ពីឡើងកាន់ការងារជានាយករដ្ឋមន្ត្រី សម្តេចមហាបវរធិបតី និងលោកជំទាវ​បណ្ឌិត ក៏បន្ត​តាម​លំអានដួងចិត្តមេត្តាធម៌របស់សម្តេចតេជោ និងសម្តេចកិត្តិ​ព្រឹទ្ធ​បណ្ឌិត ហើយបានចូលរួម​ឧបត្ថម្ភ​ដល់គ្រួសារសម្រាលកូនភ្លោះ៣នាក់ ឬ៤នាក់​ផង​ដែរ។

សម្តេចមហាបវរធិបតី និងលោកជំទាវបណ្ឌិត តែងចូលរួមឧបត្ថម្ភជាថវិកា​ចំនួន ៥​លាន​រៀល។ គ្រួសារខាងលើនេះ ជាគ្រួសារលើកទី១៥ហើយ ដែលទទួល​បាន​ថវិកា​ឧបត្ថម្ភ​ពី​សម្តេចមហាបវរ​ធិបតី និងលោកជំទាវបណ្ឌិត។

ក្រុមកគ្រួសារកូនភ្លោះបី បានបានបង្ហាញនូវទឹកចិត្តសប្បាយរីករាយដោយ​ទទួល​បានការ​​យកចិត្តទុកដាក់ខ្ពស់ពីថ្នាក់ដឹកនាំជាតិ ព្រមទាំងបាន​ថ្លែង​អំណរ​គុណយ៉ាងជ្រាលជ្រៅបំផុត និងប្រកបដោយក្តីគោរពកតញ្ញូតាធម៌ ជូនសម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត សម្តេចមហាបវរធិបតីនាយក​រដ្ឋ​មន្ត្រី និងលោកជំទាវបណ្ឌិត ដែលតែងតែតម្កល់ផលប្រយោជន៍ និងទុក្ខ​លំបាក​របស់ប្រជាជន គឺជាក្តីកង្វល់ និងទុក្ខលំបាករបស់របស់ខ្លួនដែរ៕