លោក ទីវ តារារិទ្ធ ទូតសុឆន្ទៈទេសចរណ៍ បញ្ចប់បេសកកម្មជិះកង់ជុំវិញពិភពលោក លើកកម្ពស់កិត្តិនាមកម្ពុជា

26-07-2026 12:35

(ភ្នំពេញ)៖ លោក ទីវ តារារិទ្ធ ដែលជាទូតសុឆន្ទៈទេសចរណ៍ប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ បានបញ្ចប់ដោយជោគជ័យនូវបេសកកម្មជិះកង់ជុំវិញពិភពលោក ដើម្បីចូលរួមលើកកម្ពស់វិស័យទេសចរណ៍កម្ពុជា។

ក្នុងដំណើរដ៏អស្ចារ្យនេះ លោកបានជិះកង់ឆ្លងកាត់ទ្វីបអាស៊ី អឺរ៉ុប និងបញ្ចប់នៅតំបន់អាហ្រ្វិចខាងត្បូង ក្នុងចម្ងាយផ្លូវសរុប ៥៨,០០០គីឡូម៉ែត្រ ដោយឆ្លងកាត់ប្រទេសចំនួន៤០ និងចំណាយពេល ២ឆ្នាំពេញ។

លោក ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអនុញ្ញាតជូនលោក ទីវ តារារិទ្ធ និងសហការី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ ព្រមទាំងចែករំលែកបទពិសោធន៍ដ៏មានតម្លៃពីការធ្វើដំណើររបស់លោក។

លោករដ្ឋមន្ត្រីបានថ្លែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទេពកោសល្យ ឆន្ទៈខ្ពស់ បទពិសោធន៍ ការតស៊ូ និងស្មារតីស្រឡាញ់ជាតិរបស់លោក ទីវ តារារិទ្ធ ក្នុងការផ្សព្វផ្សាយរូបភាពវិជ្ជមានរបស់កម្ពុជា ក៏ដូចជាការចូលរួមសកម្មភាពមនុស្សធម៌ និងសង្គម។

ជាមួយគ្នានេះ រដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងទេសចរណ៍ស្វាគមន៍ និងគាំទ្រចំពោះគំនិតផ្តួចផ្តើមនានាដែលចូលរួមផ្សព្វផ្សាយសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសការនាំយកអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក។

ជាក់ស្តែង កាលពីថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៦ កន្លងទៅ លោករដ្ឋមន្ត្រីក៏បានគាំទ្រដល់បេសកកម្មនៃការបើកបរទោចក្រយានយន្តពីកម្ពុជាឆ្ពោះទៅកាន់ពិព័រណ៍ម៉ូតូអន្តរជាតិ EICMA នៅទីក្រុង Milan ប្រទេសអ៊ីតាលីផងដែរ។

គំនិតផ្តួចផ្តើម និងសកម្មភាពទាំងនេះ ពិតជាបានរួមចំណែកជំរុញការផ្សព្វផ្សាយកិត្តិនាមកម្ពុជាទៅកាន់ពិភពលោក និងលើកកម្ពស់វិស័យទេសចរណ៍ ក៏ដូចជាជំរុញការវិនិយោគនៅកម្ពុជា។ ក្រសួងទេសចរណ៍នឹងបន្តខិតខំជំរុញគំនិតផ្តួចផ្តើម និងគាំទ្ររាល់បេសកកម្មនានាដែលនាំអច្ឆរិយភាពកម្ពុជាទៅកាន់ពិភពលោក ដើម្បីនាំពិភពលោកមកកម្ពុជាវិញ៕