ឧបនាយករដ្ឋមន្ត្រី ស សុខា ដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង

26-07-2026 14:33

(ព្រៃវែង)៖ លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង នៅរសៀលថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញដឹកនាំកិច្ចប្រជុំបូកសរុបសកម្មភាព និងលទ្ធផលការងារចុះមូលដ្ឋានប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង។

លោក សួន សុម៉ាលីន អភិបាលខេត្តព្រៃវែង បានលើកឡើងអំពីសកម្មភាពខ្លះៗ ដែលក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តព្រៃវែង បានចូលរួមអនុវត្តការងារ និងបានចូលរួមគាំទ្រការ អនុវត្តកម្មវិធីគោលនយោបាយអាទិភាពទាំង៦ និងវិធានការគន្លឹះទាំង៥ របស់រាជរដ្ឋាភិបាលនីតិកាទី៧ នៃរដ្ឋសភា រួម ទាំងការគាំទ្រនិងជំរុញការអនុវត្តគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ ក្នុងការផ្តល់សេវាជូនប្រជាពលរដ្ឋ តាមយន្តការច្រកចេញចូលតែមួយ។

លោកអភិបាលខេត្តបានបន្តថា ទាំងអស់នេះបានចូលរួមចំណែកក្នុងការចូលរួមជំរុញការផ្តល់សេវាសុខាភិបាល ជូនប្រជាពលរដ្ឋដើម្បីលើកកម្ពស់សុខុមាល ភាពប្រជាពលរដ្ឋ ឲ្យបានល្អប្រសើរតាមរយៈការសាងសង់ហេដ្ឋារចនាសម្ព័ន្ធសុខាភិបាល និងការចាត់តាំងមន្ត្រី សុខាភិបាលចុះដល់មូលដ្ឋានផ្ទាល់។

ក្នុងឱកាសនោះ លោកអភិសន្តិបណ្ឌិត ស សុខា បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានគ្រប់លំដាប់ថ្នាក់ និងអាជ្ញាធរដែនដី ដែលបានសហការគ្នាយ៉ាងល្អប្រសើរក្នុងការបម្រើប្រជាពលរដ្ឋនាពេលកន្លងមក។

លោកឧបនាយករដ្ឋមន្ត្រី ក៏បានផ្តល់អនុសាសន៍ណែនាំសំខាន់ៗមួយចំនួន មាន បន្តចុះជាប់ជាមួយប្រជាពលរដ្ឋ ដោយត្រូវក្តាប់ឲ្យបានច្បាស់ពីសុខទុក្ខ និងសំណូមពររបស់ពលរដ្ឋនៅតាមមូលដ្ឋាន ដោយដោះស្រាយឲ្យបានទាន់ពេលវេលា និងមានតម្លាភាព បន្តជំរុញដល់ការអនុវត្តគោលនយោបាយ «ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព» ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ជាពិសេសការបង្ក្រាបបទល្មើសគ្រឿងញៀន ល្បែងស៊ីសង និងចោរកម្ម បង្កើនល្បឿននៃការផ្តល់សេវារដ្ឋបាលជូនប្រជាពលរដ្ឋឲ្យបានឆាប់រហ័ស ងាយស្រួល និងប្រកបដោយទំនួលខុសត្រូវខ្ពស់៕