លោកស្រីបណ្ឌិត អ៊ុក ម៉ាលី ថ្វាយប្រគេនទៀនព្រះវស្សា និងទេយ្យទាន ចំពោះសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង និងព្រះសង្ឃ គង់ចាំព្រះវស្សាវត្ដមុន្នីសុវណ្ណ ហៅវត្ដចំពុះក្អែក
26-07-2026 14:37
(ភ្នំពេញ)៖ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី សមាជិកាគណៈកម្មការទី២ ព្រឹទ្ធសភា និងជាអគ្គហេរញ្ញិកកាកបាទក្រហមកម្ពុជា គឺជាពុទ្ធសាសនូបត្ថម្ភដ៏ជ្រះថ្លា ក្នុងព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋ, នៅថ្ងៃអាទិត្យ ១២កើត ខែទុតិយាសាឍ ឆ្នាំមមី អដ្ឋស័ក ព.ស. ២៥៧០ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានដឹកនាំសាច់ញាតិក្រុមគ្រួសារ អញ្ជើញបូជាទៀន ធូប ផ្កាភ្ញី និងគ្រឿងសក្ការៈបូជាជាច្រើនទៀត ថ្វាយព្រះសម្មាសម្ពុទ្ធ និងនាំយកទៀនព្រះវស្សា ទេយ្យវត្ថុ និងបច្ច័យ ថ្វាយ-ប្រគេនសម្ដេចសង្ឃ និងព្រះសង្ឃគង់ចាំព្រះវស្សា នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ស្ថិតនៅក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ការនាំយកទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ថ្វាយ-ប្រគេនដល់សម្ដេចសង្ឃ និងព្រះសង្ឃគង់នៅវត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក គឺតែងតែធ្វើជារៀងរាល់ឆ្នាំ ពិសេសនៅក្នុងរដូវវស្សាឈានចូលមកដល់នេះ ដែលជារដូវមួយដែលព្រះសង្ឃមិនអាចនិមន្តចេញទៅបិណ្ឌបាត្របាន ព្រោះរដូវវស្សានេះមានភ្លៀងធ្លាក់ជោគជាំ។ ម្យ៉ាងទៀតតាមទំនៀមជាប្រពៃណីនៃព្រះពុទ្ធសាសនា ព្រះសង្ឃទាំងឡាយគ្រប់អារាមនៅកម្ពុជា ត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌។ ការចូលវស្សាជារៀងរាល់ឆ្នាំ គឺប្រារព្ធធ្វើឡើងនៅក្នុងអំឡុងខែវស្សាជារដូវភ្លៀង ដែលប្រជាពលរដ្ឋ ក៏ដូចជាព្រះសង្ឃលំបាកក្នុងការធ្វើដំណើរ និងនិមន្តពីកន្លែងមួយទៅកន្លែងមួយ ហើយក៏ជាពេលវេលាដែលភិក្ខុសង្ឃទាំងឡាយ ត្រូវប្រតិបត្តិសិក្សាពីធម៌ វិន័យយ៉ាងខ្ជាប់ខ្ជួនផងដែរ។
ដូចនេះក្រោមការយកចិត្ដទុកដាក់ដោយមិនរំលង ពីសុខទុក្ខ និងសុខភាពរបស់ព្រះសង្ឃត្រូវនិមន្ដចូលកាន់ព្រះវស្សាអស់កាលយ៉ាងយូរនេះ លោកស្រីបណ្ឌិត អ៊ុក ម៉ាលី បាននាំយកនូវទេយ្យវត្ថុមួយចំនួនរួមមាន ទៀនព្រះវស្សា ២គូ, អង្ករ ២បេ, ទឹកប្រទាលកន្ទុយក្រពើ ២កេស, តែទឹកឃ្មុំក្រូចឆ្មារ ៥កេស, ទឹកវីកូឡា ៥កេស, ទឹកសុទ្ធ ៥កេស, ប្រេងឆា៣កេស, មី៥កេស, ត្រីខ១កេស, ត្រៃចីវរ ៥ត្រៃ ,កាហ្វេ១កន្ដ្រក, ទឹកអិនសួរ ១កន្ដ្រក, ទឹកត្រចៀកកាំ ១កន្ដ្រក និងផ្លែឈើ១កន្ដ្រក ព្រមទាំងទេយ្យទានមួយចំនួនទៀត។ ក្នុងនោះលោកជំទាវបណ្ឌិត បានថ្វាយសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង ព្រះចៅអធិការវត្ដចំពុះក្អែក នូវបច្ច័យចំនួន ១ពាន់ដុល្លារ, ព្រះសង្ឃអមចំនួន ៤អង្គ ក្នុង១អង្គៗ ប្រគេនបច្ច័យចំនួន ២០០ដុល្លារ និងលោកអាចារ្យ ថវិកាចំនួន ១០០ដុល្លារ។
នាឱកាសនោះសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង បានជូនពរសព្ទសាធុការដល់ លោកជំទាវបណ្ឌិត អ៊ុក ម៉ាលី និងលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ព្រមទាំងកូនៗនិងចៅៗ សូមជួបប្រទះតែនឹងព្រះពុទ្ធពរទាំងបួនប្រការ គឺ អាយុ វណ្ណៈ សុខៈ និងពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
ទន្ទឹមនឹងនោះសម្តេចព្រះមហាសុមេធាធិបតីកិត្តិបណ្ឌិត អំ លឹមហេង បានឧទ្ទិសមហាកុសលផលបុណ្យ ជូនចំពោះវិញ្ញាណក្ខន្ធ អគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ អ៊ុក សាផន ដែលត្រូវជាបងស្រីបង្កើតលោកជំទាវបណ្ឌិត អ៊ុក ម៉ាលី រួមទាំងវិញ្ញាណក្ខន្ធញាតិទាំង៧សណ្ដាន ដែលបានទៅកាន់បរលោកហើយនោះ។
សូមជម្រាបថា ក្រោមការគិតគូរពីសុខុមាលភាពចំពោះសម្ដេចព្រះសង្ឃ ព្រះសង្ឃគ្រប់ៗព្រះអង្គ ដែលត្រូវនិមន្តចូលកាន់ព្រះវស្សាអស់ថេរវេលា ៣ខែចាប់តាំងពីថ្ងៃ ១រោចខែអាសាធតទៅ ដើម្បីសិក្សារៀនសូត្រព្រះធម៌លោកជំទាវបណ្ឌិត ក៏បាននាំយកនូវទៀនព្រះវស្សា ទេយ្យវត្ថុ គ្រឿងអត្ថបរិក្ខារ និងបច្ច័យមួយចំនួន ប្រគេនដល់ព្រះសង្ឃគង់ចាំព្រះវស្សានៅតាមវត្ដអារាមផ្សេងទៀតផងដែរ៕























































