ជំនួបមិត្តភាពលើកទី២ រវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ, លទ្ធផលគ្មានអ្នកឈ្នះ គ្មានអ្នកចាញ់ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងសុខភាព (Video inside)
26-07-2026 14:52
(ភ្នំពេញ)៖ ដោយមានការឧបត្ថម្ភពីភេសជ្ជៈ Pocari Sweat ការប្រកួតបាល់ទាត់មិត្តភាពលើកទី២ រវាងក្រុមបាល់ទាត់ FCA និងក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ ត្រូវបានរៀបចំឡើងនៅល្ងាចថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ នៅតារាងបាល់ទាត់ឃីងស្ពត ប្រកបដោយជោគជ័យ ជាលទ្ធផលក្រុមទាំងពីរ គ្មានអ្នកឈ្នះ និងគ្មានអ្នកចាញ់ គឺឈ្នះមិត្តភាព និងសុខភាពទាំងអស់គ្នា។
ការប្រកួតមិត្តភាពនេះ ក្រុមបាល់ទាត់ទាំងពីរទទួលបានកិត្តិយសយ៉ាងក្រៃលែង ដោយមានការអញ្ជើញទស្សនាការប្រកួតដោយផ្ទាល់ ពីសំណាក់លោកទេសរដ្ឋមន្រ្តី គី តិច ប្រធានក្រុមមេធាវីរាជរដ្ឋាភិបាល និងជាប្រធានក្រុមមេធាវីស្ម័គ្រចិត្ត តេជោសែន និងឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរងកងរាជអាវុធហត្ថលើផ្ទៃប្រទេស មេបញ្ជាការកងរាជអាវុធហត្ថរាជធានីភ្នំពេញ។
លើវាលស្មៅសប្បនិម្មិត ៣តង់រយៈពេលសរុបចំនួន ១២០នាទី កីឡាករទាំងពីរក្រុម បានប្រកួតដោយការយោគយល់ អាធ្យាស្រ័យគ្នាទៅវិញទៅមក មិនមានការប៉ះទង្គិចគ្នា ធ្វើឱ្យកីឡាករណាម្នាក់រងរបួសនោះឡើយ។ ចប់ការប្រកួតទាំងពីរទទួលបានលទ្ធស្មើគ្នា ៨-៨។
លោក លឹម ជាវុត្ថា អគ្គនាយក Fresh News, CoolApp & Fresh AI និងជាប្រធានបាល់ទាត់ FCA និងតំណាងក្រុមបាល់ទាត់កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបង្ហាញនូវក្តីរីករាយ ចំពោះការប្រកួតបាល់ទាត់មិត្តភាពនេះ ដែលបង្កើតនូវសាមគ្គីភាពដ៏រឹងមាំ បង្កើនកិច្ចសហការ និងជំរុញស្មារតីស្រឡាញ់សុខភាព តាមរយៈការលេងកីឡា និងហាត់ប្រាណ។
អគ្គនាយកសង្កត់ធ្ងន់ថា គោលបំណងនៃការប្រកួតបាល់ទាត់នេះ ដើម្បីតែមិត្តភាព និងសុខភាពប៉ុណ្ណោះ ហើយការប្រកួតនេះ គ្មានអ្នកឈ្នះ ក៏គ្មានអ្នកចាញ់ដែរ គឺឈ្នះទាំងអស់គ្នា ឈ្នះមិត្តភាព និងឈ្នះសុខភាព។
ជាមួយគ្នានេះ លោកអគ្គនាយកបានអំពាវនាវរួមគ្នាដល់បងប្អូនប្រជាពលរដ្ឋ ពិសេសបងប្អូនអ្នកសារព័ត៌មាន ដែលមានសុខភាពមិនសូវល្អ សូមនាំគ្នាលេងកីឡាឱ្យបានគ្រប់ៗគ្នា ព្រោះមានសុខភាពល្អ ទើបមានអ្វីៗតាមក្រោយ។
ប្រធានក្រុមបាល់ទាត់ទាំងពីរសុទ្ធតែអះអាងដូចគ្នាថា នឹងមានការប្រកួតមិត្តភាពបែបនេះលើកក្រោយៗទៀត៕







































































































