សិស្សកម្ពុជា វ័យក្មេង ៤រូប ដណ្តើមបានមេដាយមាស ៤គ្រឿង ពីការប្រកួតរ៉ូបូតលំដាប់ថ្នាក់អាស៊ាន នៅសាធារណរដ្ឋប្រជាមានិតចិន

26-07-2026 15:20

(ភ្នំពេញ)៖ កូនសិស្សកម្ពុជាវ័យក្មេងចំនួន ៤រូប ដែលមានអាយុចន្លោះពី ៨ ដល់ ១២ ឆ្នាំ ដែលជាតំណាងឱ្យព្រះរាជាណាចក្រកម្ពុជា ចូលរួមក្នុងកម្មវិធីការប្រកួតលើកទី២៣ សម្រាប់យុវជនផ្នែកបញ្ញាសិប្បនិម្មិត (AI) និងមនុស្សយន្ត (Robotics) 23rd Guangxi Adolescent AI & Robotics Competition and Cross-regional Tournament for Teenagers from ASEAN Countries នៅទីក្រុងណាននីង ខេត្តក្វាងស៊ី សាធារណរដ្ឋប្រជាមានិតចិន នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦នេះ ទទួលបានជោគជ័យគ្រប់ៗគ្នាដោយដណ្តើមបានមេដាយមាសចំនួន ៤គ្រឿង។

សិស្សទាំង ៤ រូបដែលបានចូលរួមប្រកួតរួមមាន៖ កុមារី កេត មុន្នីនាថ, កុមារា កេត រិទ្ធិស័ក, កុមារា ស៊ូ ស៊ឺប៉ និង កុមារា វុទ្ធី សម្បត្តិវិទូ ដែលបានរៀបចំ និងដឹកនាំដោយ Uot AI & STEM Center ដែលជាមជ្ឈមណ្ឌលអប់រំរបស់កម្ពុជា មានបេសកកម្មក្នុងការបណ្តុះបណ្តាលកុមារ និងយុវជនឱ្យមានជំនាញផ្នែកបញ្ញាសិប្បនិម្មិត (AI) មនុស្សយន្ត ការសរសេរកូដ (Coding) និងការអប់រំ STEM ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។

ភាពជោគជ័យរបស់សិស្សកម្ពុជាទាំង ៤រូបនេះ បានបង្ហាញពីការរីកចម្រើននៃការអប់រំ STEM នៅកម្ពុជា និងសមត្ថភាពរបស់កុមារកម្ពុជាក្នុងការប្រកួតប្រជែងលើឆាកអន្តរជាតិ។ ទោះបីជាមានវ័យក្មេងក៏ដោយ សិស្សទាំងបួនបានបង្ហាញពីភាពច្នៃប្រឌិត ការគិតវិភាគ ការធ្វើការងារជាក្រុម និងការអនុវត្តជំនាញផ្នែក AI និង Robotics បានយ៉ាងល្អប្រសើរ។

ក្រៅពីការប្រកួត សិស្សកម្ពុជាក៏មានឱកាសផ្លាស់ប្តូរវប្បធម៌ សិក្សាបទពិសោធន៍ថ្មីៗ បង្កើតមិត្តភាពជាមួយយុវជនមកពីប្រទេសផ្សេងៗ និងស្វែងយល់ពីការអភិវឌ្ឍចុងក្រោយនៃបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត និងមនុស្សយន្ត។ បទពិសោធន៍ទាំងនេះនឹងក្លាយជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកទឹកចិត្តឱ្យពួកគេក្លាយជាអ្នកច្នៃប្រឌិត និងអ្នកដឹកនាំបច្ចេកវិទ្យានាពេលអនាគត។

នៅក្នុងយុគសម័យដែលបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិតកំពុងផ្លាស់ប្តូរពិភពលោក ការបណ្តុះបណ្តាលកុមារឱ្យមានជំនាញ AI និង Robotics តាំងពីវ័យក្មេង គឺជាកត្តាសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្សរបស់ប្រទេស។ ការប្រកួតលក្ខណៈអន្តរជាតិបែបនេះ មិនត្រឹមតែជួយពង្រឹងជំនាញបច្ចេកទេសប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងអភិវឌ្ឍជំនាញសតវត្សទី២១ ដូចជា ការដោះស្រាយបញ្ហា ការទំនាក់ទំនង ការងារជាក្រុម ភាពច្នៃប្រឌិត និងភាពជាអ្នកដឹកនាំ។

ក្នុងឱកាសនេះ លោក ពេជ សូវៀត ស្ថាបនិក Uot AI & STEM Center បានបញ្ជាក់ឱ្យដឹងងថា ភាពជោគជ័យរបស់កុមារទាំង ៤នាក់នេះ បានបង្ហាញយ៉ាងច្បាស់ពីការរីកចម្រើនរបស់វិស័យអប់រំ STEM នៅកម្ពុជា និងជាការបង្ហាញថា កុមារកម្ពុជាមានសក្តានុពលអាចឈានទៅប្រកួតប្រជែងជាមួយពិភពលោកបាន ប្រសិនបើពួកគេទទួលបានឱកាស និងការគាំទ្រត្រឹមត្រូវ។

លោក ពេជ សូវៀត ក៏បានចូលរួមអបអរសាទរដល់សិស្សកម្ពុជាទាំងបួនរូប ដែលបានលើកកិត្តិយសជូនជាតិ និងជាប្រភពលើកទឹកចិត្តដល់កុមារ និងយុវជនកម្ពុជាទូទាំងប្រទេស ឱ្យហ៊ានស្រមៃ ហ៊ានបង្កើត ហ៊ានច្នៃប្រឌិត និងរួមចំណែកកសាងអនាគតដ៏រីកចម្រើនរបស់កម្ពុជាតាមរយៈវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍៕