ប្រកាសបញ្ជូលសមាជិកបក្សប្រជាជនកម្ពុជាថ្មីចំនួន ៧៤៥នាក់ នៅស្រុកស្រុកពញាឮ , បណ្ឌិត កែវបេងវឌ្ឍន៍ ជំរុញឱ្យរក្សាសាមគ្គីភាព ដើម្បីជ័យជម្នះក្នុងការបោះឆ្នោត
26-07-2026 15:28
(កណ្តាល)៖ លោកបណ្ឌិត កែវបេងវឌ្ឍន៍សមាជិកគណៈកម្មាធិការ កណ្តាលគណបក្ស, អនុប្រធានទី២ ក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកពញាឮ និងជាប្រធានក្រុមការងារគណ បក្សចុះមូលដ្ឋានឃុំវិហារលួង ឃុំផ្សារដែក និងឃុំភ្នំបាត ស្រុកពញ្ញាឮ ខេត្តកណ្តាល នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នេះ បានអញ្ជើញជួបសំណេះសំណាលក្នុងពិធីបញ្ចូលសមាជិកគណបក្សថ្មីចំនួន ៧៤៥នាក់ និងអបអរសាទរខួបអនុស្សាវរីយ៍លើកទី៧៥ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា (២៨ មិថុនា ១៩៥១ - ២៨ មិថុនា ២០២៦)។
ក្នុងឱកាសនោះ លោកបណ្ឌិត កែវបេងវឌ្ឍន៍ បានពាំនាំនូវក្តីនឹករលឹក និងការសាកសួរសុខទុក្ខពីសំណាក់ អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកណ្តាល ជូនចំពោះបងប្អូនសមាជិក សមាជិកាបក្សថ្មីទាំងអស់។ លោកបណ្ឌិត បានថ្លែងនូវការវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមការងារ ដែលបានរៀបចំផែនការសម្រាប់យុវជនគណបក្សប្រកបដោយរចនាសម្ព័ន្ធ និងតួនាទីភារកិច្ចច្បាស់លាស់ ធ្វើឱ្យសមាជិកគណបក្សចូលរួមយ៉ាងសកម្ម បង្ហាញពីភាពខ្លាំងរបស់យុវជន និងធ្វើឱ្យគណបក្សដទៃទៀតមិនអាចអូសទាញ ឬបំផុសបំបាក់ស្មារតីបានឡើយ។
លោកបណ្ឌិត ក៏បានលើកឡើងពីបញ្ហាព្រំដែនកម្ពុជា-ថៃ ដែលមានការបិទច្រកព្រំដែន ដោយបានបង្ហាញពីស្មារតីសាមគ្គីរបស់ប្រជាពលរដ្ឋកម្ពុជាក្នុងការមិនប្រើប្រាស់ផលិតផលបរទេស និងងាកមកប្រើប្រាស់ផលិតផលខ្មែរវិញ រួមទាំងជំរុញការផលិតក្នុងស្រុក។
លោកបានជំរុញឱ្យយុវជនគណបក្សប្រជាជនត្រូវយល់ដឹងពីគោលជំហររបស់គណបក្ស និងរដ្ឋាភិបាលក្នុងការដោះស្រាយបញ្ហាព្រំដែន និងចូលរួមផ្សព្វផ្សាយការគាំទ្រដល់រដ្ឋាភិបាល។ ក្នុងនាមជាសមាជិកគណបក្សប្រជាជនកម្ពុជា យុវជនគឺជាកម្លាំងសសរទ្រូងដើម្បីការពារសន្តិភាព ការអភិវឌ្ឍប្រទេសជាតិ និងផ្សារភ្ជាប់ទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយប្រជាជន។
បន្ថែមពីនេះ លោកបណ្ឌិត កែវបេងវឌ្ឍន៍ បានណែនាំឱ្យសមាជិកគណបក្សទាំងអស់ ត្រូវគិតគូរអនុវត្តការងារមួយចំនួន រួមមាន៖ ការការពារសន្តិភាព និងអធិបតេយ្យភាពជាតិ ការបន្តចុះមូលដ្ឋានក្តាប់សភាពការណ៍ និងដោះស្រាយការលំបាករបស់ប្រជាពលរដ្ឋ ការផ្សព្វផ្សាយពីឧបាយកលក្រុមប្រឆាំង ការពង្រឹងសមត្ថភាព និងការអប់រំយុវជន កុមារ ព្រមទាំងការពង្រឹងផ្ទៃក្នុង និងការគាំទ្របក្ស ដើម្បីទទួលបានជ័យជម្នះក្នុងការបោះឆ្នោតនាពេលខាងមុខ។
ក្នុងឱកាសនោះ បណ្ឌិត កែវបេងវឌ្ឍន៍ ក៏បាននាំយកថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ផ្តល់ជូនសមាជិកបក្សដែលបានចូលរួមផងដែរ៕
















