លោក កែ គឹមយ៉ាន៖ រាជរដ្ឋាភិបាលបន្តវេន ដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំដោយតម្កល់ផលប្រយោជន៍ជាតិ

26-07-2026 15:55

(បន្ទាយមានជ័យ)៖ លោក កែ គឹមយ៉ាន សមាជិកគណៈអចិន្ត្រៃយ៍ គណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា អ្នកតំណាងរាស្រ្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តបន្ទាយមានជ័យ បានលើកឡើងថា រាជរដ្ឋាភិបាលបន្តវេនដឹកនាំសម្តេចធិបតី ហ៊ុន ម៉ាណែត បានដឹកនាំដោយតម្កល់ផលប្រយោជន៍ជាតិ ប្រជាជនជាធំ ហើយបានដាក់ភាពធន់នៃសេដ្ឋកិច្ចគ្រួសារ គឺជាកម្លាំងចលករសម្រាប់កសាងធនធានមនុស្សឱ្យមានគុណភាពខ្ពស់ និងសុខុមាលភាពល្អ ដែលជាទ្រព្យសកម្មដ៏រឹងមាំដើម្បីបន្តរក្សាបានសុខសន្តិភាព បង្កើនតម្លៃសង្គម សេដ្ឋកិច្ច វប្បធម៌ និងបង្កើតនូវគំនិតថ្មីៗ បន្តកសាង ប្រព័ន្ធគាំពារសង្គមមិនបោះបង់ពលរដ្ឋណាម្នាក់ចោលដោយផ្តោតលើកិច្ចអន្តរាគមន៍ដល់គ្រួសារក្រីក្រនិងងាយរងគ្រោះ។

លោកលើកឡើងបែបនេះ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្នុងឱកាសលោក អមដោយក្រុមការងារគ្រប់ថ្នាក់ អញ្ជើញសំណេះសំណាលជាមួយមន្រ្តីគណបក្សស្រុក ឃុំ សាខាបក្សភូមិ យុវជនគណបក្សស្រុកមង្គលបូរី។

ក្នុងឱកាសនោះ លោក កែ គឹមយ៉ាន បានពាំនាំនូវការសាកសួរសុខទុក្ខ ជូនពរជ័យ កោតសសើរ អរគុណពីសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សជូនដល់សមាជិក សមាជិកាគណបក្ស ថ្នាក់ដឹកនាំគ្រប់អង្គភាព កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ និងជនរួមជាតិទាំងអស់ទូទាំងខេត្តបន្ទាយមានជ័យ។

ជាមួយនឹងលទ្ធផលការងាររបស់គណៈកម្មាធិការគណបក្សស្រុកមង្គលបូរី លោក កែ គឹមយ៉ាន បានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារនិងមន្រ្តីគណបក្សទាំងអស់ដែលសម្រេចបាននូវសមិទ្ធផលជូនគណបក្សនិងប្រទេសជាតិ ហើយសូមបន្តផ្តល់សេវាសាធារណ:មានប្រសិទ្ធភាព ដោះស្រាយរាល់សំណើសំណូមពរ បង្រ្កាបរាល់បទល្មើស ចែករំលែកព័ត៌មានពិត រួមសុខទុក្ខសមាជិកនិងប្រជាពលរដ្ឋដល់ខ្នងផ្ទះ បន្តដំណើររួមគ្នាឆ្ពោះទៅការបោះឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់អាណត្តិទី៦ ដើម្បីបន្តរក្សាបាននូវសន្តិភាព សុវត្ថិភាព ការអភិវឌ្ឍន៍ ភាពសុខសាន្តជូនប្រជាពលរដ្ឋ៕