លោក ហ៊ុន គឹមជាតិ អញ្ជើញជួបសំណេះសំណាលជាមួយសមាជិកបក្សនៅឃុំក្តឿងរាយ ខេត្តព្រៃវែង

26-07-2026 16:00

(ព្រៃវែង)៖ នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៦ លោក ហ៊ុន គឹមជាតិ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជៀច និងជាអ្នកទទួលជួយក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តឿងរាយ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាលជាមួយសមាជិក សមាជិកា គណបក្សឃុំក្តឿងរាយ ស្រុកកញ្ជៀច ខេត្តព្រៃវែង។

ពិធីនេះក៏មានការចូលរួមពីលោក អ៊ុំ មូន្នី អនុប្រធានទី១ ក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តឿងរាយ តំណាងឲ្យលោក ចាន់ វ៉ាន់ធឿន ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានឃុំក្តឿងរាយ និងលោក ប៊ិន សម្បត្តិ អនុប្រធានគណបក្សស្រុក តំណាងឲ្យលោក សយ សុត ប្រធានគណបក្សស្រុកកញ្ជៀចផងដែរ។

ក្នុងឱកាសនោះ លោក ហ៊ុន គឹមជាតិ បានមានប្រសាសន៍សំណេះសំណាលជាមួយអង្គពិធី និងបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ថ្នាក់ដឹកនាំកំពូលរបស់គណបក្សប្រជាជនកម្ពុជា រួមមាន សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស, សម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្ស, សម្តេចបវរអធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងជាអនុប្រធានគណបក្ស, អភិសន្តិបណ្ឌិត ស សុខា សមាជិកគណៈអចិន្ត្រៃយ៍គណៈកម្មាធិការកណ្ដាល និងជាអនុប្រធានទី១ ក្រុមការងារខេត្តព្រៃវែង ព្រមទាំងលោក ស ថេត ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកញ្ជ្រៀច និងស្រុកកំចាយមារ ជូនដល់សមាជិក សមាជិកាអង្គពិធីទាំងមូល។

ពិធីនេះមានការចូលរួមពីសហការី គណៈកម្មាធិការគណបក្សស្រុក គណៈអចិន្ត្រៃយ៍គណបក្សឃុំ ប្រធានសាខាបក្សភូមិទាំង ១៧ភូមិ និងសមាជិក សមាជិកាគណបក្សឃុំ សរុបចំនួន ២៩១នាក់ ក្នុងនោះស្រី ២០៥នាក់។

ក្នុងស្មារតីយកចិត្តទុកដាក់ខ្ពស់លោក ហ៊ុន គឹមជាតិ ក៏បានជួយឧបត្ថម្ភថវិកាចំនួន ៦.៤៣០.០០០ រៀល ដល់គណបក្សឃុំ សាខាបក្សភូមិ សមាជិក សមាជិកាគណបក្ស កម្លាំងប៉ុស្តិ៍នគរបាល និងប្រជាការពារភូមិ ដើម្បីជាការលើកទឹកចិត្ត និងគាំទ្រដល់សកម្មភាពបក្សនៅមូលដ្ឋាន។

កាយវិការនេះបានបង្ហាញពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំចំពោះសមាជិកបក្ស និងប្រជាពលរដ្ឋនៅមូលដ្ឋាន។