លោក នេត្រ ភក្ត្រា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សខេត្តក្រចេះ ពង្រឹងប្រសិទ្ធភាព និងជំរុញការអភិវឌ្ឍមូលដ្ឋាន
26-07-2026 16:24
(ក្រចេះ)៖ លោក នេត្រ ភក្ត្រា សមាជិកគណៈកម្មាធិការកណ្ដាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ បានដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារគណបក្សប្រចាំត្រីមាសទី១ ឆ្នាំ២០២៦ និងលើកទិសដៅការងារបន្ត។
កិច្ចប្រជុំដែលធ្វើឡើងនៅព្រឹកថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ នាសាលប្រជុំគណបក្សខេត្ត មានការចូលរួមពីថ្នាក់ដឹកនាំ និងសមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានជាច្រើនរូប។
ក្នុងកិច្ចប្រជុំនេះ លោក នេត្រ ភក្ត្រា បានវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែង និងស្មារតីទទួលខុសត្រូវរបស់គណៈកម្មាធិការគណបក្សខេត្ត និងក្រុមការងារគ្រប់លំដាប់ថ្នាក់ ដែលបានរួមសហការយ៉ាងសកម្មក្នុងការអនុវត្តភារកិច្ចនយោបាយ សម្រេចបានលទ្ធផលគួរជាទីកត់សម្គាល់ និងរួមចំណែកលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ ព្រមទាំងការអភិវឌ្ឍមូលដ្ឋាន។
លោកបានណែនាំឲ្យបន្តពង្រឹងការងារកសាង និងពង្រីកសមាជិកភាពគណបក្ស ពង្រឹងសាមគ្គីភាពផ្ទៃក្នុង ចុះជាប់ជាប្រចាំ ដោះស្រាយសំណូមពរ និងកង្វល់របស់ប្រជាពលរដ្ឋ ព្រមទាំងជំរុញការគាំទ្រដល់ការអនុវត្តគោលនយោបាយ និងកម្មវិធីអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន។
ជាមួយគ្នានេះ លោក នែតត្រ ភក្ត្រា បានលើកឡើងពីសារៈសំខាន់នៃការពង្រឹងការងារផ្សព្វផ្សាយព័ត៌មានពិត ប្រកបដោយតម្លាភាព និងការទទួលខុសត្រូវ ដោយជំរុញឱ្យក្រុមការងារគណបក្ស និងអាជ្ញាធរពាក់ព័ន្ធ បន្តផ្សព្វផ្សាយព័ត៌មានដែលមានប្រភពច្បាស់លាស់ ត្រឹមត្រូវ និងទាន់ពេលវេលា ដើម្បីឱ្យប្រជាពលរដ្ឋទទួលបានព័ត៌មានពិត និងអាចយល់ដឹងអំពីសកម្មភាពនានារបស់រាជរដ្ឋាភិបាល និងការអភិវឌ្ឍនៅមូលដ្ឋាន។
លោកក៏បានក្រើនរំលឹកឱ្យបង្កើនការយកចិត្តទុកដាក់ចំពោះការចែករំលែកព័ត៌មានលើបណ្តាញសង្គម ដោយលើកទឹកចិត្តឱ្យពិនិត្យផ្ទៀងផ្ទាត់ប្រភពព័ត៌មានមុននឹងផ្សព្វផ្សាយ ឬចែករំលែកបន្ត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ ដែលអាចបង្កឱ្យមានការយល់ច្រឡំ និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សង្គម។
ជាចុងក្រោយ លោកបានជំរុញឱ្យក្រុមការងារគណបក្សបន្តលើកកម្ពស់សាមគ្គីភាពផ្ទៃក្នុង រក្សាវិន័យ និងសីលធម៌ បំពេញតួនាទីជាគំរូក្នុងការបម្រើប្រជាពលរដ្ឋ ដោយប្រកាន់ខ្ជាប់នូវគោលការណ៍ «ចុះដល់មូលដ្ឋាន ស្គាល់សុខទុក្ខប្រជាពលរដ្ឋ ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ និងទទួលខុសត្រូវចំពោះលទ្ធផលការងារ» ដើម្បីពង្រឹងទំនុកចិត្តរវាងប្រជាពលរដ្ឋ និងគណបក្ស ព្រមទាំងរួមចំណែកថែរក្សាសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍប្រកបដោយចីរភាពនៅខេត្តក្រចេះ៕





























