ការនាំចេញទុរេនស្រស់កម្ពុជាទៅកាន់ទីផ្សារប្រទេសចិន កើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥ (Video inside)
26-07-2026 16:39
(ឡាវ)៖ លោក ឃឹម ហ្វីណង់ អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នៅថ្ងៃអាទិត្យ ទី២៦ ខែកក្កដា ឆ្នាំ២០២៦ បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីសម្ពោធការដឹកជញ្ជូននាំចេញទុរេនស្រស់ជើងទី១ ចំនួន៣ កុងតឺន័រ (ប្រមាណជាង ៥០តោន) របស់ក្រុមហ៊ុន ពេជ្រជដា (Pechenda Fruit Production Co., Ltd.) ទៅកាន់ទីផ្សារប្រទេសចិន តាមច្រកដឹកជញ្ជូនផ្លូវគោកឆ្លងកាត់ប្រទេសឡាវ។
ការនាំចេញទុរេនស្រស់ពីកម្ពុជាទៅទីផ្សារចិន បានហក់ឡើងដល់ ៥ ៧៣៨តោន (គិតត្រឹម ៧ខែដើមឆ្នាំ២០២៦) ដែលកើនឡើងជិត ៤០ដង ធៀបនឹងបរិមាណនាំចេញសរុបក្នុងឆ្នាំ២០២៥។
សមិទ្ធផលនេះ គឺជាផ្លែផ្កានៃកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ក្នុងការសម្របសម្រួល បើកច្រកដឹកជញ្ជូនផ្លូវគោកថ្មីឆ្លងកាត់ប្រទេសឡាវ ដែលអាចកាត់បន្ថយរយៈពេលដឹកជញ្ជូនមកត្រឹមតែ ៥ ថ្ងៃ ប៉ុណ្ណោះ បើប្រៀបធៀបនឹងការដឹកជញ្ជូនតាមផ្លូវទឹកដែលត្រូវចំណាយពេលពី ១៥ ទៅ ២០ថ្ងៃ។
បើទោះបីជាទើបតែដំណើរការថ្មីៗនេះ ច្រកនាំចេញថ្មីនេះកំពុងរួមចំណែកស្រូបយកបរិមាណនាំចេញរហូតដល់ជិត ១០% នៃការនាំចេញទុរេនទៅកាន់ទីផ្សារប្រទេសចិនសរុបប្រចាំឆ្នាំ២០២៦៕














