ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប តែងតាំងលោក គិត ស៊ូឡា ជាអគ្គនាយករងថ្មី ដើម្បីជំរុញកំណើន និងពង្រឹងអភិបាលកិច្ច

26-07-2026 16:57

(ភ្នំពេញ)៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលជាក្រុមហ៊ុនវិនិយោគឈានមុខគេមួយនៅកម្ពុជា ដែលបង្កើតឡើងតាំងឆ្នាំ១៩៩១ បានប្រកាសតែងតាំងជាផ្លូវការ លោក គិត ស៊ូឡា ជាអគ្គនាយករង ចាប់ពីថ្ងៃទី ២៦ ខែកក្កដា ឆ្នាំ ២០២៦ តទៅ។ ការតែងតាំងដ៏សំខាន់នេះ ត្រូវបានប្រកាសដោយផ្ទាល់ពីសំណាក់អ្នកឧកញ៉ា គិត ម៉េង ប្រធាន និងអគ្គនាយកក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលបានបង្ហាញពីទំនុកចិត្តយ៉ាងមុតមាំចំពោះសមត្ថភាពភាពជាអ្នកដឹកនាំ ការប្តេជ្ញាចិត្ត និងសមត្ថភាពរបស់លោក គិត ស៊ូឡា ក្នុងការរួមចំណែកជំរុញការរីកចម្រើន និងភាពជោគជ័យរយៈពេលវែងរបស់ក្រុមហ៊ុន។

ក្នុងតួនាទីថ្មីនេះ លោក គិត ស៊ូឡា នឹងរាយការណ៍ដោយផ្ទាល់មកកាន់អ្នកឧកញ៉ា គិត ម៉េង និងធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ក្នុងការត្រួតពិនិត្យ និងដឹកនាំអាជីវកម្មទាំងមូលរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប។ ភារកិច្ចសំខាន់ៗរបស់លោក រួមមានការគាំទ្រដល់ការរៀបចំ និងការអនុវត្តយុទ្ធសាស្ត្រសំខាន់ៗរបស់ក្រុមហ៊ុន តាមដានលទ្ធផលអាជីវកម្មរបស់ក្រុមហ៊ុនបុត្រសម្ព័ន្ធទាំងអស់ ដឹកនាំគម្រោង និងគំនិតផ្តួចផ្តើមសំខាន់ៗ ជំរុញកិច្ចសហការរវាងក្រុមហ៊ុនបុត្រសម្ព័ន្ធ និងតំណាងឱ្យអ្នកឧកញ៉ា គិត ម៉េង ក្នុងកិច្ចការយុទ្ធសាស្ត្រ ព្រមទាំងភារកិច្ចពិសេសនានា តាមការប្រគល់សិទ្ធិ។

តួនាទីរបស់លោក គិត ស៊ូឡា នឹងមានសារៈសំខាន់ក្នុងការចូលរួមពង្រឹងអភិបាលកិច្ចល្អ ជំរុញការផ្លាស់ប្តូរអាជីវកម្ម និងជំរុញការរីកចម្រើនប្រកបដោយចីរភាពរបស់ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ដែលមានអាយុកាលជាង៣៥ឆ្នាំ។ អ្នកឧកញ៉ា គិត ម៉េង មានទំនុកចិត្តយ៉ាងមុតមាំថា លោក គិត ស៊ូឡា នឹងបំពេញតួនាទី និងការទទួលខុសត្រូវដ៏សំខាន់នេះ ដោយប្រកាន់ខ្ជាប់នូវស្ដង់ដារខ្ពស់បំផុតនៃភាពជាអ្នកដឹកនាំ សុចរិតភាព និងវិជ្ជាជីវៈ ដើម្បីរួមគ្នាកសាងក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ឱ្យក្លាយជាក្រុមហ៊ុនឈានមុខ និងទទួលជោគជ័យបំផុតមួយនៅក្នុងតំបន់។

ក្រៅពីសមត្ថភាពដឹកនាំក្រុមហ៊ុនលោក គិត ស៊ូឡា ក៏ជាឧកញ៉ាសប្បុរសធម៌មួយរូបនៅកម្ពុជាក្នុងការបរិច្ចាគថវិកា និងសម្ភារៈជាច្រើនដល់កាកបាទក្រហម ក៏ដូចជាចូលរួមបរិច្ចាកដល់រាជរដ្ឋាភិបាលផងដែរ។

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ក៏បានអំពាវនាវដល់បុគ្គលិកទាំងអស់ផ្ដល់នូវការគាំទ្រយ៉ាងពេញទំហឹងដល់លោក គិត ស៊ូឡា ដើម្បីឱ្យលោកអាចបំពេញតួនាទីដ៏សំខាន់នេះប្រកបដោយជោគជ័យ។