តំណាងរាស្ដ្រមណ្ឌលកំពង់ចាម ដាស់តឿនឱ្យយុវជន កុំដើរប្រាសចាកនឹងសីលធម៌ ត្រូវប្រព្រឹត្តអំពើល្អ និងរក្សាតម្លៃជាមនុស្សនៅក្នុងសង្គម
26-07-2026 17:25
(កំពង់ចាម)៖ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា, អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ចាម, អនុប្រធានគណៈកម្មការទី៣ នៃរដ្ឋសភា, អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តកំពង់ចាម និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកជើងព្រៃ បានដាស់តឿនដល់យុវជនជំនាន់ក្រោយគ្រប់រូបៗ សូមខិតខំកសាងខ្លួន ជាធនធានល្អ កុំប្រព្រឹត្ដប្រាសចាកនឹងសីលធម៌ ដូចជាក្មេងទំនើង សេពគ្រឿងញៀនជាដើម ដែលជាទង្វើនេះដូចនឹងសម្លាប់អនាគត កិត្ដិយសខ្លួន និងក្រុមគ្រួសារ។
លើសពីនោះលោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក៏បានជំរុញលើកទឹកចិត្ដដល់អាណាព្យាបាល ត្រូវបញ្ជូនកូនទៅរៀនឱ្យបានគ្រប់ៗគ្នា និងព្យាយាមអប់រំប្រៀនប្រដៅទូន្មាន ពិសេសអំពីវប្បធម៌ ប្រពៃណី សាសនា ដើម្បីបញ្ជ្រៀបការយល់កុំឱ្យបាត់បង់អត្ដសញ្ញាណជាតិខ្មែររបស់យើង។
លោកបណ្ឌិតសភាចារ្យ បានថ្លែងបន្ដថា «ជីវិតគឺជាការតស៊ូ ដូច្នេះសូមយុវជនទាំងអស់ត្រូវចេះអំណត់តស៊ូខិតខំរៀនសូត្រឱ្យបានខ្ពង់ខ្ពស់ បំពេញការងារដែលខ្លួនមានឱ្យរួចរាល់ កុំប្រើពាក្យចាំសិន ស្អែកហើយស្អែកទៀត ដែលជាការបំផ្លាញពេលវេលា និងអត្ថប្រយោជន៍នៅពេលនេះ និងថ្ងៃអនាគត ហើយក៏ជាការបង្កើតជាទម្លាប់មិនល្អ ជាពិសេសត្រូវធ្វើអ្វីឱ្យបានមុនគេ និងកុំខ្ជិលច្រអូស, នោះជីវិតនិងអនាគតយើងនឹងភ្លឺស្វាងជាក់ជាមិនខាន»។
ការលើកឡើងយ៉ាងដូច្នេះរបស់លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន ក្នុងឱកាសចូលរួមប្រគេនវេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សាចំនួន ៣វត្ដ រួមមាន៖ វត្ដជើងឆ្នុក, វត្ដភ្នំដិល និងវត្ដង៉ិល ស្រុកបាធាយ ខេត្ដកំពង់ចាម នាចុងសប្ដាហ៍នេះ ជាមួយបងស្រីបង្កើតរបស់លោកបណ្ឌិតសភាចារ្យ គឺព្រឹទ្ធមហាឧបាសិកា ម៉ា លន់ នៅស្រុកកំណើតនៃទឹកដីខេត្ដកំពង់ចាម ដោយបានវេនប្រគេននូវទេយ្យទៀនក្នុងមួយវត្ដរួមមាន៖ ទៀនវស្សា ចំនួន ១គូ , អង្ករ ១០០គីឡូក្រាម, មីជាតិ ៥កេស, ត្រីខកំប៉ុង ៣យួរ, ភេសជ្ជៈ ប៉ូវកម្លាំង ៦កេស, ទឹកបរិសុទ្ធ ៣កេស, សាដក ១សម្រាប់, ទៀនក្រមួន ១គីឡូ និងប្រគេនចង្ហាន់សម្រាប់ព្រះសង្ឃផងដែរ។ សម្រាប់បច្ច័យកសាងក្នុងមួយវត្ដ ចំនួន២លានរៀល ព្រះចៅអធិការវត្ដក្នុងមួយអង្គ ៣០ម៉ឺនរៀល។
នៅក្នុងឱកាសនោះលោកបណ្ឌិតសភាចារ្យ បានបួងសួងចំពោះព្រះរតនត្រ័យសូមឱ្យប្រជាពលរដ្ឋ និងប្រទេសជាតិប្រកបដោយសេចក្តីសុខសេចក្តីចម្រើនជាបន្តទៀត ជាពិសេសសម្តេចបានបួងសួងសូមឱ្យវីរយុទ្ធជននៅក្នុងសមរភូមិមុខ ទទួលបាននូវសុខសុវត្ថិភាពឈ្នះអស់មារសត្រូវក្នុងបុព្វហេតុដ៏ឧត្តុង្គឧត្តមការពារបូរណភាពទឹកដី។ លោកបណ្ឌិតសភាចារ្យក៏បានឧទ្ទិសមហាកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនវីរយុទ្ធជនអ្នកស្នេហាជាតិ ព្រមទាំងវិញ្ញាណក្ខន្ធញាតិសាលោហិតទាំង៧សណ្ដាន ដែលបានចែកឋានទៅកាន់បរលោកខាងមុខហើយនោះ សូមវិញ្ញាណក្ខន្ធអ្នកទាំងអស់បានសោយសុខក្នុងឋានដ៏ខ្ពង់ខ្ពស់និងក្នុងសុគតិភពកុំបីឃ្លៀងឃ្លាតឡើយ។
សូមជម្រាបថាក្នុងឱកាសប្រគេនទៀនព្រះវស្សា និងទេយ្យទាន ដល់ព្រះសង្ឃគង់ចាំព្រះវស្សា ចំនួន៣វត្ដខាងលើនេះ លោកបណ្ឌិតសភាចារ្យ ម៉ា ឈឿន និងព្រឹទ្ធមហាឧបាសិកា ម៉ា លន់ ក៏បានធ្វើបុណ្យចែកទានដល់លោកតា លោកយាយ លោកអ៊ុំ លោកពូ អ្នកមីង នៅក្នុងស្រុកភូមិ ដោយថវិកាក្នុងម្នាក់ ចំនួន ៤ម៉ឺនរៀល រួមមានក្រណាត់ស ក្រមា សារុងជាដើម ព្រមទាំងអាហារដ៏ឈ្ងុយឆ្ងាញ់មួយពេលទៀតផង៕












































