ក្រុមការងារយុវជនស្មគ្រចិត្តក្រុងធានជីង បំពេញទស្សនកិច្ចសិក្សាឈ្វេងយល់អំពីការអភិវឌ្ឍភូមិគំរូមិត្តភាពកម្ពុជា-ចិន (ភូមិតានន)
26-07-2026 17:40
(ស្រុកបាទី)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ ក្រុមការងារយុវជនស្មគ្រចិត្តមកពីក្រុងធានជីង ប្រទេសចិន បានអញ្ជើញបំពេញទស្សនកិច្ចសិក្សា ឈ្វេងយល់អំពីការអភិវឌ្ឍមិគំរូមិត្តភាពកម្ពុជា-ចិន (ភូមិតានន) ស្ថិតនៅឃុំដូង ស្រុកបាទី ខេត្តតាកែវ ដែលជាគម្រោងអភិវឌ្ឍន៍សហគមន៍ដ៏ជោគជ័យមួយ ក្រោមកិច្ចសហប្រតិបត្តិការរវាងវេទិកាសម្ព័ន្ធសង្គមស៊ីវិល (វ.ស.ស.) និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ។
ក្នុងឱកាសនៃដំណើរចុះបំពេញទស្សនកិច្ចសិក្សានេះ លោកស្រី សោម បូរិន ជំទប់ទី១ឃុំដូង និងលោក ប៉ាង សាម៉ឺឌី មេភូមិតានន បានធ្វើបទបង្ហាញ ជូនគណៈប្រតិភូចិនអំពីការប្រែប្រួលមុខមាត់របស់ភូមិ ដែលពីមុនជាភូមិក្រីក្រខ្វះខាតហេដ្ឋារចនាសម្ព័ន្ធ និងសេវាសាធារណៈ មកក្លាយជាភូមិ ដែលមានការអភិវឌ្ឍលើវិស័យជាច្រើន ដូចជា អគារពហុបំណង អគារសាលារៀន១ខ្នង ផ្លូវបេតុងជាង៣០០០ម៉ែត្រ ប្រព័ន្ធទឹកស្អាត អគ្គិសនីបំភ្លឺ អនាម័យ ដើមឈើលម្អផ្លូវនិងភូមិ បរិស្ថាន និងការលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ។ ការផ្លាស់ប្តូរជាវិជ្ជមាននេះ បានកើតឡើង តាមរយៈកិច្ចសហការយ៉ាងជិតស្និទ្ធរវាង វ.ស.ស. និងមូលនិធិចិនដើម្បីសន្តិភាពនិងការអភិវឌ្ឍ ដែលបានចាប់ផ្តើមអនុវត្តគម្រោងចាប់តាំងពីឆ្នាំ២០២១មក។
ជំនួសមុខឱ្យក្រុមការងារយុវជនស្មគ្រចិត្តក្រុងធានជីង លោកស្រី Li Ai បានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផល និងវឌ្ឍនភាពដែលភូមិតាននសម្រេចបាន ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមក។ លោកស្រីបានលើកឡើងថា ភូមិតានន គឺជាគំរូដ៏ល្អមួយនៃកិច្ចសហប្រតិបត្តិការរវាងប្រជាជននិងប្រជាជន ហើយបានបង្ហាញពីប្រសិទ្ធភាពនៃការចូលរួមរបស់អង្គការសង្គមស៊ីវិលក្នុងការអភិវឌ្ឍសហគមន៍។ លោកស្រីក៏បានបញ្ជាក់ពីការបន្តគាំទ្រការពង្រឹង កិច្ចសហការរវាងសង្គមស៊ីវិលនៃប្រទេសកម្ពុជានិងប្រទេសចិន ដើម្បីរួមចំណែកលើកកម្ពស់ការអភិវឌ្ឍប្រកបដោយចីរភាព និងការផ្លាស់ប្តូរបទពិសោធ រវាងយុវជននៃប្រទេសទាំងពីរ។
ដោយទទួលបានការចង្អុលបង្ហាញពីឯកឧត្តម កឹមរ័ត្ន វិសិដ្ឋ រដ្ឋលេខាធិការទីស្តីការគណៈរដ្ឋមន្រ្តី និងជាប្រធានក្រុមប្រឹក្សាភិបាល វ.ស.ស. លោក ជា មុនីឫទ្ធិ បានធ្វើបទបង្ហាញជូនគណៈប្រតិភូអំពីផែនការសកម្មភាពអភិវឌ្ឍន៍ភូមិសម្រាប់រយៈពេលពីរឆ្នាំបន្តទៀត ដោយផ្តោតលើការពង្រឹងជីវភាពប្រជាពលរដ្ឋ ការអភិវឌ្ឍធនធានមនុស្ស ការលើកកម្ពស់បរិស្ថាន ការអប់រំ និងសុខុមាលភាពសហគមន៍។ ទន្ទឹមនឹងនេះ លោកក៏បានលើកឡើងអំពីទិសដៅសកម្មភាព សម្រាប់ឆមាសទី២ ឆ្នាំ២០២៦ ដែលនឹងបន្តពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូចិននិងអង្គភាពពាក់ព័ន្ធ ដើម្បីធានាឱ្យភូមិតាននក្លាយជាគំរូ នៃការអភិវឌ្ឍសហគមន៍ប្រកបដោយនិរន្តរភាព និងជានិមិត្តរូបនៃមិត្តភាពដ៏រឹងមាំរវាងកម្ពុជានិងចិន។
ដំណើរទស្សនកិច្ចនេះ បានបង្ហាញឱ្យឃើញអំពីការយកចិត្តទុកដាក់និងការបន្តពង្រឹងទំនាក់ទំនងមិត្តភាពរវាងយុវជននិងអង្គការសង្គមស៊ីវិលនៃប្រទេសទាំងពីរ ព្រមទាំងបានរួមចំណែកលើកកម្ពស់ការផ្លាស់ប្តូរបទពិសោធក្នុងការអភិវឌ្ឍសហគមន៍ ដើម្បីជាប្រយោជន៍ដល់ប្រជាពលរដ្ឋនិងការអភិវឌ្ឍរួមនាពេលអនាគត ស្របតាមកិច្ចកសាងសហគមន៍ជោគវាសនារួមកម្ពុជា-ចិនគ្រប់រដូវកាលក្នុងយុគសម័យថ្មី៕
វិទ្យុមិត្តភាពកម្ពុជាចិន























