កម្លាំងគណៈបញ្ជាការឯកភាពខេត្តបន្ទាយមានជ័យ បន្តប្រតិបត្តិការចុះត្រួតពិនិត្យ៤ទីតាំងទៀត សង្ស័យជាប់ពាក់ព័ន្ធ Online Scams រកឃើញជនបរទេស៨៨នាក់

26-07-2026 19:18

(បន្ទាយមានជ័យ)៖ នៅថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០២៦ លោក ប្រាក់ ប៉ូលី អភិបាលរងខេត្តបន្ទាយមានជ័យ បានដឹកនាំក្រុមការងារចម្រុះ សម្របសម្រួលនីតិវិធីដោយលោក មុត សម្បត្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្ត បានចុះត្រួតពិនិត្យទីតាំងចំនួន៤ ស្ថិតក្នុងភូមិសាស្ត្រក្រុងប៉ោយប៉ែត រកឃើញជនបរទេសសរុបចំនួន៨៨នាក់ ស្រី៣៩នាក់ ២សញ្ជាតិ ថៃ៨៧នាក់ស្រី៣៩នាក់ ឡាវ១នាក់ប្រុស និងខ្មែរ៩នាក់ស្រី៤នាក់។

ប្រតិបត្តិការនេះក្រោមការដឹកនាំពីលោក អុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ និងលោក កើត វណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ។

របាយការណ៍បានបញ្ជាក់ថា៖

+ទីតាំងទី១ (ម្ចាស់ ថោង សំណាង) អគារកម្ពស់៦ជាន់ ៧០បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន២៦នាក់ ស្រី១៤នាក់ បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ។ ទីតាំងពុំមានសម្ភារសង្ស័យ។

+ទីតាំងទី២ អគារកម្ពស់៤ជាន់ ៣០បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិសាមគ្គីមានជ័យ សង្កាត់អូរជ្រៅ ពុំមានជនបរទេស ពុំមានសម្ភារសង្ស័យ។

+ទីតាំងទី៣ (ម្ចាស់ ហាក់ ទិដ្ឋាការ) អគារកម្ពស់៩ជាន់ ៨៨បន្ទប់ ជាបន្ទប់ស្នាក់នៅ ស្ថិតនៅភូមិប៉ោយប៉ែត សង្កាត់អូរជ្រៅ មានជនជាតិថៃស្នាក់នៅចំនួន៦២នាក់ ស្រី២៥នាក់ ២សញ្ជាតិ ថៃ៦១នាក់ស្រី២៥នាក់ និងឡាវ១នាក់ប្រុស បច្ចុប្បន្នកំពុងបម្រើការងារនៅកាស៊ីណូ ហូលីដេ ទីតាំងពុំមានសម្ភារសង្ស័យ។

+ទីតាំងទី៤ ផ្ទះ១ល្វែង កម្ពស់៣ជាន់ ១០បន្ទប់ ស្ថិតនៅភូមិបាលិលេយ្យ១ សង្កាត់ប៉ោយប៉ែត មានអ្នកគ្រប់គ្រងទីតាំងឈ្មោះ លី សុខុន ភេទប្រុស។

រកឃើញជនជាតិខ្មែរ៩នាក់ស្រី៤នាក់ ទីតាំងមានសម្ភារៈសង្ស័យមួយចំនួនរួមមាន កុំព្យូទ័រ All-in-one ចំនួន១១គ្រឿង។

ជនសង្ស័យ៩នាក់ និងអ្នកគ្រប់គ្រង១នាក់ ត្រូវនាំទៅសាកសួរនៅអធិការដ្ឋាននគរបាលក្រុង។

-កម្លាំងជំនាញ វេចខ្ចប់វត្ថុតាង យកទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីបន្តនីតិវិធីហើយបិទទីតាំងជាបណ្ដោះអាសន្ន។