រដ្ឋមន្រ្តីសុខាភិបាល ជំរុញលើកទឹកចិត្ត និងគាំទ្រដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យជ័យវរ្ម័នទី៧ សៀមរាប ដែលតែងពង្រឹងសមត្ថភាពជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម

06-08-2026 11:50

(សៀមរាប)៖ លោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអញ្ជើញចុះពិនិត្យការបម្រើសេវាព្យាបាលជំងឺកុមារ និងពិនិត្យស្ថានភាពអ្នកជំងឺគ្រុនឈាម នៅផ្នែកសង្គ្រោះ ដើម្បីគាំទ្រនិងសួរសុខទុក្ខថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យដែលបានខិតខំបម្រើសេវាជូនដល់កុមារ ជាពិសេសជំងឺគ្រុនឈាម ដោយផ្តោតពីជាចម្បងសំខាន់បំផុត គុណភាព សុវត្ថិភាព ប្រសិទ្ធភាព ក្នុងការថែទាំព្យាបាលជំងឺគ្រុនឈាម។

ក្នុងឳកាសចុះពិនិត្យការបម្រើសេវាសុខាភិបាល នាថ្ងៃពុធ ទី៥ ខែសីហា ឆ្នាំ២០២៦ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី កោតសរសេីរដល់ក្រុមគ្រូពេទ្យមន្ទីរពេទ្យ ដែលបានជួយសង្រ្គោះកុមារនៅកម្ពុជា ប្រកបដោយក្តីករុណា គុណភាព និងក្តីសង្ឃឹម។

លោកសាស្រ្តាចារ្យរដ្ឋមន្រ្តី បានថ្លែងអំណរគុណ និងគាំទ្រនូវភាពរឹងមាំ របស់ក្រុមគ្រូពេទ្យ និងតម្កល់មន្ទីរពេទ្យជ័យវរ្ម័នទី៧ ជាមន្ទីរពេទ្យខ្ពស់បំផុត ជួយសង្រ្គោះកុមារអ្នកជំងឺគ្រុនឈាមនេះ។

ជាមួយគ្នាលោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានគាំទ្រដល់មន្ទីរពេទ្យ ក្នុងការពង្រឹង និងលើកស្ទួយគុណភាពសង្រ្គោះកុមារឱ្យកាន់តែប្រសើរ ធានាធ្វើយ៉ាងណាឱ្យកុមារគ្រប់រូប មានឱកាសទទួលបានការព្យាបាលប្រកបដោយគុណភាព និងសមធម៌។

ទន្ទឹមនឹងនេះដែរលោកសាស្រ្តាចារ្យ បានជំរុញដល់ មជ្ឈមណ្ឌលជាតិទទួលបន្ទុកជំងឺគ្រុនឈាម រួមជាមួយក្រុមគ្រូពេទ្យ ត្រូវជំរុញការការពារ ការអប់រំសុខភាព និងកាត់ផ្តាច់ការចម្លងជំងឺគ្រុនឈាម ដោយសហការគ្នាឱ្យបានស្និតរមួតជាមួយមន្ទីរពេទ្យគន្ធបុប្ផា និងអាជ្ញាធរមូលដ្ឋាន។

ឆ្លៀតឱកាសនេះដែរ ជាថ្ងៃបិទវគ្គបណ្តុះបណ្តាលពង្រឹងសមត្ថភាព តាមរយៈការសិក្សាបែបអនុវត្តជាក់ស្តែង ក្នុងមន្ទីរពេទ្យជ័យវរ្ម័នទី៧ លោកសាស្រ្តាចារ្យរដ្ឋមន្ត្រី បានជួបសំណេះសំណាលជាមួយសិក្ខាកាមពីខេត្តចំនួន៥ សៀមរាប កំពង់ធំ ព្រះវិហារ បន្ទាយមានជ័យ និងបាត់ដំបង ព្រមទាំងលោកគ្រូអ្នកគ្រូបង្គោល នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧។

លោកសាស្រ្តាចារ្យ បានវាយតម្លៃខ្ពស់ដល់សិក្ខាកាម ដែលបានចូលរួមសិក្សា និងផ្តល់អនុសាសន៍ល្អៗមួយចំនួនពាក់ព័ន្ធនឹងបច្ចេកទេសនៃការព្យាបាល និងថែទាំអ្នកជំងឺគ្រុនឈាម ព្រមទាំងណែនាំឲ្យយកចំណេះដឹងដែលបានសិក្សានេះ ចែករំលែកបន្តជូនដល់ក្រុមការងារនៅតាមបណ្តាខេត្តនីមួយៗ៕