តំណាងឧបនាយករដ្ឋមន្ដ្រី អូន ព័ន្ធមុនីរ័ត្ន ប្រាប់សិស្សត្រៀមប្រឡងបាក់ឌុបថា រាជរដ្ឋាភិបាលបានវិនិយោគ និងចំណាយថវិការជាតិ យ៉ាងច្រើនលើសលុប ដើម្បីគាំទ្រពង្រឹងគុណភាពក្នុងវិស័យអប់រំ

06-08-2026 13:29

(កណ្ដាល)៖ លោក ជាប ដាវុធ អនុប្រធានក្រុមការងារាជរដ្ឋាភិបាល ចុះមូលដ្ឋានស្រុកល្វាឯម និងក្រុងអរិយក្សត្រ និងជាប្រធានចលនាយុវជនក្រុងអរិក្សត្រ​ និងស្រុកល្វាឯម តំណាងអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល បានលើកឡើងថា ជុំវិញវិស័យអប់រំ រាជរដ្ឋាភិបាល បានវិនិយោគ និងចំណាយថវិការជាតិយ៉ាងច្រើនលើសលុប ដើម្បីគាំទ្រ ពង្រឹងគុណភាព និងគាំទ្រសេវាអប់រំ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដើម្បីបង្កើតអភវិឌ្ឍន៍ធនធានមនុស្សប្រកប ដោយសក្តានុពល ដើម្បីចូលរួមអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែរីកចម្រើន។

ការលើកឡើងបែបនេះ នៅក្នុងពិធីសំណេះសំណាល ជាមួយសិស្សានុសិស្ស ១១៤២នាក់ ជាបេក្ខជនត្រូវប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ និងលោគ្រូអ្នកគ្រូ ស្ថិតក្នុងក្រុងស្រុកល្វាឯម និងក្រុងអរិយក្សត្រ ខេត្តកណ្តាល នៅថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៦។

លោក ជាប ដាវុធ បន្តថា ការសិក្សារៀនសូត្រ មិនត្រឹមតែត្រូវអនុវត្តបន្តពេញមួយជីវិតប៉ុណ្ណោះទេ ប៉ុន្តែគឺជាការងារមួយតម្រូវឲ្យមាន ការលើកកម្ពស់ និងអភិវឌ្ឍន៍គ្មានទីបញ្ចប់ ដើម្បីផលិតនូវធនធានមនុស្សប្រកបដោយគុណភាព ឆ្លើយតបទៅនឹងទីផ្សារការងារ និងការឆ្លើយតបទៅនឹងបរិការណ៍នៃសកលភាវូបនីយកម្មរីកចម្រើន។ ស្ថិតក្នុងស្មារតីនេះ ការអប់រំល្អ គឺជាកូនសោរសម្រាប់ដោះស្រាយ នូវរាល់បញ្ហាសង្គម និងសេដ្ឋកិច្ចជាតិយ៉ាងសំខាន់ ជាពិសេសដើម្បីជីវភាពនៃការរស់នៅរបស់ខ្លួន។

ដូច្នេះសិស្សានុសិស្សទាំងអស់ ត្រូវយកចិត្តទុកដាក់ខិតខំរៀនសូត្រ និងត្រូវធ្វើខ្លួនឲ្យទៅជាទំពាំងដ៏ល្អ សម្រាប់ខ្នងឫស្សី កុំធ្លាក់ចុះក្នុងអបាយមុខ និងចៀសវាងពីគ្រឿងញៀន ដែលបង្ករអស្ថេរភាពក្នុងគ្រួសារនិងសង្គម ជាហេតុធ្វើឲ្យវិនាសអន្តរាយដល់ខ្លួនឯង និងអ្នកដទៃ ដែលសង្គមជាតិកំពុងស្អប់ខ្ពើម ពោលគឺត្រូវធ្វើជាឫស្សីដ៏រឹងមាំ ត្រង់ល្អ បរិសុទ្ធ មិនវៀចវេរ ធ្វើឲ្យសង្គមគ្រួសារ និងសង្គមជាតិ ពឹងពាក់ទៅអនាគត។

លោក ​ជាប ដាវុធ បានបញ្ជាក់ថា ឈរលើមូលដ្ឋានដ៏រឹងមាំនៃសុខសន្តិភាពពេញផ្ទៃប្រទេស ដែលសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បាននាំមកជូនប្រទេសជាតិ និង ប្រជាជន តាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលមានរយៈពេលជាច្រើនឆ្នាំកន្លងទៅ, រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា, ក្រោមការដឹកនាំដ៏ស្វាហាប់ និងឈ្លាសវៃ ប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា, ដែលជាអគ្គមគ្គុទ្ទេសក៍វ័យក្មេងដ៏ឆ្នើម, ពោរពេញដោយសមត្ថភាព, ចំណេះដឹង និង ថាមពល, បាន និងកំពុងបន្តខិតខំ បំពេញបេសកកម្មបម្រើជាតិ និង ប្រជាជន ដោយមិនខ្លាចការនឿយហត់ និង ដោយស្មារតីទទួលខុសត្រូវខ្ពស់បំផុត ចំពោះជោគវាសនា របស់ប្រទេសជាតិ និង ប្រជាជន។

ជាក់ស្តែង, ក្នុងសង្គ្រាមឈ្លានពានទឹកដីរបស់ប្រទេសថៃ សម្ដេចតេជោ ហ៊ុន សែន និងសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានយកអស់កម្លាំងកាយ-ចិត្ត និង ប្រាជ្ញា-ស្មារតី ក្នុងការបំពេញតួនាទី និង ភារកិច្ច យ៉ាងសកម្មបំផុត, ទាំងនៅក្នុងប្រទេស និង ក្រៅប្រទេស, ជាមួយការទូតក្នុងការស្វែងរកដំណោះស្រាយ លើបញ្ហាដែលកំពុងកើតមានឡើង ដោយសន្តិវិធីតាមរយៈនយោបាយការទូតនិងច្បាប់ពិសេសកម្ពុជា បាននឹងកំពុងធ្វើការជាមួយភាគីពាក់ព័ន្ធទាំងអស់ រួមមានសហរដ្ឋអាមេរិកប្រទេសចិន បណ្ដាប្រទេសអាស៊ាន និងអង្គការអន្តរជាតិនានាជាច្រើនទៀត កម្ពុជាប្រកាន់យកគោលការណ៍សន្តិភាពគោលការណ៍ច្បាប់ មិនមែនគោលការណ៍ហិង្សា និងសង្គ្រាមទេយើងមិនចង់ច្បាំងមិនចង់ធ្វើសង្គ្រាមទេ ព្រោះកម្ពុជាឆ្អែតឆ្អន់ និងសង្គ្រាមប៉ុន្តែយើងត្រូវបង្ខំចិត្តច្បាំងនៅពេលដែលគេឈ្លានពានយើង ដូចពេលនេះយើងត្រូវរក្សាសិទ្ធិការពារខ្លួននិងការពារប្រជាជនយើងឲ្យខានតែបាន។ យើងទាំងអស់សូមថ្លែងអំណរគុណយ៉ាងជ្រៀលជ្រៅបំផុត ដល់វិរ:កងទ័ពជួរមុខដែលបានយកអាយុជីវិតទៅការពារទឹកដីជាតិមាតុភូមិយើងបានគង់វង្ស។

លោក ជាប ដាវុធ បានគូសរំលេចនូវស្នាដៃ និងសមិទ្ធផលការងារធំៗមួយចំនួន របស់សម្តេចធិបតី នាយករដ្ឋមន្រ្តី ដោយសង្ខេប ដូចខាងក្រោម៖

ក-ការដាក់ចេញនូវគោលនយោបាយ និង យន្តការការងារ ព្រមទាំង ការជំរុញកិច្ចការអាទិភាពសំខាន់ៗ
ទី១-ការដាក់ចេញ នូវ យុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី ១ ដើម្បី កំណើន, ការងារ, សមធម៌, ប្រសិទ្ធភាព និង ចីរភាព, ដោយកំណត់យក អាទិភាពគន្លឹះ ចំនួន ៥ គឺ៖ «មនុស្ស, ផ្លូវ, ទឹក, ភ្លើង, និង បច្ចេកវិទ្យា, ជាពិសេស គឺ បច្ចេកវិទ្យាឌីជីថល» ដើម្បីឆ្លើយតបទៅនឹងបដិវត្តឧស្សាហកម្មទី ៤ និង បរិវត្តកម្មឌីជីថលនៃសេដ្ឋកិច្ច និង សង្គមកម្ពុជា ក៏ដូចជាឆ្លើយតប នឹងតម្រូវការ ក្នុងការលើកកម្ពស់ផលិតភាព សេដ្ឋកិច្ច ដែលជាគ្រឹះ និង ជាមធ្យោបាយដ៏សំខាន់ នៃការសម្រេចបាននូវ ចក្ខុវិស័យកម្ពុជា ឆ្នាំ២០៥០។ យុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ឆ្លុះបញ្ចាំងយ៉ាងច្បាស់ នូវរបៀបវារៈគោលនយោបាយសង្គម-សេដ្ឋកិច្ចកម្ពុជា សម្រាប់អនុវត្ត កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាល នីតិកាលទី ៧ នៃរដ្ឋសភា ក្នុងរយៈពេល ៥ ឆ្នាំ ខាងមុខ។

នៅក្នុងឱកាសនោះ លោក ជាប ដាវុធ បានយកនៅថវិការបស់អគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ចែកជូនដល់សិស្សចំនួន១,១៤២នាក់ ក្នុងម្នាក់ទទួលបានថវិកា១០ម៉ឺនរៀល សម្រួលក្នុងកាប្រឡង និងឧបត្ថមថវិកាចំនួនប្រមាណ៣៧លានរៀល ដល់លោកគ្រូសំរាប់ការបង្រៀនបំប៉នផងដែរ៕